ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ចាន់ វឌ្ឍនាកា ឈរឈ្មោះ​ជា​ទូត​សុ​ឆន្ទៈ​ដល់​អង្គការ​សង្គ្រោះ​កុមារ​ប្រចាំ​ប្រទេស​កម្ពុជា

មុន​ធ្វើដំណើរ​ទៅ​បន្ត​អាជីព​របស់​ខ្លួន​ប្រទេស​ជប៉ុន កីឡាករ ចាន់ វឌ្ឍនាការ សមាជិក​ក្លិប​បឹង​កេត​អង្គរ និង​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ចុះ​កិច្ចសន្យា​ជាមួយ​អង្គរ​សង្គ្រោះ​កុមារ​ប្រចាំ​ប្រទេស​កម្ពុជា (Save the Children) ធ្វើជា​ទូត​សុ​ឆន្ទៈ ជា​រៀងរហូត​ប្រចាំ​អង្គការ​មនុស្សធម៌​មួយ​នេះ។

​ក្រោយ​ចុះ​កិច្ច​សន្យា​នៅ​ស្នាក់​ការ​របស់​អង្គការ ក្នុង​រាជធានី​ភ្នំពេញ កីឡាករ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា «​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ធ្វើ​ការងារ​នេះ ហើយ​ជា​ការងារ​មួយ​ដែល​ខ្ញុំ​តែងតែ​គិត​ចង់​ធ្វើ​បន្ទាប់ពី​អាជីព​កីឡាករ​បាល់ទាត់​។ កុមារ​ជា​អនាគត​របស់​យើង ហើយ​ត្រូវ​ជួយ​គាត់​ឲ្យ​មាន​ការអប់រំ​ខ្ពស់​។ ខ្ញុំ​សង្ឃឹម​ថា ​នឹង​អាច​ជួយ​កុមារ​មួយចំនួន​ក្លាយជា​កីឡាករ​បាល់ទាត់​ដែរ»។

កីឡាករ​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​២០១៦ ក្នុង​លីក​កំពូល​កម្ពុជា រូប​នេះ​បាន​បន្ត​ថា «​ខ្ញុំ​ឃើញ​កុមារ​កម្ពុជា ជាពិសេស​កុមារ​នៅ​តំបន់​ដាច់ស្រយាល មានការ​លំបាក​ក្នុង​ការ​ចូលរៀន​ដោយសារ​ខ្វះខាត​គ្រឿង​បរិក្ខារ​សាលារៀន ធ្វើដំណើរ​ឆ្ងាយ​ពី​ផ្ទះ​ទៅ​សាលា និង​ខ្វះខាត​គ្រូ ហើយ​ខ្ញុំ​ចង់​ជួយ​ក្រុម​កុមារ​ទាំងនោះ​ឲ្យទទួល​បានការ​អប់រំ​យ៉ាងហោចណាស់​ត្រឹម​កម្រិត​មូលដ្ឋាន​ដូច​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​»។

លោកស្រី អេ​ល​ហ្សា​បែ​ត ភៀស នាយិការ​អង្គការ​សង្គ្រោះ​កុមារ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា «​ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ​របស់​អង្គការ វឌ្ឍនាកា អាច​ពាំនាំ​បញ្ហា​របស់​កុមារ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ដល់​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រាជរដ្ឋាភិបាល ឬ​សាធារណជន​។

យើង​ជឿជាក់​ថា ​គាត់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា មាន​មោទនភាព​ដោយសារ​ភាពជោគជ័យរ​បស់​គាត់​នៅលើ​វិស័យ​កីឡា​ប៉ុណ្ណោះ​នោះ​ទេ វឌ្ឍនាកា ក៏​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជា​មាន​មោទនភាព​ចំពោះ​កា​រលើ​កម្ពស់​ និង ​ការពារ​សិទ្ធិ​កុមារ ហើយ​យើង​នឹង​ឃើញ​គាត់​ប្រើប្រាស់​ថាមពល​និង​ទឹកចិត្ត​ស្រលាញ់​របស់​គាត់​ក្នុង​ការ​ការពារ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ដែរ​»។

សូម​រំលឹក​ថា ​កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​ចុះកិច្ចសន្យា​ ផ្ទេរ​ពី​ក្លិប​បឹង​កេត​អង្គរ របស់​កម្ពុជា ទៅ​ចូលរួម​ជាមួយ​ក្លិប​Fujieda MYFC សមាជិក​លីក​លំដាប់​ទី​៣​របស់​ជប៉ុន (J3 League) ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល កាលពី​ពេល​ថ្មីៗ​។ រូបគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០១៧​ខ ខាងមុខនេះ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114