ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹកសាប ​ចេញ​ប្រតិបត្តិ​ការ លើក​ទី​២

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយក​ដ្ឋាន​នគរបាល​សេ​ដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ បាន​ជូន​ដំណើរ​កងកម្លាំង​ចម្រុះរ​បស់​អន្តរក្រសួង​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ដង​ទន្លេសាប​ ដើម្បី​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នេសាទ​លើ​ផ្ទៃ​ទន្លេសាប​ ដែល​កំពុង​ញាំញី​ ដោយ​បទល្មើស​ធំៗ​គ្រប់​ប្រភេទ​ស្ទើ​រតែ​ផុត​ពូជ​ត្រី​ល្អៗ​ជាច្រើន​ ដែល​រស់នៅក្នុង​បឹង​ទន្លេសាប ។​

យ៉ាងហោចណាស់មាន​កង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចំនួន​៧០​នាក់ ត្រូវបាន​បញ្ជូនទៅ​កាន់​ដង​ទន្លេសាប​ត្រង់ចំណុច​ខេត្តកំពង់ធំ និង​ខេត្តកំពង់ឆ្នាំង ដែល​រួ​មមាន​កងកម្លាំង​ពី​នាយក​ដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កងកម្លាំង​នាយក​ដ្ឋាន​អន្តរា​គមន៍ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយក​ដ្ឋាន​ជលផល​នៃ​ក្រសួងកសិកម្ម ចែកចេញជា​២​មុខព្រួញ​ឆ្ពោះទៅកាន់​ទន្លេសាប​នៃ​ខេត្ត​ទាំង​២​ខាងលើ ដើម្បី​បោសសម្អាត​បទល្មើស​នេសាទ​លើ​ផ្ទៃ​ទឹកសាប ។​

ក្រុម​ប្រ​តិ​ប​ត្តិ​ការ​ទី​២​នេះ​មាន​កាណូត​ធំ​២​គ្រឿង​ដឹក​កងកម្លាំង​ និង​គ្រឿង​ឧបភោគបរិភោគ​និង​អូប័រ ទូក​ប្រដេញ​ជាច្រើន​គ្រឿង​សម្រាប់ធ្វើ​សកម្មភាព​លើ​ផ្ទៃ​ទន្លេ​ក្នុង​ការធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​ការងារ ។​

លោក​ឧ​ត្ត​ម​សេនីយ៍ ចាន់ វ៉ាន់​ធឿន បាន​ផ្ដាំផ្ញើរ​ឲ្យ​កងកម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹកសាប​ក្រុមទី​២​នេះ យកចិត្តទុកដាក់​បំពេ​ញ​ការងារ​ឲ្យ​បានល្អ​បំផុត​ និង​ប្រសិទ្ធភាព​បំផុត​ដើម្បី​លុបបំបាត់​ចោល​នូវ​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​លើ​ផ្ទៃ​ទឹកសាប។​

កាលពី​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ​ថ្មីៗ​នេះ​ក្រុម​បង្ក្រាប​បទល្មើស​ទី​១​លើ​ដង​ទន្លេសាប ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡុង ស្រេង បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​លើ​ផ្ទៃ​ទឹកសាប​ត្រង់ចំណុច​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ដោយ​ចាប់​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ចំនួន​៤១​នាក់​ បញ្ជូនទៅ​តុលាការ រឹបអូស​ទូក​ម៉ា​ស៊ី​ន​ជាច្រើន​គ្រឿង រួមទាំង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន ដើម្បី​ដុត​កម្ទេចចោល ៕ 

  

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684