ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ធ្វើតេស្ត​កីឡាករ​បរទេស​ទី​៥ ជា​ខ្សែប្រយុទ្ធ​មកពី​ប្រទេស​កា​ម៉េ​រ៉ូ​ន

ក្រុមបាល់ទាត់​អឺរ៉ុប​យូ​ណាយ​ធី​ត សមាជិក​ក្រុមបាល់ទាត់​លីក​កំពូល​កម្ពុជា កំពុងតែ​ធ្វើតេស្ត​សមាជិក​បរទេស​ទី​៥ របស់​ខ្លួន​ដើម្បី​ត្រៀមខ្លួន​ទទួល​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ដែល​កីឡាករ​រូប​នេះ​ជា​ខ្សែប្រយុទ្ធ​ជនជាតិ​កា​ម៉េ​រ៉ូ​ន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការ​ក្រុម​មួយ​នេះ​។

អ្នកចាត់ការ​ក្រុម​រូប​នេះ​បន្ត​ថា «​កីឡាករ​រូប​នេះ​ឈ្មោះថា Nyend Luc Jundior​ហើយ​គាត់​ទើប​មកដល់​ពី​ប្រទេស​កា​ម៉េ​រ៉ូ​ន ទ្វីប​អាហ្វ្រិក​ថ្មីៗ​នេះ​។ យើង​ត្រូវ​ធ្វើតេស្ត​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​ក្នុង​ប្រកួត​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ទីលាន 7NG ជិត​វត្ត​វិហារ​សួគ៌ វេលា​ម៉ោង​៣​រសៀល ហើយ​យើង​បន្ត​មើល​សមត្ថភាព​គាត់​ទៀត​នៅក្នុង​ប្រកួត​មិត្តភាព​ជាមួយ​ណាហ្គា​វើ​ល នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ មុន​សម្រេច​ថា​ចុះកិច្ចសន្យា​ជាមួយ​គាត់​ឬ​អត់​»​។

មុន​រដូវ​កាល​ថ្មី​មកដល់​ក្រុម​អាស៊ី​អឺរ៉ុប បាន​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​ចំនួន​៤​នាក់​រួចរាល់​ហើយ រួមមាន​ខ្សែបម្រើ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Momoh Degule អ្នកចាំទី​ជនជាតិ​ជប៉ុន​Kenjiro Ogino ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​Tomohiro Masaki និង​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Bisan Goerge​។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ ក្លិប​ជា​សមាជិក​លីក​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​អាស៊ី​អឺរ៉ុប នៅសល់​កីឡាករ​បរទេស​មួយរូប​ទៀត ដែល​អាច​ចុះបញ្ជី​បាន។

​កាល​ពី​ពេល​ថ្មីៗ​ ក្លិប​អាស៊ី​អឺរ៉ុប បាន​តែង​តាំង​លោក សុក វាសនា អតីត​គ្រូ​បង្វឹក​ថ្នាល​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ជា​គ្រូបង្វឹក​សម្រាប់​រដូវ​កាល​ថ្មី ក្រោយ​លោក Jack Tonye Charles ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​ផុត​កិច្ចសន្យា​។ ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​ថ្មី​នេះ មាន​ដូច​ជា ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​ថ្នាក់ជាតិ ផងដែរ។

សូម​រំលឹក​ថា ​កាលពី​រដូវ​កាល​មុន​អាស៊ី​អឺរ៉ុប បាន​ឈរ​លេខ​១០ ក្នុងចំណោម​១០​ក្រុម ប្រចាំ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​១៨​លើក ឈ្នះ​បាន​១​លើក ស្មើ​៣​លើក និង​ចាញ់​១៤​ល​លើក​មាន​៦​ពិន្ទុ​ក្នុង​ដៃ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114