ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើងឈរ​កំពូល​តារាង​ពានរង្វាន់ Asia Club Pre-Season Championship 2017

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​រក​បាន​៣​ពិន្ទុ​ទៀត ដោយ​សរុប​៩​ពិន្ទុ លើ​គេ ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​វិលជុំ ក្នុង​ពានរង្វាន់​កម្រិត​អន្តរជាតិ​ជាតិ​មួយ​ដែល​ដាក់ឈ្មោះថា Asia Club Pre-Season Championship 2017 បន្ទាប់ពី​យកឈ្នះ​ក្រសួងការពារជាតិ ដោយ​លទ្ធផល ១​ទល់​០ នា​ល្ងាច​ថ្ងៃ​សុក្រ ទី ៣ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

សរុប​លទ្ធផល​ថ្ងៃ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​វិលជុំ​នេះ​នៅ​ថ្ងៃ​សុក្រ ទី​៤​ខែកុម្ភៈ នេះ​តំណាល​គ្នា​នេះ​ក្រុម​Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម Warriors របស់​សិង្ហ​បុរី ស្របពេល​ក្រុម​ក្រសួងការពារជាតិ ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ សរុប​ចំណាត់ថ្នាក់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​១ មាន​៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រសួងការពារជាតិ មាន​៦​ពិន្ទុ​ហើយ​ក្រុម Petaling Jaya Rangers FC មាន​១​ពិន្ទុ​ឈរ​លេខ​៣ ហើយ​ក្រុម Warriors FC ឈរ​លេខ​៤​បាត​តារាង​មាន​១​ពិន្ទុ​ដូចគ្នា​។

ពានរង្វាន់​នេះ​រៀបចំ​ចាប់ពី​ថ្ងៃ​ពុធ ទី​១ នេះ​ដល់​ថ្ងៃទី ៥​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ប្រកួត​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ចូលរួម​ទាំង​៤​មាន ក្លិប​របស់​កម្ពុជា ចំនួន​២​ក្លិប​គឺ ក្រសួងការពារជាតិ និង​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​២​ក្លិប​ទៀត​ជា​ក្រុម​បរទេស​មានដូចជា Warriors FC របស់​សិង្ហ​បុរី និង​ក្រុម​ពាក់កណ្ដាល​អាជីព Petaling Jaya Rangers FC ទើប​ប្តូរ​ឈ្មោះ​មកពី​ក្រុម Air Asia All Stars ក្នុង​លីក​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី​។ តាម​គម្រោង​ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​វិលជុំ មុន​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ជើងឯក​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១២០០០​ដុល្លារ​ផងដែរ​។

សម្រាប់​ប្រកួត​បន្ទាប់​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែកុម្ភៈ ស្អែក​នេះ ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ឈរ​ចំណាត់ថ្នាក់​លេខ​១ ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​ក្រសួងការពារជាតិ នៅ​ម៉ោង​៧​យប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែងរក​ក្រុម​ជើងឯក​សម្រាប់​ឆ្នាំ​ដំបូង​នេះ ខណៈ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​ក្រុម Petaling Jaya Rangers FC ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​៤ Warriors FC នៅ​វេលា​ម៉ោង​៤​រសៀល ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។

ក្លិប​ជា​សមាជិក​នៃ​ពានរង្វាន់​នេះ​បាន​យក​ការប្រកួតប្រជែង​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​រដូវ​កាល​ថ្មី​រៀងៗ​ខ្លួន ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ គឺ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រដូវ​កាល​២០១៧ ដែល​នឹង​ចាប់ផ្ដើម​ខាងមុខ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114