ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រដាល់​បែងចែក​ជា​ពីរ​ ៖ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​សហព័ន្ធ​ប្រដាល់​សកល

កាលពី​ល្ងាច​ថ្ងៃទី​០១​​ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បានធ្វើ​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ និង​ទិសដៅ​ផែនការ​កំណែទម្រង់​សហព័ន្ធ​ឆ្ពោះទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ព្រមទាំង​ប្រកាស​បែងចែក​សហព័ន្ធ​កីឡាប្រដាល់​ជា​ពីរ​ដាច់​ពីគ្នា គឺ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​បញ្ជាក់​ថា មហាសន្និបាត​សហព័ន្ធ​កីឡាប្រដាល់​លើក​នេះ អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ ដែល​សហព័ន្ធ​ប្រដាល់​ឯកភាព​គ្នា បែងចែក​ប្រដាល់​ជា​ពីរ​រវាង​ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់​សកល ដែល​នេះ​ជា​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​មួយ​សមស្រប​តាម​គោលការណ៍​មេ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏ដូចជា​ស្របតាម​គោលការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ។ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា ប្រដាល់​សាកល​គឺជា​សហព័ន្ធ​មួយ ឯ ប្រដាល់​គុន​ខ្មែរ ជា​សហព័ន្ធ​មួយ​ គឺ មិន​អាច​ឲ្យ​នៅ​រួមគ្នា​ក្នុង​សហព័ន្ធ​តែមួយ​បានទេ។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មាន​សមាជិក​ប្រតិបត្តិ​១៣​រូប គឺ​លោក​ឧត្ដមសេនីយ៍​តែម ម៉ឺន ជា​ប្រធាន​សហព័ន្ធ លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា ស៊ិន​ភិរម្យ​ជា​អនុប្រធាន​ទី ១ លោក​វេជ្ជបណ្ឌិត​ឆឹង យ៉ៅ​យ៉េន​ជា​អនុប្រធាន លោក​ម៉ិ​ល កាដូ ជា​អគ្គលេខាធិការ អ្នកស្រី​ប៉ឹង សំអាង​ជា​អគ្គ​ហេរញ្ញិក លោក​ឧត្ដមសេនីយ៍​និ​ន ភិរម្យ​ជា​សមាជិក លោក​ឧត្ដមសេនីយ៍​គឹម ឡា​វី ជា​សមាជិក លោក​ចាន់ សុទ្ធ ជា​សមាជិក លោក​ថុ​ក ប៊ុនធឿន​ជា​សមាជិក លោក​ឧ​ត្ត​ម​សេនីយ៍​រាជ សុ​ផែន​ជា​សមាជិក លោក​ទេស សូ​ជា​សមាជិក លោក​មាស សុខ​គ្រី​ជា​សមាជិក និង លោក​ជួន សុខ​វ៉ាន់ឌី ជា​សមាជិក។

ចំពោះ​សហព័ន្ធ​ប្រដាល់សកល មាន​សមាជិក​ប្រតិបត្តិ​ចំនួន​១៥​រូប ដែល​ក្នុង​នោះ លោក​វេជ្ជបណ្ឌិត​ឆឹង យ៉ៅ​យ៉េន​ជា​ប្រធាន និង មាន​អនុប្រធាន​៣​រូប​គឺ​ឧ​ត្ត​ម​សេនីយ៍​វ៉ា ស៊ិន​ភិរម្យ លោក​ម៉ិ​ល កាដូ និង​លោក​មាស វុទ្ធី។ លោក​ប៊ួ​យ សោ​ភ័​ណ្ឌ ជា​អគ្គលេខាធិការ លោក​និ​ន វ៉ាន់ដា ជា​អគ្គ​ហេរញ្ញិក និង សមាជិក​ប្រតិបត្តិ​ចំនួន​៩​រូប​ទៀត។

លោក​អគ្គលេខាធិការ NOCC បាន​បន្ត​ថា សហព័ន្ធ​បាន​បំបែក​មែន តែ​អ្នកដឹកនាំ​ដដែល​ទេ។ ​ហេតុនេះ​ត្រូវតែ​ដឹងថា សហព័ន្ធ​មួយ​ខ្លាំង ត្រូវ​ផ្អែកលើ​គោលការណ៍​៤ គឺ​រដ្ឋបាល​កីឡា​ត្រូវតែ​ធ្វើ​ឲ្យ​ល្អប្រសើរ ដោយមាន​យន្ដការ​ដឹកនាំ​ច្បាស់លាស់​មាន​ទំនាក់ទំនង​ក្រៅប្រទេស ទី​២​ការអភិវឌ្ឍ​បច្ចេកទេស ហើយពី​នេះ​ដល់​ឆ្នាំ​២០២៣​សហព័ន្ធ​ប្រដាល់​ទាំង​សកល​ទាំង​គុន​ខ្មែរ​ត្រូវតែ​អភិវឌ្ឍ​មន្ត្រី​កីឡា អាជ្ញាកណ្ដាល ចៅក្រម ពិសេស​គឺ​ត្រូវមាន​អាជ្ញាកណ្ដាល ចៅក្រម​អន្តរជាតិ​តិច​បំផុត​១០​នាក់។ ទី​៣ ត្រូវ​ចេះ​គ្រប់គ្រង​រៀបចំ​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​អន្តរជាតិ និង ទី ៤​ស្វែងរក​ច​ល​នូ​ប​ត្ថ​ម្ភ និង ទីផ្សារ​កីឡា។

លោក វ៉ា​ត់​ចំរើន បញ្ជាក់ថា សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញាចិត្ត​ថា យក​មេដាយ​ឲ្យ​បាន។ ឆ្នាំ​២០២០ បើ​សហព័ន្ធ​ណា​នៅតែ​បង្ហាញ​ពី​ភាព​ទន់ខ្សោយ​នោះ នឹង​ត្រូវ​មិន​ដាក់​ចូល​ក្នុង​បញ្ជី​ប្រកួត​នោះឡើយ។ ឯកឧត្តម​បញ្ជាក់​ថា នៅក្នុង​ទ្រឹស្ដី​កីឡា​រយៈពេល ៤​ឆ្នាំ គឺ​កសាងបាន​នូវ​សមត្ថភាព និង គុណ​វឌ្ឍន៍​របស់​អត្ត​ព​លិ​កបាន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍ថា ពេលនេះ​គឺ​ត្រូវតែ​ធ្វើការ​កែទម្រង់ បើ​មិន​ដូច្នេះ​ទេ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹងមិន​មាន​កីឡាករ​ប្រកបដោយ​គុណភាព​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114