Connect with us

ព័ត៌មានជាតិ

ឌីជេ ណាណា លើកទឹកចិត្តកុំឱ្យក្មេងស្រីរៀបការលឿនពេក យកឱកាសរៀនសូត្រឱ្យបានច្រើន

បានផុស

នៅ

“រៀនឱ្យបានខ្ពស់ ដូចពោងសុវត្ថិភាពរបស់យើងកាន់តែធំ ជម្រើសកាន់តែច្រើន”។ នេះគឺជាការលើកឡើងរបស់លោកស្រី នាង សុវ៉ាតនា (ហៅថា ឌីជេ ណាណា) ណែនាំដល់កុមារី ក្មេងស្រី និងយុវជន កុំឱ្យឆាប់រៀបការទាំងវ័យក្មេងពេក គួរយកពេលវេលារៀនសូត្រ និងត្រៀមសម្រាប់ជីវិតជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី នាង សុវ៉ាតនា (ហៅថា ឌីជេ ណាណា) លើកឡើងបែបនេះក្នុងនាមជាទូតកិត្តិយសរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា នៅក្នុងកម្មវិធីកិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិ ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ ដើម្បីលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ”។ កម្មវិធីនេះ រៀបចំដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

តាមការសង្កេត កុមារ ក្មេងស្រី និងយុវជនបោះបង់ការសិក្សាក្រោមហេតុផលផ្សេងៗជាច្រើន ឬរៀបការទាំងនៅក្មេងខ្ចី ដែលនាំឱ្យពួកគេបាត់បង់ឱកាសរៀនសូត្រ និងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀបចំផែនការជីវិត។ អ្វីដែលកាន់តែពិបាកនោះ គឺប្រសិនបើពួកគេមានកូនទាំងវ័យក្មេងទៀត នោះនឹងធ្វើឱ្យមានផលប៉ះពាល់ជាច្រើន ទាំងសុខភាព សេដ្ឋកិច្ច ធនធានមនុស្ស និងបញ្ហាជាច្រើនទៀត។

លោកស្រី នាង សុវ៉ាតនា (ហៅថា ឌីជេ ណាណា) រូបភាព៖ Dj Nana Tips

លោកស្រី នាង សុវ៉ាតនា បានរំលឹកថា លោកស្រីស្រឡាញ់គ្នារយៈពេល១០ឆ្នាំទើបសម្រេចចិត្តរៀបការក្នុងវ័យ៣០ឆ្នាំ។ វ័យនេះ ជាវ័យមួយដែលមនុស្សគ្រប់គ្នាយល់ថាចាស់ ហួសអាយុរៀបការ។ ប៉ុន្តែ សម្រាប់លោកស្រីវិញ នេះ គឺជាវ័យមួយដែលលោកស្រីបានរៀនសូត្រ ធ្វើការ និងត្រៀមខ្លួនរួចរាល់សម្រាប់មានគ្រួសារ និងចិញ្ចឹមកូនប្រកបដោយព្រហ្មវិហារធម៌។ លោកស្រីបានបញ្ជាក់ថា ៦ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍មានកូនប្រុសចំនួន២នាក់ ដោយកូនប្រុសពៅទើបតែសម្រាលបាន៣ខែប៉ុណ្ណោះ។ លោកស្រីបានយកចិត្តទុកដាក់ចិញ្ចឹម និងមើលថែកូនជាខ្លាំង បង្រៀនកូនឱ្យស្រឡាញ់សៀវភៅ និងចូលចិត្តអានសៀវភៅ ដោយមិនបង្រៀនកូនឱ្យកាន់ទូរស័ព្ទដូចកូនគេដទៃឡើយ។ លោកស្រីជឿជាក់ថា នៅពេលអនាគត កូនប្រុសរបស់លោកស្រី នឹងក្លាយជាទំពាំងមួយដ៏ល្អរបស់ជាតិ។

ឌីជេ ណាណា អានសៀវភៅឱ្យកូនស្តាប់ (រូបភាព៖ Dj Nana Tips)

លោកស្រីទទួលស្គាល់ថា ក្នុងវ័យនេះ មានកូនតូចជារឿងមួយមិនងាយស្រួល ប៉ុន្តែ លោកស្រីក៏មិនស្តាយក្រោយក្នុងការជ្រើសរើសរៀបការនៅវ័យ៣០ឆ្នាំនោះទេ ព្រោះលោកស្រីបានត្រៀមរួចជាស្រេចចំពោះបញ្ហាដែលនឹងកើតមាននៅពេលមានគ្រួសារ។ ដូច្នេះ ឌីជេ ណាណា ក៏បានលើកទឹកចិត្តដល់កុមារ ក្មេងស្រី និងយុវជន គួរសង្វាតខិតខំសិក្សាឱ្យបានច្រើន ដើម្បីអាចសម្រេចក្តីស្រមៃរបស់ខ្លួនបាន និងចេះរៀបចំគម្រោងសម្រាប់ជីវិតបានល្អប្រសើរតាមរយៈបទពិសោធន៍ផ្សេងៗ ទាំងការគិត និងការសម្រេចចិត្តក្នុងកិច្ចការអ្វីមួយ។

ឌីជេ ណាណា និងស្វាមី ចំណាយពេលបង្រៀនកូនៗ (រូបភាព៖ Dj Nana Tips)

សូមជម្រាបថា លោកស្រី នាង សុវ៉ាតនា ហៅថា ឌីជេ ណាណា គឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ជាបុគ្គលមួយរូបដែលតែងតែចែករំលែកពីបទពិសោធន៍ល្អៗក្នុងជីវិត ការអប់រំ បញ្ហាសុខភាព បញ្ហាជីវិតប្រចាំថ្ងៃ គន្លឹះបីបាច់កូនជាដើម។ លើសពីនេះ លោកស្រីក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាលជាច្រើនក្នុងការលើកស្ទួយសមភាពយេនឌ័រនៅក្នុងសង្គម ជាពិសេស គឺជួយអប់រំ ការពារស្រ្តី និងក្មេងស្រីដែលងាយរងគ្រោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម