ព័ត៍មានទាន់​ហេតុការណ៏
Search

ភាគហ៊ុន​សាកលធ្លាក់ចុះ ​ប្រាក់​ដុល្លារ​ចុះខ្សោយ​ និង​ផលិតផល​សរុប​ក្នុងស្រុក​របស់​អា​មេរិ​ក​ធ្លាក់ចុះ​ដោយសារ​បម្រាម​អំពី​បញ្ហា​អន្តោប្រវេសន៍​របស់លោក ត្រាំ​

ផ្សារ​ហ៊ុន​អា​ស៊ី និង​ភាគហ៊ុន Futures របស់​អា​មេ​រិ​ក បាន​ធ្លាក់ចុះ​នៅក្នុង​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមករា បន្ទាប់ពី លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដាក់ចេញ​បទបញ្ជា​ទប់​បញ្ហា​អន្តោប្រវេសន៍​ដែល​បានធ្វើ​ឲ្យ​ផ្ទុះ ឡើង​នូវ​ការរិះគន់​នៅក្នុង​ស្រុក និង​នៅក្រៅ​ប្រទេស​និង​បន្ថែម​ការភ័យខ្លាច​ថា នយោបាយ​លើកដំបូង​របស់​អា​មេ​រិ​ក​អាច​បង្ហាញ​ឲ្យ​ឃើញថា​ធ្វើ​ឲ្យ​មាន​អស្ថេរភាព​ដល់​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភព លោក​។

​ ​លោក​ត្រាំ កាលពី​ថ្ងៃ​សុក្រ បាន​បញ្ឈប់​មិន​ឲ្យ​ជនភៀសខ្លួន​ចូលមក​អាមេរិ​ក រយៈពេល​១២០​ថ្ងៃ និង​បាន​ហាម​ដោយ​គ្មាន​ការ​កំណត់ពេល​ចំពោះ​ជនភៀសខ្លួន​មកពី​ប្រទេសស៊ីរី និង​ហាម​ពលរដ្ឋ​មកពី ប្រទេសអ៊ី​រ៉ង់ អ៊ីរ៉ា​ក់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ីរី និង​យេ​មែន រយៈពេល​៩០​ថ្ងៃ​។ បទបញ្ជា​ប្រតិបត្តិ​នេះ បាន​បណ្តាល​ឲ្យ​មានការ​ឃុំ​ខ្លួន​ និង​ការ​និរទេស​មនុស្ស​រាប់រយ​នាក់ ដែល​បាន​មកដល់​ព្រលានយន្តហោះ​របស់​អា​មេ​រិ​ក និង​ការធ្វើ​បាតុកម្ម​ដ៏​ធំ​សម្បើម​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​អាមេ​រិ​ក ព្រមទាំង​ការប្រឆាំង​តាមផ្លូវ​ច្បាប់​ជាច្រើន​នៅ​ចំពេល​មាន​ភាពច្របូកច្របល់​ស្តីអំពី​ការអនុវត្តន៍​នោះ​។

​ ​លោក ត្រាំ​បាន​ការពារ​ទង្វើ​របស់​លោក​ថា វា​សំខាន់​ចំពោះ​សន្តិសុខ​របស់​អាមេ​រិ​ក ប៉ុន្តែ​ពួក​អ្នក​រិះគន់​របស់លោក​បាន​និយាយថា សកម្មភាព​របស់លោក​បាន​រំលោភច្បាប់​របស់​អា​មេ​រិ​ក និង​រដ្ឋធម្មនុញ្ញ​។ ស​ន្ទ​ស្សន៍​ដ៏​ទូលំទូលាយ​បំផុត​របស់ MSCI របស់​ភាគហ៊ុន​អា​ស៊ីប៉ា​ស៊ីហ្វិ​ក នៅ​ខាងក្រៅ​ប្រទេស​ជប៉ុន បាន​ធ្លាក់ចុះ​០,៤​ភាគរយ​នៅក្នុង​ការជួញដូរ​ដ៏​ខ្សោយ​នៅក្នុង​ថ្ងៃ​ឈប់សម្រាក​។ភាគហ៊ុន​របស់​អូស្ត្រាលី បាន​ធ្លាក់ចុះ​ជាង​១​ភាគរយ ចំណែក​ភាគហ៊ុន​នៅ ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន បាន​ថយក្រោយ​០,៦​ភាគរយ​។

​ ​ភាគហ៊ុន Nikkei របស់​ជប៉ុន​បាន​ពង្រីក​ការ​ខាត​រហូតដល់​០,៧​ភាគរយ​ដោយសារ​តម្រូវការ​ចំពោះ​ប្រាក់​យ៉េ​ន ដែលជា​ជម្រក​សុវត្ថិភាព​បានធ្វើ​ឲ្យ​ព្រួយបារម្ភ​ដល់​ក្រុមហ៊ុននាំចេញ​។ ដោយ​ចង្អុល​ទៅរក​ពេល​បើក​ដ៏​ខ្សោយ​របស់​ផ្សារ​ហ៊ុន Wall Street ស​ន្ទ​ស្សន៍​ផ្សារ​ហ៊ុន S & P e-minifutures , Dow Futures and Nasdaq Futures ទាំងអស់នេះ បាន​ធ្លាក់ចុះ​ប្រហែល​០,៣​ភាគរយ​។ លោក James Woods អ្នកវិភាគ​សកល​នៅ Rivkin Securities នៅ​ទីក្រុង​ស៊ី​ដ​នី​បាន​និយាយថា “​លោក ត្រាំ តែងតែ​និយាយថា ទាំងនេះ​គឺជា​នយោបាយ​ដែល​លោក​នឹង​អនុវត្ត​។ នេះ​បង្ករឲ្យ​មានការ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ជាមួយ​ប្រទេស​ចិន ដែល​នឹង​ជះឥទ្ធិពល​ដ៏​សំខាន់​ទាំង​នៅ​អា​ស៊ី និង​ទាំង​នៅក្នុង​សេដ្ឋកិច្ច​សកល​“​។ លោក Woods បាន​បន្តថា “​ការ គំរាម​ដ៏​ធំ​បំផុត​ចំពោះ​ទីផ្សារ​នៅពេលនេះ គឺ​ប្រសិនបើ​លោក ត្រាំ បន្ត​ដើរ​តាមផ្លូវ​គាំពារ​និយម​ដោយ​ពុំមានការ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​នយោបាយ​សេដ្ឋកិច្ច​នោះ​“​

​ ​ប្រទេស​ជាច្រើន​រួមទាំង​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ជា​យូរ​មកហើយ​នោះ​ផង​បាន​រិះគន់​នយោបាយ​របស់លោក​ត្រាំ ថា​ជាការ​រើស​អើ​​ង ​​ជាការ​បែងចែក ​និង​ប្រជាជន​រាប់ពាន់​នាក់មក​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​ទាំងឡាយ​របស់​អា​មេរិ​ក​និង​នៅតាម​ព្រលានយន្តហោះ កាលពី​ថ្ងៃអាទិត្យ​ទី​២៩ ខែមករា ដើម្បី​សម្តែង​ចេញ​នូវ​កំហឹង​របស់​ពួកគេ​។

​ ​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ ដែល​តាមដាន​ប្រាក់​ដុល្លារ ទល់នឹង​ក្រុម​រូបិយប័ណ្ណ​ដែលមាន​ឋានៈ​ស្មើគ្នា បាន​ធ្លាក់ចុះ​ប្រហែល​០,៣​ភាគរយ​ទៅដល់​១០០.២១​នៅក្នុង​ការជួញដូរ​នៅ​អា​ស៊ី។ ប្រាក់​ដុល្លារ​ក៏បាន​ចុះខ្សោយ​ជិត​០,៧​ភាគរយ​ទៅដល់​១១៤,៣១​យ៉េន កាលពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ ចេញពី​ការ​ឡើងដល់​កម្រិត​ខ្ពស់​មួយ​សប្តាហ៍​កាលពី​ថ្ងៃ​សុក្រ​។ បន្ថែម​ទៅលើ​សម្ពាធ​របស់​ផ្សារ​ហ៊ុន​នេះ ទិន្នន័យ​កាលពី​ថ្ងៃ​សុក្រ​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​អា​មេ​រិ​កមាន​សភាព​យឺត​ជាង​ការរំពឹងទុក​នៅក្នុង​ត្រីមាស​ទី​៤ ជាមួយ​ទិន្នផល​សរុប​ក្នុងស្រុក (GDP) កើនឡើង​១,៩​ភាគរយ​នៅក្នុង​អត្រា​ប្រចាំឆ្នាំ នៅ​ខាងក្រោម​ការកើនឡើង​២,២​ភាគរយ​ដែល​រំពឹងទុក​ដោយ​ពួក​អ្នកសេដ្ឋកិច្ច​ និង​ជំហាន​កំណើន​៣,៥​ភាគរយ​ចាប់ផ្តើម​នៅក្នុង​ត្រីមាស​ទី​៣៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114