ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖ ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ ចេញទៅ​ប្រកួត​ជើង​ទី​២ នៅក្រៅ​ប្រទេស​នា​ល្ងាច​ថ្ងៃអាទិត្យ​ដំណាលគ្នា

ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ របស់​កម្ពុជា ត្រូវ​មាន​បេសកកម្ម​សំខាន់​ចេញទៅ​ប្រកួត​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​លំដាប់​ទី​២ AFC Cup 2017 ដែល​រៀបចំឡើង​នៅ​ក្រៅ​ទឹកដី​ដូចគ្នា ខណៈ​ក្រុម​ទាំង​២​មាន​គម្រោង​ចេញដំណើរ​ទៅ​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍​នេះ​ដូចគ្នា​ផង​ដែរ។

ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន នឹង​ចេញដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី នៅវេលា​ម៉ោង​៥និង១៥​នាទី​ល្ងាច ថ្ងៃអាទិត្យ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ខណៈ​ការប្រកួត​ជើង​ទី​២ នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​កីឡដ្ឋាន Jalan Besar Stadium វេលា​ម៉ោង​៧និង៣០​នាទី​យប់ (​ម៉ោង​៦និង៣០​នាទី​ល្ងាច​នៅ​កម្ពុជា​)​។ កាលពី​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម Home United ដោយ​លទ្ធផល ៣​ទល់​៤ ហើយ​ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ក្នុង​ពូ​ល H ជាមួយ​ក្រុម Yadanaborn FC ឬ Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​។

ចំណែក​ក្រុម​បឹងកេត​អង្គរ វិញ​នឹង​ចេញដំណើរ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ក្នុង​ថ្ងៃអាទិត្យ ទី​៥ ខែកុម្ភៈ ដូចគ្នា ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​។ ការប្រកួត​ជើង​ទី​២​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ កុម្ភៈ លើ​ទីលាន​កីឡដ្ឋាន New Laos National Stadium ក្នុងប្រទេស​ឡាវ​។ ការ​ពី​ជើង​ទី​១ ក្រុម​ទាំង​បាន​ប្រកួត​ស្មើគ្នា ដោយ​លទ្ធផល ១​ទល់​១ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​ត្រូវ ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ចែក​ពូ​ល F ជាមួយ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្លិប Magwe របស់​មី​យ៉ាន់​ម៉ា និង​ក្លិប Global របស់​ហ្វីលីពីន ដែល​កំពុង​រង់ចាំ។

ក្រុម​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​អង្គរ ជា​ក្រុម​២​ក្នុង​ចំ​ណោម​៣​ក្រុម​របស់​កម្ពុជា ដែល​ទទួលបាន​កៅអី​ទៅ​ចូលរួម​ក្នុង​ពានរង្វាន់ AFC Cup 2017 វគ្គ​ជម្រុះ​នេះ បន្ទាប់ពី​ក្រុម​ណាហ្គា​វើ​ល ដែលជា​ក្រុម​ជើងឯក​រង​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៥ កន្លងទៅ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​បឋម​ដែល​ប្រកួត​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ចំពោះ​បឹងកេត​អង្គរ ទទួលបាន​កៅអី​នេះ​ក្រោយ​ឈ្នះ​ជើងឯក​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៦ កន្លង​ទៅ​ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ជា​ជើងឯក​លីក​កំពូល​កម្ពុជា ឆ្នាំ​២០១៥ ទទួល​បាន​កៅអី​វគ្គ​នេះ​ក្រោយ​ឈ្នះ​បណ្តឹង​នៅ​តុលាការ​អាជ្ញាកណ្តាល​ផ្នែក​កីឡា (Court Arbitration of Sport) ដែល​មាន​មូលដ្ឋាន​ក្នុងប្រទេស​ស្វី​ស ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ចោទប្រកាន់​ក្លិប​ខ្លួន​ថា​ពាក់ព័ន្ធ​ការគិត​លទ្ធផល​ទុកជាមុន​ក្នុងការ​ប្រកួត នា​ពេល​កន្លងមក ដោយ​កាលនោះ​សម្រេច​ឲ្យ​ក្លិប​ណាហ្គា​វើ​ល ជា​ជើងឯក​រង​ទៅ​ជំនួស​វិញ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114