ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះបញ្ជី​កីឡាករ​បរទេស​ពេញ​ហើយ​ត្រៀម​រដូវ​កាល​ថ្មី

​ក្រុមបាល់ទាត់​ អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សមាជិក​ពានរង្វាន់​កំពូល​របស់​កម្ពុជា បាន​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​រូប​ពេញ​លេញ ហើយ ​ក្នុង​នោះ​មាន​កីឡាករ ជប៉ុន​១​រូប អាហ្វ្រិក​ខាងត្បូង​១​រូប កូរ៉េខាងត្បូង ២​រូប ​និង​កា​ម៉េ​រូ​ន​១​រូប ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ នឹង​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែកុម្ភៈ តទៅ​។

យោង​តាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា ​ក្លិប​ជា​សមាជិក​លី​ក​របស់​ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុង​នោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​កីឡាករ​គ្រប់គ្រាន់​ក្នុង​បញ្ជី​ហើយដោយ​ក្នុងនោះ​មាន​កីឡាករ​កូរ៉េខាងត្បូង No Sang Min​មាន​វ័យ ២៤ ឆ្នាំ ជា​អតីត​កីឡាករ​ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​លំដាប់​ទី​៣ នៃ​ប្រទេស​កូរ៉េខាងត្បូង ក្នុង​ក្លិប Yongin City FC មាន​តួនាទី​ជា​ខ្សែបម្រើ​។ ចំណែក​កីឡាករ​កូរ៉េខាងត្បូង​មួយរូប​ទៀត​គឺ​កីឡាករ Jeong Hee Jong​មាន​វ័យ ២៤ ឆ្នាំ​ដូចគ្នា និង​លេង​ក្នុងតួនាទី​ជា​ខ្សែបម្រើ​ដែរ​។ ចំពោះ​កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន​គឺ​កីឡាករ Ngwa Baldwin Afanwi ជា​កីឡាករ​ចាស់​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​តាំងពី​ពាក់កណ្ដាល​រដូវ​កាល ២០១៦ ក្នុងនាម​ជា​ខ្សែបម្រើ​ប្រយុទ្ធ​។ កីឡាករ​រូបនេះ​បង្ហាញខ្លួន ៨ ប្រកួត និង​ប​ញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម​បាន ៣ គ្រាប់​ផងដែរ​។

ចំពោះ​កីឡា​ករទី​៤ មាន​ឈ្មោះថា​Kazu Yanagidate ជា​ជនជាតិ​ជប៉ុន ដែល​ផ្ទេរ​មកពី​ក្លិប​ក្រសួងការពារជាតិ ស្រប​ពេល​ពាក់​កណ្ដាល​រដូវ​កាល​កន្លងទៅ​រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (​ស៊ូ​ម៉ាក់​) ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើង​។ ចុងក្រោយ​គឺ​កីឡាករ Petersen Shane មាន​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង បាន​ចូលរួម​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាំងពី​ពាក់កណ្ដាល​រដូវ​កាល ២០១៦ កន្លងទៅ ក្នុងនាម​ជា​ខ្សែបម្រើ​ការពារ​។ កីឡាករ​រូបនេះ​បង្ហាញខ្លួន​បាន​៧ លើក និង​ទាត់​បាល់​បញ្ចូល​ទី​បាន​១ គ្រាប់​ផងដែរ​។

ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៦ របស់​ខ្លួន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​ក្លិប​ទាំង​១០ ក្រោយ​ប្រកួត​បាន​១៨​លើក​ឈ្នះ​បាន​៤​លើក ស្មើ​ចំនួន​៥​លើក និង​ចាញ់​ចំនួន​៩​លើក មាន​១៧​ពិន្ទុ​នៅ​ក្នុង​ដៃ​។ កីឡាករ​សំខាន់ៗ​ប្រចាំ​ក្លិប​មានដូចជា ទិ​ត្យ ឌី​ណា​, អ៊ុ​ល រ៉ាវី​, លី អា​រី​ហ្វី​ន​, សាយ ពិសិដ្ឋ ជាដើម​។ សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​បើក​ការប្រកួត​ដំបូង​ជាមួយ​ក្លិប​បាល់ទាត់​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ថ្ងៃអាទិត្យ ទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ នា​វេលា​ម៉ោង ៣:០០ នាទី​រសៀល លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ក្នុង​រាជធានី​ភ្នំពេញ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114