ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​លើកលែងទោស​ព្រមាន​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុងប្រទេស​ហ្វីលីពីន​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ប៉ូលិស​ហ្វីលីពីន​ប្រហែលជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​ដោយ​ការសម្លាប់​ជនល្មើស​គ្រឿងញៀន​រាប់ពាន់នាក់ ​ឬ​ផ្តល់ប្រាក់​ទៅ​ឲ្យ​អ្នក​ផ្សេងទៀត​ដើម្បី​សម្លាប់​ដែលជា​ផ្នែក​មួយ​នៃសង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី Rodrigo Duterte ។របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​បានធ្វើ​ឡើង​ក្រោយ​ការស៊ើបអង្កេត ចូលទៅក្នុង​សង្គ្រាម​ថ្នាំញៀន​ក៏បាន​គូសបញ្ជាក់​ផងដែរ​ពីអ្វី​ដែល​ខ្លួន​និយាយថា​គឺជា​ឧក្រិដ្ឋកម្ម​ប៉ូលិស​រីក​រាលដាល​ក្រៅពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ដែលបានកំណត់​គោលដៅ​ជា​ចម្បង​លើ​ជនក្រីក្រ​។


​លោក Rawya Rageh ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​វិបត្តិ​សម្រាប់​អង្គការ​លើកលែងទោស​បាន​ប្រាប់ AFP ថា “​ដោយ​ធ្វើតាម​ការបញ្ជា​ពី​អ្នកមានអំណាច ប៉ូលិស​ និង​ឃាតករ​មិន​ស្គាល់មុខ​បានកំណត់​គោលដៅ​លើ​អ្នក​ដែល​ជាប់​សង្ស័យថា​កំពុង​លក់​ថ្នាំញៀន​”​។​ “​ការស៊ើបអង្កេត​របស់​យើង​បាន​បង្ហាញថា រលក​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​បាន​រីក​រាលដាល​ដោយ​ចេតនា​ និង​ជា​ប្រព័ន្ធ​ហើយ​ដូច្នេះ​វា​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​”​។

​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ពីបទ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់​នេះ អង្គការ​លើកលែងទោស​បាន​ចោទប្រកាន់​ប៉ូលិស​ថា​បាន​បាញ់សម្លាប់​មនុស្ស​គ្មាន​ទីពឹង ប្រឌិត​ភស្តុតាង បង់ប្រាក់​ដល់​ឃាតក​ឲ្យ​សម្លាប់​អ្នកញៀន​ថ្នាំ​ហើយ​លួច​យក​ពី​អ្នក​ដែល​ពួកគេ​បានសម្លាប់ ​ឬ​សាច់ញាតិ​របស់​ជនរងគ្រោះ​។
​គួរបញ្ជាក់​ជាថ្មី​ថា លោក Duterte បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំមុន​បន្ទាប់ពី​បាន​សន្យា​ក្នុងអំឡុងពេល​យុទ្ធនា​ការឃោសនា​ថា​នឹង​លុបបំបាត់​គ្រឿងញៀន​នៅក្នុង​សង្គម​ក្នុងរយៈពេល​ប្រាំ​មួយខែ​ដោយ​ការសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់​។​មាន​ពេល​មួយ​លោក Duterte បាន​ប្តេជ្ញា​ថា មនុស្ស​១០០,០០០​នាក់​នឹងត្រូវ​បានសម្លាប់​ហើយ​សាកសព​ជាច្រើន​នឹងត្រូវ​បាន​បោះចោល​នៅក្នុង​សមុទ្រ​ក្រុង​ម៉ានីល​ដែល​ត្រី​នឹង​ស៊ី​វា​ហើយ​ធំធាត់​ឆាប់រហ័ស​។​លោក Duterte បានចាប់ផ្តើម​ការបង្ក្រាប​របស់លោក​ភ្លាម​ក្រោយពី​ការចូល​កាន់តំណែង​កាលពី​ប្រាំពីរ​ខែ​មុន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114