ព័ត៍មានទាន់​ហេតុការណ៏
Search

មាស ច័ន្ទ​មាន សងសឹក Pha Yaklek​បានសម្រេច ខ​ណៈ​រ៉ែ​ម រាជ​ចាញ់​Phat Ek

អ្នក​ប្រដា​ល់មាស ច័ន្ទ​មាន អ្នក​ប្រដាល់​ជើង​ខ្លាំង​នៃ​សមាគម​កីឡា​ក្រសួងការពារជាតិ បាន​សងសឹក Phayak Lek បានសម្រេច កាលពី​ថ្ងៃ​ល្ងាច​ទី​០៣​ ខែកុ​ម្ភៈ ឆ្នាំ​២០១៧​ នៅលើ​សង្វៀន​K.Cement របស់​SEA-TV

មាស ច័ន្ទ​មាន បាន​យកឈ្នះ Phayak Lek ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គ​.​ក្រ ។ Phayak Lek ចាញ់​នឹង​កណ្តាប់ដៃ​ដ៏​លឿន រហ័ស ព្រមជាមួយ​នឹង​ការ​ទាត់​ដ៏​ខ្លាំង​និង​ធ្ងន់​របស់​ច័ន្ទ​មាន ធ្វើឲ្យ​អ្នក​ប្រដាល់​ថៃ​រូបនេះ បាត់បង់​ជំហរ​ម្តងៗ​ទៅហើយ ។​

Phayak Lek អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​៩​លើក​ហើយ​កន្លងមក ក្នុង​នោះគេ​វាយ​មាស ច័ន្ទ​មាន ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២០​ ខែមីនា ឆ្នាំ​២០១៦ ។ ជាមួយនេះ គេ​ធ្លាប់​វាយ​ឈ្នះ​វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ឈ្នះ​ភុំ សា​រ៉ា​យ ក្នុង​ទឹក​ទី​៣ ឈ្នះ​ម៉ន ចាន់​ដា​រ៉ា​ដោយ​ពិន្ទុ ឈ្នះ​ង៉ែ​ត្រ រដ្ឋា​ដោយ​ពិន្ទុ និង​ឈ្នះ​ឆៃ សា​រ៉ា ដោយ​ពិន្ទុ ។​ តែ​គេ​ក៏​ធ្លាប់​វាយ​ចាញ់​ឌុ​ម កែវ​ដា ២​លើក​ក្នុង​ទឹក​ទី​២​មួយ​លើក​និង​ទឹក​ទី​១​មួយ​លើក ហើយ​ចាញ់​ឡៅ ចន្ទ្រា ក្នុង​ទឹក​ទី​២​ផងដែរ ។ ​

​ ​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា រ៉ែ​ម រាជ ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប បាន​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ​Phat Thou ដោយ​ពិន្ទុ​បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​ដែរនោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​ ​ក្នុងការ​ប្រកួត​ប្រាំ​ទឹក​នោះ រ៉ែ​ម រាជ គេ​បាន​វាយ​សម្រុក​ដាក់ Phat Thou ណាស់ដែរ ប៉ុន្តែ​មិនអាច​វាយ​ចូល​គោលដៅ​ឡើយ ដោយសារ Phat Thou​គេ​រហ័ស​និង​បន្លាស់​ទី​លឿន ដែល​ធ្វើអោយ​រ៉ែ​ម រាជ​វាយ​ខ្យល់ ។​ ដូច្នេះហើយ​ទើប​បញ្ចប់​ការប្រកួត រ៉ែ​ម រាជ​ចាញ់​ពិន្ទុ Phat Thou

រ៉ែ​ម រាជ កាលពី​ប្រកួត​ជាមួយ​ថៃ​លើក​មុន​(​ថ្ងៃទី​០១​មករា​២០១៧)​នោះ គេ​បាន​ផ្តួល​Phach Pakorn ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ តែ​លើក​នេះ គេ​វាយ​ចាញ់​Phat Thou ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​ Phat Thou​មាន​ប្រវត្តិ​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក និង​ស្មើ​០១​លើក ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ អ្នក​ប្រដាល់​ស៊ឹម សុវណ្ណ​ដេ​ត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ វេន សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣។​

តាមពិត ស៊ឹម សុវណ្ណ​ដេ​ត គេ​ត្រូវ​ប្រកួត​ជាមួយ​ង៉ែ​ត្រ រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ទេ តែដោយសារ​ង៉ែ​ត្រ រដ្ឋា គេ​លើស​ទម្ងន់​ច្រើន​គីឡូ​ពេក ទើប​ប្តូរ​ដាក់អោយ​វេន សុ​ភ័​ក្រ ឡើង​ប្រកួត​ជំនួស​វិញ ។ តែ​យ៉ាងណា​ដាក់​វេន សុ​ភ័​ក្រ​មក​នោះ រឹតតែ​ខ្លាំង​ថែមទៀត ធ្វើឲ្យ​ស៊ឹម សុវណ្ណ​ដេ​ត ទប់​បាន​ត្រឹម​បី​ទឹក​ប៉ុណ្ណោះ​។

សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដែល​ឡើង​សងសឹក​ង៉ែត វុ​ធ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​នោះ គឺ​មិនបាន​សម្រេច​នោះឡើយ ដោយ​វាយ​ចាញ់​ង៉ែ​ត្រ វុ​ធ ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​នោះ ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684