ព័ត៍មានទាន់​ហេតុការណ៏
Search

មកទល់ពេលនេះ ​ទិដ្ឋាការ​ចំនួន​៦០,០០០​ ត្រូវបាន​ដកហូត​ ដោយសារ​បញ្ជា​របស់លោក Trump

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ទិដ្ឋាការ​ប្រហែល​៦០,០០០​ត្រូវបាន​ដកហូត​នៅក្រោម​បញ្ជា​ផ្អាក​ការធ្វើ​អន្តោប្រវេសន៍​ជា​បណ្តោះអាសន្ន​មកពី​ប្រទេស​មូស្លីម​ចំនួន​ប្រាំពីរ​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ។​

លោក William Cocks អ្នកនាំពាក្យ​ផ្នែក​កិច្ចការ​កុងស៊ុល​នៅ​ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ការដកហូត​នេះ​មានន័យថា រដ្ឋាភិបាល​បានចាត់ទុក​ជា​មោ​ឃៈ​ចំពោះ​ទិដ្ឋាការ​ការធ្វើដំណើរ​សម្រាប់​អ្នក​ដែល​កំពុង​ព្យាយាម​ចូល​សហរដ្ឋអាមេរិក​ប៉ុន្តែ​ទិដ្ឋាការ​ទាំងនេះ​អាច​នឹង​ត្រូវបាន​ស្ដារឡើងវិញ​នៅពេល​ក្រោយ​ដោយ​មិនចាំបាច់​មានកម្ម​វិធី​ថ្មី​។​

ទោះបីជា​យ៉ាង​ក៏ដោយ សេចក្តីរាយការណ៍​កាល​ពី​ដើមឡើយ​ដែល​លើកឡើង​ពី​សំដី​របស់​មេធាវី​រដ្ឋាភិបាល​នៅឯ​សវនាការ​របស់​តុលាការ​សហព័ន្ធ​គឺ​បានដាក់​តួលេខ​នៃ​ទិដ្ឋាការ​ដែល​ដកហូត​បានរ​ហូត​ដល់​ទៅ​១០០,០០០​ទិដ្ឋាការ​។​

ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋាភិបាល​បានចេញ​ទិដ្ឋាការ​ជនអន្តោប្រវេសន៍​និង​មិនមែន​អន្តោប្រវេសន៍​ជាង​១១​លាន​ទិដ្ឋាការ​នៅក្នុង​ឆ្នាំសារពើពន្ធ​២០១៥​។​

បញ្ជា​ប្រតិបត្តិ​អន្តោប្រវេសន៍​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក Trump កាលពី​សប្តាហ៍​មុន​បាន​ផ្អាក​កម្មវិធី​ជនភៀសខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ជា​បណ្តោះអាសន្ន​ និង​បានដាក់​ការផ្អាក​រយៈពេល​៩០​ថ្ងៃ​លើ​មនុស្ស​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អ៊ីរ៉ង់ អ៊ីរ៉ាក់ លី​ប៊ី សូ​ម៉ាលី ស៊ូដង់ ស៊ី​រី​និង​យេ​មែន​។ លោក Trump បាន​និយាយថា​វិធានការ​នេះ​នឹង​ជួយ​ការពារ​ប្រជាជន​អាមេរិក​ពី​ការវាយប្រហារ​ភេរវកម្ម​។​

បញ្ជា​ប្រតិបត្តិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​រឹតបន្តឹង​របស់​ប្រធានាធិបតី​ថ្មី​ដែល​បាន​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ​ខែមករា​រូបនេះ​។ ក្រោយ​ការចូល​កាន់តំណែង​ភ្លាម លោក​បាន​បង្ករឿង​ក្តៅក្រហាយ​ទាំង​នៅក្នុង​ប្រទេស​និង​នៅលើ​ពិភពលោក​។​

គួរ​បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​ក​បានចេញ​ការណែនាំ​អំពី​ការដកហូត​ទិដ្ឋាការ​នេះ​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧ ​ខែមករា​ដែលជា​ថ្ងៃ​លោក Trump បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​៕ AFP/Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684