ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ុ​ត​ខ្លឹម​ខ្មៅ ​ជួប​សុខ​ចិន្តា ឯ ភួង ពិសិដ្ឋ​ជួប​ហេង​ពន្លឺ​នៅ​សង្វៀន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​សុខ ចិន្តា ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​ម៉ុ​ត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។

សុខ ចិន្តា និង ម៉ុ​ត ខ្លឹម​ខ្មៅ ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា គ្រាន់តែ​ម៉ុ​ត ខ្លឹម​ខ្មៅ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​មានឈ្មោះ​បោះ​សំឡេង​ជាង​សុខ ចិន្តា។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​នោះឡើយ​កន្លងមក។

អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​រូបនេះ វាយ​មិនសូវ​ឆ្លាត​នោះទេ ឯ​ស្នៀត​ប្រដាល់​របស់គេ​វិញ គឺ​ប៉ិនប្រសប់​តែ​កណ្តាប់ដៃ​ប៉ុណ្ណោះ ទាត់ ជង្គង់ កែង ពុំ​សូវ​ជា​ប្រសប់​ប៉ុន្មាន​ឡើយ។ ដូច្នេះហើយ ទើប​ឡើង​ប្រកួត​កន្លងមក ចិន្តា​ចាញ់​ច្រើនជាង​ឈ្នះ។ ការប្រកួត​លើកចុងក្រោយ​នេះ គេ​ប្រកួត​ចាញ់​ផាន ចំណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ។

​ម៉ុ​ត ខ្លឹម​ខ្មៅ ឥឡូវនេះ​មិនសូវ​ខ្លាំង​ដូច​ពីមុន​ឡើយ។ ចាប់តាំងពី​មាន​បញ្ហា​សន្លាក់​ជង្គង់​មក ខ្លឹម​ខ្មៅ​មានការ​ធ្លាក់ចុះ​បន្តិច។ តែ​យ៉ាងណា​គេ​នៅតែមាន​ផ្លែ​ល្អ​ដដែល ។​ខ្លឹម​ខ្មៅ​នរណា​ក៏​គេ​ញញើត​ដែរ ព្រោះ​អ្នក​ប្រដាល់​រូបនេះ វាយ​កាច​ណាស់ វាយ​មិន​ខ្លាចញញើត​គូប្រកួត​នោះទេ។ គេ​ខ្លាំង​កែង ជង្គង់ និង​ទាត់​ខ្លាំង​ថែមទៀត។ តែ​យ៉ាងណា បច្ចុប្បន្ន​ខ្លឹម​ខ្មៅ វាយ​រាង​ធ្លាក់ចុះ​ជាង​មុន​ហើយ។

ការប្រកួត​លើកចុងក្រោយ​នេះ ម៉ុ​ត ខ្លឹម​ខ្មៅ បាន​វាយ​ចាញ់​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។ ទោះជា​យ៉ាងណា សម្រាប់​ការឡើង​ប្រកួត របស់​សុខ ចិន្តា​ជាមួយ​ម៉ុ​ត ខ្លឹម​ខ្មៅ​លើក​នេះ តាម​ការវាយតម្លៃ​រប​ស់​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នោះ ថា​សុខ ចិន្តា​មិនអាច​យកឈ្នះ​ម៉ុ​ត ខ្លឹម​ខ្មៅ នោះទេ។

ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ហេង ពន្លឺ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។ ពួកគេ​ទាំងពីរ មិនដែល​ប៉ះគ្នា​ទេ​ពីមុនមក។

ហេង ពន្លឺ ជា​អ្នក​ប្រដាល់​ជើងចាស់ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ចិត្ត​ប្រដាល់​ធំ ហើយ​វាយ​ឆ្លាត​ថែមទៀត​។​ទោះជា​យ៉ាងណា ហេង ពន្លឺ​ប្រហែលជា​មិនអាច​ឈ្នះ​ភួង ពិសិដ្ឋ នោះឡើយ ព្រោះថា ភួង ពិសិដ្ឋ ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង និង​វាយ​មិន​បណ្តាក់​ដៃ​ឡើយ។​ប៉ុន្តែ​យ៉ាងណា ពិសិដ្ឋ​វាយ​ខ្លាំង​និង​ល្អ បានតែ​ជាមួយ​អ្នក​អន់​ខ្សោយ​ជាងគេ​តែប៉ុណ្ណោះ បើ​ប៉ះចំ​អ្នកខ្លាំង​ដូចជា​ហេង ពន្លឺ នោះ ក៏​ប្រហែលជា​យ៉ាប់​ដែរ ។​

ដូចជា​កាលពី​ថ្ងៃទី​១៥​មករា​២០១៧ កន្លងទៅនេះ ពិសិដ្ឋ​គេ​បាន​វាយ​ចាញ់​រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ទឹក​ទី​២។ និយាយ​រួម ភួង ពិសិដ្ឋ មិន​ប្រាកដថា​ឈ្នះ​ហេង ពន្លឺ នោះឡើយ សម្រាប់​ជំនួប​លើកដំបូង​នេះ។

ពន្លឺ គេ​មាន​ផ្លែ​ជង្គង់​និង​កណ្តាប់ដៃ​ល្អ។ ឡើង​ប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​ខេត្តព្រៃវែង​ក្នុង​ទឹក​ទី​៣ ។ ចំណែក ភួង ពិសិដ្ឋ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ក្នុង​ទឹក​ទី​២។​ ចាំមើល តើ ភួង ពិសិដ្ឋ ឈ្នះ ឬ មួយ​ហេង ពន្លឺ ឈ្នះ​? ។​

ប៊ី ចិន្តា អ្នក​ប្រដាល់​ជើង​ថ្មី នៃ​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ជួប​ប្រកួត​ជាមួយ​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​បាត់ដំបង​ពាយ័ព្យ​។​ អ្នក​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។

ចិន្តា​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ សម្បត្តិ ទេ។ សម្រាប់​ស្នៀត​ប្រដាល់ និង​ល្បិចកល មិន​ដល់​សម្បត្តិ​ទេ ហើយ​មួយទៀត គេ​អាច​ចាញ់​ប្រៀប​ខាង​កម្លាំង​កាយសម្បទា​ថែមទៀត ។​យ៉ាងណា សំណាង សម្បត្តិ ក៏​ប្រហែលជា​ពុំ​អាច​ឈ្នះ​ប៊ី ចិន្តា នោះដែរ។​

សំណាង សម្បត្តិ កាលពី​មុនគេ​ធ្លាប់​ប្រកួត​សុទ្ធតែ​ជាមួយ​ជើង​ខ្លាំង ប៉ុន្តែ​លទ្ធផល​មិនសូវ​ល្អ​នោះឡើយ គឺ​ចាញ់​ច្រើនជាង​ឈ្នះ​។ ចាំមើល សំណាង សម្បត្តិ អាច​បង្ក្រាប​ប៊ី ចិន្តា បាន​ឬ​អត់ ? ។​សម្បត្តិ ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​វែ​ន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆត្រ​យោង​៩១១ ក្នុង​ទឹក​ទី​២ ។​ឯ ប៊ី ចិន្តា ប្រកួត​ចុងក្រោយ វាយ​ចាញ់​ស្រ​ម៉ៃ សួន ក្លិប​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ក្នុង​ទឹក​ទី​៣ ។​

ពុទ្ធ អ៊ំ​អន អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ឡើង​ប្រកួត​ជាមួយ​ម៉ន ចាន់នី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ។ ពីរ​នាក់​នេះ មាន​សមត្ថភាព​បច្ចេកទេស​ប្រហាក់ប្រហែលគ្នា​ទេ ។ ចាំមើល រវាង​ពុទ្ធ អ៊ំ​អូន​និង​ម៉ន ចាន់នី តើន​រណា​ឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114