ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ តែងតាំង​កីឡាករ​២​រូប ​ឲ្យ​ធ្វើ​ប្រធាន​ក្រុម ក្នុង​២​ពានរង្វាន់​ផ្សេង​សម្រាប់​រដូវ​កាល​ថ្មី

ក្រុមបាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ សមាជិក​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា បាន​ប្រកាស​ថា ​ក្លិបសម្រេច​តែងតាំង​កីឡាករ​ចំនួន​២​នាក់​ ធ្វើជា​ប្រធាន​ក្រុម​ក្នុង​២​ពានរង្វាន់​ផ្សេងគ្នា​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៧ ដើម្បី​ដឹកនាំ​កូនក្រុម​លើ​ទីលាន​ប្រកួត។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​នៅ​រសៀល​ថ្ងៃ​សុក្រ​ថា ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ សូម​ប្រកាស​ពី​ការតែងតាំង​ប្រធាន​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី ដោយ​ខ្សែការពារ លី ភិ​រុណ ជា​ប្រធាន​ក្រុម​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ខ្សែការពារ​ជនជាតិ​ជប៉ុន Taku Yanagidate ជា​ប្រធាន​ក្រុម​នៅក្នុង​ពានរង្វាន់​លីក​កំពូល​។

តាម​គម្រោង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នឹង​បើ​ទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃអាទិត្យ ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​ប្រកួត​បើកឆាក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លីក រដូវ​កាល​ឆ្នាំ​២០១៧​។ ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ គណៈកម្មការ​នៅ​មិនទាន់​អាច​កំណត់​គូប្រកួត​បាន​នៅឡើយ​នោះទេ។

កាល​ពី​ពេល​ថ្មីៗ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បានដាក់​គោលដៅ​ធ្វើយ៉ាងណា​ត្រូវ​ដណ្តើម​កៅអី​យ៉ាងហោចណាស់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ឡើងលើ (Top5) សម្រាប់​រដូវ​កាល​ថ្មី ខណៈ​ក្រុម​មួយ​នេះ​បាន​ចុះ​កិច្ច​សន្យា​កីឡាករ​បរទេស​ទាំង​៥​រូប​បាន​មុនគេ ដោយ​ក្នុងនោះ​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្ស​រី​យ៉ា Matthew Osa ខ្សែប្រយុទ្ធ​ជនជាតិ​អូ​ហ្គា​ន់​ដា Mohammed Latif ខ្សែបម្រើ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Oladipupo Abiodun ខ្សែ​ការពារ​ជនជាតិ​ជប៉ុន Shimpei Wada និង​ខ្សែការពារ​ជនជាតិ​ជប៉ុន​Taku Yanagidate​។ កាលពីពេល​ថ្មីៗ​ក្លិប​បានសម្រេច​នាំ​យក​កីឡាករ​ខ្មែរ​មួយចំនួន​ដូចជា សេង កុ​សែ​, សាន ឧសភា និង ប៉េង ប៊ុន​ឆាយ ជា​អ្នកចាំទី កីឡាករ អ៊ុក វ៉ាន់​ណេ​, ឡុង បុរាណ និង ម៉ែន មុនី​រ៉ា ជា​ខ្សែការពារ និង​អតីត​កីឡាករ​របស់​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ចាកចេញ​ទៅលេង​នៅ​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​មុខ ព្រំ យ៉ា​ណែ​ត ជាដើម​។

បើ​និយាយ​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា រដូវ​កាល​២០១៦ កន្លង​ទៅវិញ ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​ចំណាត់ថ្នាក់​៨ ក្នុងចំណោម​បញ្ជី​ក្រុម​ទាំង​១០​ជា​សមាជិក ក្រោយ​ប្រកួត​បាន​១៨ លើក ឈ្នះ​បាន​២​លើក ស្មើ​៥​លើក និង​ចាញ់​១១​លើក មាន​៨​ពិន្ទុ ក្នុង​ដៃ​។ លោក ស៊ុំ វណ្ណា សម្រេចចិត្ត​ដឹកនាំ​ក្រុម​ក្នុងនាម​ជា​គ្រូ​បង្វឹក​សម្រាប់​រដូវ​កាល​២០១៧ ខាងមុខនេះ ហើយ​លោក ក្រួច ម៉ុ​ល ដែលជា​ប្រធាន​ក្រុម​ត្រូវ​ដំឡើង​តំណែង​ជា​គ្រូ​ជំនួយ​ផង​ដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114