ព័ត៍មានទាន់​ហេតុការណ៏
Search

កោះហៅ​ឧកញ៉ា ស៊ុយ សុផាន ដែល​សម្បូររ​វិវាទ​ដីធ្លី​ជាមួយ​ប្រជាជន​ ឲ្យ​ចូល​ដោះស្រាយ​

ភ្នំពេញ​ ៖ លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​សម្បូរ​រឿងអាស្រូវ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នោះ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កោះហៅ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី ជាមួយ​ប្រជាជន​នៅ​តំបន់​ចំនួន​២ គឺ​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ស្រុក​ពញាឮ ខេត្តកណ្តាល នេះ​បើតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក​បណ្ឌិត ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ផ្ញើជូន​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ទី​១. តម្រូវ​ឲ្យ​លោកស្រី ស៊ុយ សុផាន ចូលរួម​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ និង​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​សុ​ឆន្ទៈ​បញ្ចប់​វិវាទ និង​ស្មារតី​ទទួលខុសត្រូវ និង​ទី​២. រដ្ឋបាល​សុរិយោដី ត្រូវ​ផ្អាក​ការចុះបញ្ជី​ដីធ្លី ឬ​ធ្វើ​ការផ្ទេរ​ផ្ទូរ​ដី​ដែល​មិនទាន់​ដោះស្រាយ​រួច ដើម្បី​ចៀសវាង​ធ្វើ​ឲ្យ​មាន​វិវាទ កាន់តែ​រីក​រាលដាល​តទៅទៀត។

ការសម្រេច​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នេះ ធ្វើឡើង​តាម​លិខិត​ស្នើសុំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៧ និង​ចំណារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧។

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ពី​លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​បើតាម​ឯកសារ​ក្រសួង​រៀបចំ​ដែនដី​បាន​បញ្ជាក់​ថា ក្រសួង​នឹងធ្វើ​ការដោះស្រាយ​លើ​ករណី​វិវាទ​ដីធ្លី​ចំនួន​២​កន្លែង គឺ​ទី​១. ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែលមាន​១៩ ករណី និង​ទី​២. នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល មាន​១​ករណី មានទំនាស់​រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោកស្រី ស៊ុយ សុផាន ដោយ​ប្រជាពលរដ្ឋ​បាន​ចោទថា លោកស្រី​ឧកញ៉ា ស៊ុយ សុផាន ឃុបឃិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​រំលោភ​យក​ដី​របស់​ពួកគាត់។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ លោក ជា សុផារ៉ា ធ្លាប់​បាន​ថ្លែងថា លោក​ធ្លាប់បាន​ចាញ់បោក​លោកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន អ៊ី​ម៉ិច ផង​ដែរ ហើយ​លោក​នឹង​ដោះស្រាយ​សំណុំរឿង​ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​អ្នកស្រី ស៊ុយ សុផាន ដែល​មាន​ជាង​១០០​ករណី​។

លោក ជា សុផារ៉ា បញ្ជាក់​ថា “​ស៊ុយ សុផាន នេះ គឺ​គាត់​ចំណាប់​ណាស់ មនុស្ស​ខ្ញុំ​ថា​ម៉ា​ស្រុក​ខ្មែរ​មនុស្ស​ប្រុស ដែល​ស្រី​បោក​បាន គឺ​ខ្ញុំ​ហើយ​លើក​ទី​១​។ យាយ​ផាន​នេះ ជាមួយ​ខ្ញុំ​ថ្ងៃខែ​ដូច​មិនត្រូវ​គ្នា ឥឡូវ​មកដល់​ក្រសួង​ដែនដី​នេះ មាន​ជាង​១០០​រឿង ដែល​គាត់​ប៉ះពាល់​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ ឲ្យ​តែ​ស្រឡះ​ពេល​តិច គឺ​ដល់​ម៉ោង​ហើយ​”។

លោក ជា សុផារ៉ា បញ្ជាក់​ដែរ​ថា កាល​លោក​នៅ​ជា​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​ចាញ់បោក​អ្នកស្រី​ស៊ុយ សុផាន ពាក់ព័ន្ធ​រឿង​ដីធ្លី និង​បញ្ហា​ផ្សេងទៀត​ដែរ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684