ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ កែវ សុខ​ផេង នឹង​អវត្តមាន​ពេល​ភ្នំពេញ​ក្រោ​ន ទៅ​ប្រកួត​ជាមួយ​ក្រុម Home United នៅ​សិង្ហ​បុរី​

​កីឡាករ កែវ សុខ​ផេង ខ្សែប្រយុទ្ធ​ប្រចាំ​ក្រុម​ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា នឹងត្រូវ​អវត្តមាន​នៅពេល​ក្រុម​របស់ខ្លួន​ប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី AFC Cup 2017 ជាមួយ​ម្ចាស់ផ្ទះ Home United របស់​ប្រទេស​សិង្ហ​បុរី នៅ​សប្ដាហ៍​ក្រោយនេះ​។

​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ខ្សែប្រយុទ្ធ កែវ សុខ​ផេង ដែល​បាន​រងរបួស​ហើយ​ត្រូវ​ផ្លាស់ប្តូរ​ចេញពី​ទីលាន​នៅ​នាទី​៧ កាលពី​ប្រកួត AFC Cup ជើង​ទី​១​ទល់នឹង Home United ពេលនេះ​គាត់​ត្រូវការ​ពេលវេលា​សម្រាក​ពី​ទីលាន​ចំនួន ៣ សប្តាហ៍ ជាមួយនឹង​របួស​សរ​សៃ​រ ក​ជើង​ស្តាំ​របស់គាត់​។ វា​ពិតជា​បានធ្វើ​ឲ្យ​ប៉ះពាល់​ក្តីសង្ឃឹម​របស់​ពួកយើង​នៅ​ការប្រកួត​ជើង​ទី ២ នៅ​ប្រទេស​សឹង្ហ​បុរី នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ប៉ុន្តែ​ពួកយើង​សូម​ជូនពរ​ឲ្យ សុខ​ផេង ឆាប់​ជាសះស្បើយ​ឲ្យ​បាន​ឆាប់រហ័ស​។ ដូច្នេះ​គាត់​អាច​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​មិត្ត​ហ្វូ​ន​លីគ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៩ ខែ កុម្ភៈ ខាងមុខ​»​។​

​សូម​រំលឹកថា​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017 វិញ ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រុម Home United របស់​ប្រទេស​សិង្ហ​បុរី ជើង​ទី​១ ប្រកួត​នៅ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ ខែមករា ឆ្នាំ​២០១៧ ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយ​ប្តូរ​ទៅលេង​នៅ​សិង្ហ​បុរី វិញ​ម្ដង​។ ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ក្នុង​ពូ​ល H ជាមួយ​ក្រុម Yadanaborn FC ឬ Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​។​

​លទ្ធផល​នៅ​ជើង​ទី​១​ ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម Home United ដោយ​លទ្ធផល ៤​ទល់​៣​។ គ្រាប់​បាល់​ទាំង​៣​គ្រាប់​របស់​ភ្នំពេញ​ក្រោ​ន រកបាន​ដោយ​កីឡាករ Nakamura Futa ជនជាតិ​ជប៉ុន​នៅ​នាទី​៤៥ ហើយ​កីឡាករ កែវ សុខ​ង៉​ន រកបាន​គ្រាប់​ទី​២​នៅ​នាទី​៨៤ និង​កីឡាករ Booysen Shane រកបាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​៩០​។ ចំណែក​៤​គ្រាប់​របស់​ក្រុម​ភ្ញៀ​ង Home Unted រកបាន​ដោយ​កីឡាករ​Muhammad Faris bin Ramli នៅ​នាទី​៣៥ និង​៣៦ ខណៈ​កីឡាករ​Stipe Plazibat រក​គ្រាប់​ទី​៣ នៅ​នាទី​៧០ និង​គ្រាប់​បាល់​ទី​៤​រកបាន​ដោយ​កីឡាករ Izzdin Shafiq នៅ​នាទី​៨៦៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114