ព័ត៍មានទាន់​ហេតុការណ៏
Search

ទំនិញ​គេច​ពន្ធ​ជាច្រើន កំពុង​ជ្រៀតចូល​ស្ងាត់​ៗ​តាម​ច្រក​របៀង​ថ្មី

បាត់ដំបង ៖ ច្រករបៀង​ថ្មី​មួយ ​ដែល​ប្រភព​ជាច្រើន​បាន​អះអាងថា​ ជា​ច្រក​ទើប​លួច​បើក​ថ្មី​កំពុង​បើកដៃ​យ៉ាង​ទូលំទូលាយ​ឲ្យ​មេ​ឈ្មួញ​ដ៏​ធំ​មួយ ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់​យ៉ាង​គឃ្លើន ដោយសារតែ​មានការ​គាំទ្រ ​និង​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៨១៧ និង​កម្លាំង​យោធា​វរៈ​ព្រំដែន​លេខ ៥០៦ ផងដែរ។

ថ្មីៗ​នេះ​គេ​សង្កេត​ឃើញថា មាន​ច្រក​របៀង​ថ្មី​មួយ​បាន​បង្កើត​ឡើង​នៅ​ត្រង់​ចំណុច​ភ្នំ​៥៣​ ស្ថិត​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​ឆ្លង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ កាត់​តាម​ចម្ការ​ឫស្សី ដោយ​ផ្សាភ្ជាប់​ពី​ស្រុក​ភ្នំព្រឹក ទៅកាន់​ស្រុក​ខ្លង​ហាត​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​នោះបាន​និយាយថា ស្ទើរតែ​រៀងរាល់​យប់​ ហើយក៏​មាន​ពេល​ថ្ងៃ​ម្ដងម្កាល​ដែរ គឺ​មាន​ការដឹកនាំ​ទំនិញ​ឆ្លងដែន​គេច​ពន្ធ​ជាប់​ជាប្រចាំ​ ដោយ​ចេញពី​ប្រទេស​ថៃ មកកាន់​ប្រទេស​កម្ពុជា គឺ​ស្ថិត​ក្នុង​សភាព​ស្ងៀមស្ងាត់ និង​យ៉ាង​រលូន​ផង​ដែរ ដូចជា​មិន​មាន​ការ​រំខាន​ដល់​អង្គភាព​ជំនាញ​ណាមួយ​ឡើយ។

ប្រភព​ដដែល​បាន​បន្តថា ការដឹកនាំ​ទំនិញគេចពន្ធ​ចូលមក​តាម​ច្រក​នេះ គឺ​គេ​ស្គាល់​យ៉ាងច្បាស់​ថា មេ​ឈ្មួញ​ដ៏​ធំ​ម្នាក់​មានឈ្មោះ ហ៊ួ​ត ថៃ ដែល​គេ​សង្ស័យ​ថា មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ មេបញ្ជាការ​យោធា វរៈ​ព្រំដែន​លេខ ៥០៦ និង​លោក ដៀវ សារូ មេបញ្ជាការរង នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៨១៧ បានជា​ការងារ​ល្មើស​នឹង​ច្បាប់​នេះ​អាច​ដំណើរការ​បាន​យ៉ាង​រលូន​បែបនេះ។

រាល់​បញ្ហា​ខាង​លើ​នេះ​ ក៏​មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​បានជា​អង្គភាព​ខាងលើនេះ​ហ៊ាន​លប​លួច​ឃុបឃិត​ជាមួយ​នឹង​មេ​ឈ្មួញ​ដោយ​បើកចំហ​នូវ​ច្រក​របៀង​ថ្មី​បែបនេះ ព្រោះ​ការបើក​ច្រក​នីមួយៗ​លុះ​ត្រា​ណា​តែ​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​ជំនាញ​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទើប​អាច​ទទួលយក​ជា​ផ្លូវការ​បាន។

នៅ​វេលា​ម៉ោង ៩ និង​៥ នាទី​ព្រឹក ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ យើង​បានធ្វើការ​ ទំនាក់ទំនង​ទៅ​លោក ពុំ ចាន់ ស្នងការរង​ទទួល​ទិស​ព្រំដែន ដើម្បី​ចង់ដឹង​អំពី​បញ្ហា​ ដែល​ពាក់ព័ន្ធ​ទៅនឹង​កម្លាំង​ដែល​ឈរជើង​ត្រួតត្រា​លើ​ចក​រក​របៀង​នេះ ដើម្បី​ទទួល​ផល​ ពី​មេ​ឈ្មួញ​ធំៗ​ទាំងនេះ ប៉ុន្តែ​លោក​មិនបាន​ទទួល​ខ្សែ​ទូរស័ព្ទ​របស់​យើង​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114