ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​ប្រពន្ធ​ជាង​១​អាទិត្យ​ ដើរ​រក​ឃើញ​នាង​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ផ្សេង​ លុត​ជង្គង់​សុំ​អង្វរ​ឲ្យ​នាង​ទៅ​រស់​នៅ​ជាមួយគ្នា​វិញ

ភ្នំពេញ ​៖​ បុរស​ជា​ប្ដី​ហេតុតែ​ស្រឡាញ់​ប្រពន្ធ​ ទោះបី​នាង​ជា​ប្រពន្ធ​កុហក​ភូតភរ​វិលក្បុង​យ៉ាងណា​ ក៏​បុរស​រូប​នេះ​នៅតែ​ព្យាយាម​តាម​ស្វែងរក​នាង​ទៀត​ រហូត​ដល់ពេល​រក​ឃើញ​ហើយ ​បែរជា​នាង​បណ្ដើរ​ប្រុស​ផ្សេង​ឃើញនឹងភ្នែក។ ទោះ​ជា​បែប​នេះ​ក្ដី​ បុរស​រូប​នេះ ​បាន​ហៅ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​ផង ​ព្រោះ​នាង​ជា​ប្រពន្ធ​មិន​ចង់​ទៅ​រស់នៅ​ជាមួយ​ប្ដី​វិញ​ទេ​ ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​លុត​ជង្គង់​សំពះ​អង្វរ​សូម​ឲ្យ​នាង​ទៅ​រស់នៅ​ជាមួយ​ខ្លួន​វិញ ​តែ​នាង​នៅតែ​មិន​ព្រម​ដដែល។

ហេតុការណ៍​នេះ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ​ទល់មុខ​សាលាសង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជា​ប្ដី​ឈ្មោះ​ចាន់ ចូ​ច អាយុ​២៥​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ ​ដេរ​ស៊ី​ ប្រាក់ឈ្នួល​ប្រចាំ​ថ្ងៃ ​​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ​ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង​ ខេត្ត​ព្រៃវែង។ នាង​ជា​ប្រពន្ធ​ឈ្មោះ នៅ ពន្លក​ហៅ យ៉ា អាយុ​២១​ឆ្នាំ ​មុខរបរ​ដេរ​ស៊ី​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ​ដូចគ្នា​ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង។ ចំណែក​បុរស ​ដែល​គេ​ចោទប្រកាន់​ជា​ប្រុស​ស្នេហ៍​មាន​ឈ្មោះ ផល សុភា អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​ជ័យ។

ចំពោះ​ករណី​នេះ ​បុរស​ជា​ប្ដី ​បាន​និយាយ​ប្រាប់​ថា​ មុ​នពេល​មានរឿង​បែបនេះ ​នាង​ជា​ប្រពន្ធ​កាលពី​ជាង​មួយ​សប្ដាហ៍​មុន ​បាន​ប្រាប់​គាត់​ជា​ប្ដី​ថា​ សុំ​ទៅលេង​ផ្ទះ​បងប្អូន​នៅ​ម្ដុំ​រោងចក្រ​ ឃ្យូ​អឹម​អាយ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ ​សង្កាត់​ចោមចៅ ហើយ​បាន​តេ​មក​សុំ​លុយ ដោយ​​ឲ្យ​គាត់​ផ្ញើ​ឲ្យ​ចំនួន​៣​ម៉ឺន​រៀល​សម្រាប់​ទុក​ទិញ​អី​ហូប។ ក្នុង​រយៈពេល​ជាង​មួយ​អាទិត្យ​នេះ​ នាង​បាន​រស់នៅ​បែក​ពី​ខ្លួន(ប្ដី)​រហូត​មិនដែល​មក​រក​ប្ដី​ម្ដង​ទេ ជា​រៀងរាល់ថ្ងៃ​ពេល​ល្ងាច​ៗ​ចាប់ពី​ម៉ោង​ប្រមាណ​៥​ទៅ​៦​ព្រលប់​ៗ​ ប្រពន្ធ​របស់​គាត់​តែងតែ​តេ​ទូរស័ព្ទ​មកលេង​គាត់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ចាប់ពី​វេលា​ម៉ោង​៨​ទៅ​៩​យប់​បុរស​ជា​ប្តី​បាន​តេ​ទៅលេង​វិញ​នាង​ប្រពន្ធ​របស់​ខ្លួន​មិនដែល​លើក​សោះ​ ហើយ​តេ​មិន​ចូល​ទៀត​ផង។

បុរស​ជា​ប្តី​បាន​បន្ត​ទៀត​ថា ​រូប​គាត់​ និង​ប្រពន្ធ​​​​ ​រៀបការ​ជាមួយគ្នា​បាន​ប្រមាណ​ជាង​៤​ឆ្នាំ​មក​ហើយ​ដោយ​មិន​សូវ​មាន​ទំនាស់​នឹង​គ្នា​ម្តង​ណា​ឡើយ​ ទើបតែ​ក្នុង​រយៈពេល​ជាង​មួយ​អាទិត្យ​នេះ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​ ប្រពន្ធ​គាត់​ប្លែក​រហូត​ទាំង​ពាក្យសម្ដី ​និង​កាយវិការ ពេល​តេ​ចូល​ម្តងៗ​ ពេល​គាត់​សួរនាំ​ថា​នៅឯណា​ម្ដេច​មិន​មក​ផ្ទះសម្បែង នាង​ឆ្លើយ​ថា ​នៅ​ជាមួយ​បងប្អូន​នៅ​ម្តុំ​ខ្យូ​រ​អឹម​អាយ ពេលខ្លះ​ថា​នៅ​ម្តុំ​លូ​​ប្រាំ ឯ​សង្កាត់​ស្ទឹងមានជ័យ ហើយ​ម្តង​ថា​នៅ​ម្តុំ​ប្លុក​ផ្ទះ​ឡ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង។ ដោយសារ​តែ​ពាក្យ​ភូតភរ​កុហក​ច្រើនលើកច្រើនសា​ពេក ​ធ្វើ​ឲ្យ​គាត់​ជា​ប្ដី​មានការ​សង្ស័យ ​និង​ចាប់អារម្មណ៍​ បន្ទាប់មក​គាត់​បាន​ជិះ​ម៉ូតូ​តាម​រក​ ហើយ​បាន​ប្រទះឃើញ​នាង​ប្រពន្ធ​ខ្លួន​កំពុង​ជិះ​ម៉ូតូ​ជាមួយ ប្រុស​ផ្សេង ជួប​ដោយ​ចៃដន្យ​នៅមុខ​សង្កាត់​ចោមចៅ​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ហើយ​គាត់​បាន​ចាប់​ប្រពន្ធ​គាត់​ឃាត់ទុក​ តែ​នាង​ហាក់​មិន​ចង់​ជួប​មុខ​គាត់​ឡើយ ​ទើប​គាត់​ស្រែក​ថា​ចោរៗ​ដើម្បី​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាមៗ។

បើ​តាម​បុរស​ ដែល​ឌុប​ប្រពន្ធ​គេ​ ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​ប្រុស​ស្នេហ៍​នោះ​បាន​បកស្រាយ​ថា​នៅ​មុន​ពេល​កើតហេតុ​នារី​ខាងលើ​ ដែល​ត្រូវជា​​មិត្ត​រួម​ការងារ​ជាមួយគ្នា ​បាន​ពឹង​ឲ្យ​ខ្លួន​ឌុប​ទៅលេង​នៅ​ម្តុំ​ឃ្យូ​អឹម​អាយ​ តែ​មិន​ទាន់​បាន​ដឹក​ទៅដល់​ផង​ ត្រូវ​ប្តី​នាង​មក​ទាន់​បែបនេះ​តែម្ដងទៅ។

ក្រោយពេល​កើតហេតុ ​សមត្ថកិច្ច​បាន​សួរនាំ​ភាគី​ទាំងសងខាង ​បែរជា​ពួកគេ​និយាយ​ថា ​ជាការ​យល់​ច្រឡំ​ ហើយ​មិន​មានការ​ប្ដឹងផ្ដល់​គ្នា​អ្វី​ទេ។ បន្ទាប់មក​សមត្ថកិច្ច​បាន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​តែ​ចំណែក​នាង​ជា​ប្រពន្ធ​មិន​ហ៊ាន​ទៅ​រស់នៅ​ជាមួយ​ប្តី​វិញ​ទេ រីឯ​បុរស​ជា​ប្តី​វិញ​បាន​លុត​ជង្គង់​សំពះ​អង្វរ​នាង​ប្រពន្ធ​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ខ្លួន​វិញ។ ​ទោះជា​ប្ដី​អង្វរករ​យ៉ាងណា​ ពេលនោះ​នាង​មិន​ព្រម​ទៅ​រស់នៅ​ជាមួយ​ប្តី​វិញ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114