ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ ឈ្នះ​ក្នុង​ប្រកួត​បើកឆាក​ពានរង្វាន់ Asia Club Pre-Season Championship 2017 ដូចគ្នា

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ក្រសួងការពារជាតិ សុទ្ធតែ​រកបាន​៣​ពិន្ទុ​ដូចគ្នា​ក្នុង​ពានរង្វាន់​កម្រិត​អន្តរជាតិ​ជាតិ​មួយ​ដែល​ដាក់ឈ្មោះថា Asia Club Pre-Season Championship 2017 សម្រាប់​ប្រកួត​បើកឆាក​នា​ល្ងាច​ថ្ងៃ​ពុធ ទី ១ ខែកុម្ភៈ ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​តទៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

​សម្រាប់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ​លើ​ក្រុម Petaling Jaya Rangers FC ដោយ​លទ្ធផល ៣​ទល់​១​។ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Obi Ugochukwu បា​នរក​គ្រាប់​បាល់​ឱ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ២​គ្រាប់​ម្នាក់ឯង ហើយ​កីឡាករ សារ៉េត គ្រី​យ៉ា រកបាន​១​គ្រាប់​។ ចំណែក​គូ​បន្ទាប់​ក្រុម​ក្រសួងការពារជាតិ បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​Warriors FC របស់​សិង្ហ​បុរី ដោយ​លទ្ធផល ២​ទល់​១​។ កីឡាករ ជនជាតិ​កូរ៉េខាងជើង Kim Kyong-hun និង​មិត្ត​រួម​ជាតិ​កីឡាករ​Ri Hyok Chol បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ដល់​ក្រុម​ក្រសួងការពារជាតិ​។

​ពានរង្វាន់​នេះ​រៀបចំ​ចាប់ពី​ថ្ងៃ​ពុធ ទី​១ នេះ​ដល់​ថ្ងៃទី ៥​ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខ​ដោយ​ប្រកួត​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ចូលរួម​ទាំង​៤​មាន ក្លិប​របស់​កម្ពុជា ចំនួន​២​ក្លិប​គឺ ក្រសួងការពារជាតិ និង​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​២​ក្លិប​ទៀត​ជា​ក្រុម​បរទេស​មានដូចជា Warriors FC របស់​សិង្ហ​បុរី និង​ក្រុម​ពាក់កណ្ដាល​អាជីព Petaling Jaya Rangers FC ទើប​ប្តូរ​ឈ្មោះ​មកពី​ក្រុម Air Asia All Stars ក្នុង​លី​គ​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី​។ ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​វិលជុំ មុន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១២០០០​ដុល្លារ​ផងដែរ​។

តាម​គម្រោង​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​វិញ​មាន​ចំនួន​២​គូ​ដដែល​ដោយ​វេលា​ម៉ោង​៤​រសៀល លើ​ទីលាន​ជាមួយគ្នា​ក្រុម​Warrior FC ត្រូវ​ប៉ះ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ហើយ​នៅ​ម៉ោង​៧​យប់​ក្រុម​ក្រសួងការពារជាតិ ជួប​ក្រុម​Petaling Jaya Rangers FC វិញ​ម្ដង​នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា​។ ចំណែក​នៅ​ថ្ងៃទី​៤​ខែកុម្ភៈ វិញ​ក្រុម​Petaling Jaya Rangers FC ត្រូវ​ប្រកួត​ជាមួយ​ក្រុម Warriors នៅវេលា​ម៉ោង​៤​រសៀល ហើយ​នៅ​ម៉ោង​៧​យប់​ក្រុម​ក្រសួងការពារជាតិ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។

សរុប​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​ចង់​ថ្ងៃ​បើកឆាក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រសួងការពារជាតិ មាន​៣​ពិន្ទុ​ដូចគ្នា តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ចំណែក​ក្រុម Warriors FC មិនទាន់មាន​ពិន្ទុ​តែ​ឈរ​លេខ​៣ ហើយ​ក្រុម Petaling Jaya Rangers FC ឈរ​លេខ​៤​បាត​តារាង​។

​ចប់​ការប្រកួត​វិល​ជុំ​នេះ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ឈរ​ចំណាត់ថ្នាក់​លេខ​១ និង​រាប់​បន្តបន្ទាប់​រហូតដល់​លេខ​៤​។ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ វិញ​ដែលជា​ថ្ងៃ​ចុងក្រោយ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ដើម្បី​ដណ្តើម​តំណែង​លេខ​៣ នៅវេលា​ម៉ោង​៤​រសៀល ខណៈ​នៅ​ម៉ោង​៧​យប់​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ រវាង​ក្រុម​លេខ​១​និង​លេខ​២ ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​សម្រាប់​ឆ្នាំ​ដំបូង​នេះ​។

​ក្លិប​ជា​សមាជិក​នៃ​ពានរង្វាន់​នេះ​បាន​យក​ការប្រកួតប្រជែង​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​រដូវ​កាល​ថ្មី​រៀងៗ​ខ្លួន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ គឺ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រដូវ​កាល​២០១៧ ដែល​នឹង​ចាប់ផ្ដើម​ខាងមុខ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114