ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា ស្វាគមន៍ Fashootsai ,ឯ​ចាន់ ប៊ុន​លាភ ជួប Samransak នៅ​សង្វៀន បាយ័ន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​២​រូប​របស់​កម្ពុជា ​និង​ថៃ​២​រូប នឹងត្រូវ​ជួបគ្នា​ក្នុង​កម្មវិធី​ប្រដាល់​ខ្មែរ​-​ថៃ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​០៥​ កុ​ម្ភៈ ២០១៧​នេះ ។ អ្នក​ប្រដាល់​កម្ពុជា គឺ​ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ Fashootsai ម្តងទៀត ហើយ​ចាន់ ប៊ុន​លាភ​អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ Samransak ។

​រវាង​ឡៅ ចន្ទ្រា និង Fashootshai ធ្លាប់​ជួបគ្នា​ពីរដង​ហើយ ដោយ​លើក​ទី​១​ជួប​ក្នុង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា ហើយ Fashootshai បាន​វាយ​ចាញ់​ចន្ទ្រា​ដោយ​ពិន្ទុ ។ ជួបគ្នា​លើក​ទី​២ ថ្ងៃទី​២២ ​មករា​ កន្លងមក​ថ្មី​ៗ​នេះ Fashootshai គេ​ភ្លាត់ស្នៀត ត្រូវ​ឡៅ ចន្ទ្រា វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ដោយសារ​ថ្វី​កែង​របស់គេ​។​ដូច្នេះ​នេះ​ជាការ​ជួបគ្នា​លើក​ទី​៣​របស់​អ្នក​ប្រដាល់​ទាំងពីរ​ជួប​ប្រកួត​គ្នា ដែល​ការជួប​នេះ មិនដឹងថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ នោះទេ ? ។

​សម្រាប់​ការជួបគ្នា​រវាង​ ឡៅ ចន្ទ្រា​និង Fashootshai ត្រូវបាន​គេ​ចាត់ទុកថា​ជា​គូប្រកួត​ដ៏​អស្ចារ្យ តឹងតែង​បំផុត ដែល​អ្នក​ប្រដាល់​ទាំង​ឡៅ ចន្ទ្រា និង Fashootsai មិនអាច​ធ្វេសប្រហែស​បាន​នោះឡើយ ។ ពួកគេ​ទាំង​២​រូប ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​ឡៅ ចន្ទ្រា ជា​អ្នក​ប្រដាល់​ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែលមាន​ទម្ងន់​ដូចគ្នា​នោះ ហើយ​យ៉ាងណា​ឡៅ ចន្ទ្រា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ​សម្រាប់​ពេល​បច្ចុប្បន្ននេះ ដោយ​គេ​បានឈ្នះ​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៣,៥០០​គ​.​ក្រ ។

Fashootsai ក៏​ជា​អ្នក​ប្រដាល់​ថៃ​ម្នាក់​ដែល​ខ្លាំង​ដែរ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​វាយ​ឈ្នះ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ក្នុង​ទឹក​ទី​៣ គេ​ឈ្នះ​ ឈឿន ឆៃ​ដែន ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​១ តែ​គេ​ក៏​ធ្លាប់​ចាញ់​ផល សោ​ភ័​ណ្ឌ ដោយ​សន្លប់​ក្នុង​ទឹក​ទី​៣​ម្តង ​និង​ចាញ់​សោ​ភ័​ណ្ឌ​ដោយ​ពិន្ទុ​ម្តង ហើយ​ចាញ់​ ឡៅ ចន្ទ្រា​ដោយ​ពិន្ទុ​ និង​ចុងក្រោយ​នេះ គេ​ចាញ់​ឡៅ ចន្ទ្រា​ក្នុង​ទឹក​ទី​២ ។

​ឡៅ ចន្ទ្រា មាន​កម្ពស់​១,៧០ ម៉ែត្រ មានកំនត់​ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៧៩​លើក ចាញ់​០៤​លើក មិនដែល​ស្មើ និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ចំនួន​៣៣​លើក ។​ចំណែក Fashootsai​វិញ គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៧៥​លើក ឈ្នះ​៥១​លើក ចាញ់​២៣​លើក និង​ស្មើ​០១​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ចំនួន​០៣​លើក ។​ចាំមើល Fashootsai គេ​អាច​សងសឹក​យកឈ្នះ ឡៅ ចន្ទ្រា បាន​វិញ​ដែរ ​ឬ​អត់ នៅក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ ? ។​

ចំណែក​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Samransak ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​Samransak អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​ទេ​។​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​គេ​អះអាងថា​ជា​ជើង​ខ្លាំង​ដែរ តែ​យ៉ាងណា គេ​ក៏​មិនដឹង​ពី​ប្រវត្តិ​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​នេះដែរ ។

ចាន់ ប៊ុន​លាភ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម ។ ជា​លើក​ទី​៧​ហើយ ដែល​គេ​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ដូច្នេះ​ជា​ឪ​កាស​ល្អ​សម្រាប់​ចាន់​ប៊ុន​លាភ ត្រូវធ្វើ​ខ្លួន​អោយ​ល្បីឈ្មោះ​ហើយ ព្រោះ​ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​ជាង​៧០​លើក​នោះ គេ​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៥​នាក់​ប៉ុណ្ណោះ ដោយ​វាយ​ឈ្នះ​៤​និង​ស្មើ​១​នាក់ គឺ​មិនដែល​ចាញ់​នោះទេ ។ ក្នុង​ស្ថិតិ​ប្រកួត​៧០​លើក​នេះ ប៊ុន​លាភ​វាយ​ឈ្នះ​៥៨​លើក ចាញ់​០៩​លើក ស្មើ​០៣​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​១៧​លើក ។ ចាំមើល ចាន់ ប៊ុន​លាភ គេ​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​ទៀត​ដែរ​ឬ​អត់ ?​។​ការប្រកួត​ជាមួយ​ថៃ​ចុង​ក្រោយនេះ ចាន់ ប៊ុន​លាភ វាយ​ចាញ់​Pha Yaklek ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១៤​ មករា​ ២០១៧ ។

​ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​ និង​ខ្មែរ​គ្នាឯង​នោះ ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ ​ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា ប៉ុន្តែ​មិនដែល​ជួបគ្នា​ទេ​កន្លងមក ។ ចាំមើល ជួបគ្នា​លើកដំបូង​នេះ ឆាំ រ៉ែ​ម អាច​យកឈ្នះ​ភុ​ន សោ​ភ័​ណ្ឌ បាន​ឬ​អត់​? ។​
​យ៉ា​ម ខេមរា ក្លិប​រស្មី​កុមារកំព្រា នឹង​ជួប​ប្រកួត​ជាមួយ​ ឡេង លី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ។ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទាំងពីរ​នាក់​នេះ សុទ្ធតែ​ចង់​ឈ្នះ​ដូចគ្នា សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114