Connect with us

ព័ត៌មានជាតិ

ប្រើប្រាស់ថ្នាំជីកសិកម្មត្រឹមត្រូវ ជួយបង្កើនសុវត្ថិភាពស្បៀងអាហារ ទាំងបរិមាណ និងគុណភាព

បានផុស

នៅ

ការ​ប្រើប្រាស់​ថ្នាំ​ជី​កសិកម្ម​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​កំណត់ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ជួយ​ទ្រទ្រង់ សុខភាព​អ្នក​ប្រើប្រាស់ និង​អ្នក​បរិភោគ ជាពិសេស​បង្កើន​ទាំង​បរិមាណ​ទិន្នផល និង​គុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២៣ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ សហការ​ជាមួយ​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ បិទ​វគ្គ​បណ្ដុះបណ្ដាល​អប់រំ​សមត្ថភាព​វិជ្ជាជីវៈ​ដល់​អាជីវករ​លក់ដុំ លក់រាយ​ថ្នាំ​ជី​កសិកម្ម។ ក្នុង​ឱកាស​នោះ លោក តុង យី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​ប្រើប្រាស់​ថ្នាំ​ជី​កសិកម្ម​បាន​ត្រឹមត្រូវ ទៅ​តាម​បទដ្ឋាន​បច្ចេកទេស គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​របស់​ផលិត​កសិកម្ម​គ្រប់​ប្រភេទ ទាំង​ការ​បង្កើន​បរិមាណ គុណភាព ដែល​ជួយ​ឲ្យ​អ្នក​បរិភោគ​មាន​សុវត្ថិភាព។

លោក​បន្ត​ថា តាមរយៈ លោក ប៉ែន វុទ្ធី ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម កាលពី​ពេល​បើក​វគ្គ​បណ្ដុះបណ្ដាល ក៏បាន​បញ្ជាក់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ នៃ​ថ្នាំ​គីមី​ចំពោះ​សុខភាព​អ្នកប្រើប្រាស់ និង​អ្នក​បរិភោគ​ផង​ដែរ។ ការ​យល់ដឹង​បាន​ច្បាស់លាស់​របស់​អាជីវករ​លក់ដូរ គឺ​ធាតុ​ចូល​ដ៏​សំខាន់ ជំរុញ​ឲ្យ​កសិករ​យក​ទៅ​ប្រើប្រាស់​បាន​ត្រឹមត្រូវ​តាម​កម្រិត នៃ​ការ​ប្រើប្រាស់ មិន​ធ្វើ​ឲ្យ​លើស​បរិមាណ ដែល​ជា​ផ្នែក​មួយ នៃ​ការ​ចំណាយ​ទុន​បន្ថែម​ដោយ​ឥតប្រយោជន៍ និង​អាច​ជះឥទ្ធិពល​ដល់​សុខភាព​អ្នក​បរិភោគ។ ការប្រើប្រាស់​បាន​ត្រឹមត្រូវ​តាម​សេចក្ដីណែនាំ ក៏​ជា​ការ​ជួយ​បង្កើន​សុវត្ថិភាព និង​សុខភាព​សាធារណៈ ដែល​នេះ​ជា​ទំនួល​ខុសត្រូវ​ទាំងអស់​គ្នា ទាំង​ការ​ថែទាំ​បរិស្ថាន កាត់​បន្ថយ​ជាតិ​ពុល ឬ​សារ​ធាតុគីមី​ក្នុង​ម្ហូបអាហារ បន្លែ​គ្រប់​ប្រភេទ និង​ស្រូវ​អង្ក ជា​អាហារ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ការ​នាំ​ចេញទៅ​ប្រទេស​នៅ​លើ​ពិភពលោក។ ដូច្នេះ​ចាំបាច់​បំផុត អាជីវករ​គ្រប់រូប មុននឹង​លក់​ទៅ​ឲ្យ​អតិថិជន ត្រូវ​ណែ​នាំទៅ​អ្នក​ប្រើប្រាស់​ផ្ទាល់​ឲ្យ​យល់ដឹង​ពី​ការ​ប្រើប្រាស់ នៃ​ប្រភេទ​ថ្នាំ ជី កសិកម្ម​របស់​ខ្លួន​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក ភុល លីដា អនុប្រធាន​ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត​កំពង់ធំ​ធ្វើ​របាយការណ៍​បញ្ជាក់​ដែរ​ថា ការិយាល័យ​នីតិកម្ម​កសិកម្ម​ខេត្ត​កំពង់ធំ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល អប់រំ​សមត្ថភាព​វិជ្ជាជីវៈ​ដល់​អាជីវករ លក់ដុំ លក់រាយ ថ្នាំ ជី កសិកម្ម ចំនួន ១១ វគ្គ​មក​ហើយ ដែល​មាន​សិក្ខាកាម​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ សរុប​បាន​ចំនួន ១ ១៩៣ នាក់។ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឲ្យ​អាជីវករ​ទាំងអស់​យល់​ដឹង និង​ស្គាល់​ឲ្យ​ច្បាស់​ពី​ប្រភេទ​ថ្នាំ​ដែល​បាន​ចុះបញ្ជី​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួងកសិកម្ម ដើម្បី​លើកកម្ពស់​ការ​គោរព​ច្បាប់ និង​ចូលរួម​លុបបំបាត់​នូវ​ផលិតផល​ថ្នាំ ជី ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ៕

អត្ថបទ ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម