ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​វគ្គ​ជម្រុះ​បឋម​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ពុធ ដែលមាន​២​គូ​ផ្សេងគ្នា

ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (Hun Sen Cup) រដូវ​កាល​ឆ្នាំ​២០១៧ បាន​ដំណើរការ​ប្រកួត​ដល់​ស​ប្ដា​ហ៍​ទី​៣ ហើយ​ក្នុង​វគ្គ​ជម្រុះ​ដំណាក់កាល​ដំបូង ដោយមាន​គូប្រកួត​២​គូ​ នៅ​លើ​២​ទីលាន​ផ្សេងគ្នា នៅ​រសៀល​ថ្ងៃ​ពុធ ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧។

ជា​លទ្ធផល​គូប្រកួត​ទាំង​២​គូ​នេះ នៅ​ក្នុង​ពូ​ល C ដូចគ្នា​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​ព្រះវិហារ បើកទ្វារ​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន ចាញ់​ក្រុម​ខេត្តកំពង់ធំ ២​ទល់​១ ហើយ​មួយ​គូ​ទៀត​ក្រុម​ម្ចាស់ផ្ទះ​ឧត្តរមានជ័យ ឈ្នះ​ក្រុម​សៀមរាប ២​ទល់​១ នៅ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូម​រំលឹក​ថា ​សម្រាប់​វ​គ្គ​ជម្រុះ​ដំបូង​នៅ​ឆ្នាំ ២០១៧ នេះ​មាន​ក្រុម​ចំនួន ១៥ ចូលរួម​ដោយ​ចែកចេញជា​៦​ពូ​លតា​ម​មណ្ឌល​នីមួយៗ រួមមាន​ពូ​ល​A ខេត្តតាកែវ (​ឡើងជា​ស្វ័យប្រវត្តិ​ទៅ​ដំណាក់កាល​ទី​២) ពូ​ល B ខេត្តព្រៃវែង​, ខេត្តកណ្ដាល និង​ខេត្ត​ត្បូងឃ្មុំ ពូ​ល C ខេត្តកំពង់ធំ​, ខេត្ត​ឧត្តរមានជ័យ​, ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ពូ​ល D ខេត្ត​ប៉ៃលិន​, ខេត្តកំពង់ឆ្នាំង និង​ខេត្តបាត់ដំបង ពូ​ល E ខេត្តកំពត​(​ឡើងជា​ស្វ័យប្រវត្តិ​ទៅ​ដំណាក់កាល​ទី​២)​និង ពូ​ល F ខេត្តស្ទឹងត្រែង និង ខេត្ត​មណ្ឌល​គី​រី​។

វគ្គ​ជម្រុះ​បឋម​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៧ ដោយ​ធ្វើការ​ប្រកួត​ចំនួន ២ ជើង​លក្ខណៈ​វិលជុំ​សន្សំ​ពិន្ទុ​ទៅមក (Home/Away)​។ ក្រុម​លេខ​១ និង​ក្រុម​លេខ ២ ប្រចាំ​ពូ​ល​នីមួយៗ (​ពូ​ល C យក​ដល់​ចំណាត់ថ្នាក់​លេខ​៣) នឹង​បាន​ឡើង​ទៅ​ប្រកួត​នៅ​ដំណាក់កាល​ទី ២ បូករួម​ជាមួយ​ក្រុម​ខេត្ត​កំពត ដែល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ ធ្វើការ​ប្រកួត​ខ្វែង​គ្នា ជម្រុះ​ទៅមក (Home/Away) ក្រុម​ដែល​ចាញ់​ធ្លាក់ និង​ក្រុម​ឈ្នះ​ឡើង​ទៅ​ដំណាក់កាល​ទី​៣ បន្ត។

យោង​តាម​កម្មវិធី​ប្រកួត​ ដែល​កំណត់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត​នៅ​ឆ្នាំនេះ​ប្រើ​ពេល​ជាង​១០​ខែ ចាប់ពី​ថ្ងៃទី ១៨ ខែមករា ដល់​ថ្ងៃទី​១ ខែតុលា ដោយ​បែង​ចែកជា​៥​ដំណាក់កាល​ផ្សេងៗ​គ្នា ខណៈ​ការប្រកួត​ដំណាក់កាល​ទី​១ ចាប់ផ្ដើម​ពីថ្ងៃ​ពុធ ទី​១៨ ខែមករា ឆ្នាំ២០១៧ សប្ដាហ៍​ក្រោយ​នេះ​ហើយ​ស្រប​ពេល​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខ​ខាងមុខ។

ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ នៅ​រក្សា​នៅ​ដដែល ចំណែក​ដំណាក់កាល​ទី​៣ ជា​រូបមន្ត​ថ្មី​ដោយ​បន្ថែម​ពី​ក្រុម​ទាំង​៩ ដែល​លេង​ក្រប​ខណ្ឌ​លី​គ​លំដាប់​ទី​២ លើក​ទី​១ ក្នុង​ឆ្នាំ​២០១៦ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ឡើង​មក​ពី​ដំណាក់កាល​ទី​២​។ សមាជិក​លី​គ​កំពូល​កម្ពុជា​៤​ក្រុម ក៏​ត្រូវ​ចូលរួម​ក្នុង​ដំណាក់​ទី​៣ ផង​ដែរ ដែល​ជា​ក្រុម​បាត​តារាង​កាលពី​រដូវ​កាល​មុន រួមមាន​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​, ស៊ីម៉ាក់​, អាស៊ី​អឺរ៉ុប និង​ក្រុម​វេ​ស្ទើ​ន​។ ដំណាក់កាល​នេះ​ប្រកួត​ចំនួន ២​ជើង ចាប់ពី​ថ្ងៃទី​២ ខែឧសភា​ដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៧។

ចំពោះ​ដំណាក់កាល​ទី​៤ វិញ​តម្រូវ​ឲ្យ​ក្រុម​លីក​កំពូល​កម្ពុជា​កម្ពុជា ៦​ក្រុម (​លេខ​១​ដល់​លេខ​៦ កាលពី​រដូវ​កាល​មុន​) ដែល​ឈរ​ចាំ​រួមមាន​ក្រុម​បឹងកេត​អង្គរ​, ក្រសួងការពារជាតិ​, ណាហ្គា​វើ​ល​, ព្រះខ័ន​រាជ​ស្វាយរៀង​, ភ្នំពេញ​ក្រោ​ន និង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ឡើង​មកពី​ដំណាក់កាល​ទី​៣​។ ប្រកួត​ធ្វើឡើង ២​ជើង​ដូចគ្នា​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៣១ ខែឧសភា ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​។ បន្ទាប់មក​គឺជា​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ ឬ​ដំណាក់កាល​ទី​៥ ដែល​នឹង​ធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​១២ ខែកក្កដា​រហូតដល់​ថ្ងៃទី​០១ ខែតុលា ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114