ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ជូនពរ ចាន់ វឌ្ឍនាកា ឲ្យ​ជោគជ័យ​ក្នុង​អាជីព​នៅ​ប្រទេស​ជប៉ុន​

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ប្រធាន​ក្រុម​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ជូនពរ​ដល់​មិត្ត​រួម​ជាតិ​គឺ​កីឡាករ ចាន់ វឌ្ឍនាកា សមាជិក ​របស់​បឹងកេត​អង្គរ ឲ្យជោគជ័យ​ក្នុង​ការបន្ត​អាជីព​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន ក្នុង​រដូវ​កាល​ថ្មី​នេះ​។

សំណេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ប្រាក់ មុន្នី​ឧ​ត្ត​ម បញ្ជាក់ថា ​៖ «​សំណាងល្អ​ណា​ប្អូនប្រុស សង្ឃឹមថា​ការចាកចេញ​មួយ​នេះ នឹងធ្វើ​ឲ្យប្អូន​ទទួលបាន​បទពិសោធន៍​ល្អៗ មក​ប្រទេស​យើង​វិញ​។ ពួកយើង​នឹង​ខំប្រឹងប្រែង​ទាំងអស់គ្នា​ដើម្បី​វិស័យ​កីឡាបាល់ទាត់​ប្រទេសជាតិ​របស់​ពួកយើង​»​។ កីឡារ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ចាន់ វឌ្ឍនាកា ជា​ដៃគូ​សំខាន់​នៅលើ​ទីលាន​ពេល​រូបគេ​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​។

ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា ក្រោយពេល​បង្ហាញខ្លួន​ចុងក្រោយ​លើ​ទឹកដី​កម្ពុជា ជាមួយ​ក្រុម​បឹងកេត​អង្គរ ក្នុង​វគ្គ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017​ជាមួយ​ក្រុម Lao Toyota FC របស់​ឡាវ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ថ្មី​នេះ​ក៏បាន​សរសេរ​លា​អ្នកគាំទ្រ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែរ​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​បែក​ពី​អ្នក​ទាំងអស់គ្នា​ តែ​មិន​ប្រា​កដថា​ខ្ញុំ​មិន​វិល​វិញ​នោះទេ​។ តែ​អ្វីដែល​ខ្ញុំ​យំ​ថ្ងៃនេះ​ដោយសារតែ​ខ្ញុំ​មិន​នឹកស្មានថា​មាន​បងប្អូន​មក​គាំទ្រ​ជាច្រើន​មក​ទស្សនា ហើយ​អ្នក​ទាំងអស់គ្នា​នឹង​នៅក្នុង​បេះដូង​ខ្ញុំ​ជានិច្ច​»​

សូម​រំលឹកថា​ កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ចុះកិច្ចសន្យា​ផ្ទេរ​ពី​ក្លិប​បឹងកេត​អង្គរ របស់​កម្ពុជា ទៅ​ចូលរួម​ជាមួយ​ក្លិប​Fujieda MYFC សមាជិក​លី​គ​លំដាប់​ទី​៣​របស់​ជប៉ុន (J3 League) ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល កាលពីពេល​ថ្មីៗ ហើយ​រូបគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ក្លិប​ថ្មី​ក្នុង​ពាក់កណ្ដាល​ខែកុម្ភៈ ខាងមុខនេះ​ពោលគឺ​ក្រោយ​ជួយ​បឹងកេត​អង្គរ ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ទាំង​២​ជើង​រួចរាល់​។​

បើ​និយាយ​ពី​ក្លិប Fujieda MYFC វិញ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Fujieda ខេត្ត Shizuoka ប្រទេស​ជប៉ុន ហើយ​ក្លិប​នេះ​បង្កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៩​ម្ល៉េះ តែមាន​ឈ្មោះ​ចូល​លេង​ក្នុង​ពានរង្វាន់​លំដាប់​ទី​៣​របស់​ជប៉ុន​ត្រឹម​ឆ្នាំ​២០១៤​។ ក្លិប​នេះ​គឺជា​ក្លិប​មួយ​ក្នុងចំណោម​៤​ក្លិប របស់​លី​គ​ទី​៣ ជប៉ុន​ដែល​មិនមាន​កីឡាករ​បរទេស​នោះឡើយ ពោលគឺ​សុទ្ធតែ​កីឡាករ​សញ្ជាតិ​ជប៉ុន ខណៈ​ក្រុម​១២​ផ្សេងទៀត​មាន​កីឡាករ​បរទេស ដូចជា សញ្ជាតិ​ប្រេ​ស៊ី​ល សញ្ជាតិ សឺ​ប៊ី​ជាដើម​។ កីឡាដ្ឋាន​ក្លិប​មាន​ឈ្មោះថា Fujieda Sports Complex Park អាចមាន​លទ្ធភាព​ផ្ទុក​អ្នកទស្សនា​បាន​ដល់​ទៅ ១៣,០០០​នាក់ ។ ក្លិប​Fujieda ប្រកួត​ក្នុង​រដូវ​កាល​២០១៦ ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១៦ ក្លិប ក្រោយ​ប្រកួត​៣០ លើក ឈ្នះ ១៤​លើក ស្មើ ៣​លើក និង​ចាញ់ ១៣​លើក​។ ចំណែក​រដូវ​កាល​ថ្មី​ក្នុង​ពានរង្វាន់ J3 League រដូវ​កាល​ឆ្នាំ​២០១៧​នេះ ទំនង​ចាប់ផ្ដើម​ពី​ខែមីនា តទៅ​៕

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684