ព័ត៍មានទាន់​ហេតុការណ៏
Search

កូនប្រុស​លោក ប្រាក់ សុវណ្ណ​រ៉ា បាក់ដៃ​ស្ដាំ​ពេល​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​ប្រកួត​វិលជុំ​ចុងក្រោយ​នៃ​ពានរង្វាន់​Asia Club Pre-Season Championship

កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ កូនប្រុស​បង្កើត​របស់​លោក ប្រាក់ សុវណ្ណារ៉ា សមាជិក​ក្នុង​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ដួល​បាក់ដៃ​ស្ដាំ​ក្នុង​តង់​ទី​២ ពេល​ខ្លួន​ជួយ​ក្រុម​ប្រកួត​ជុំ​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ ពានរង្វាន់ Asia Club Pre-Season Championship 2017 ជាមួយ​គូប្រជែង​ក្រសួងការពារជាតិ នា​ល្ងាច​ថ្ងៃ​សុក្រម្សិលមិញនេះ។

ខ្សែប្រយុទ្ធ សុវណ្ណ​ពិសិដ្ឋ បាន​ដួល​ច្ប​ត់ដៃ​ស្ដាំ​ពេល​ព្យាយាម​ដណ្តើម​បាល់​ជាមួយ​កីឡាករ ទូច រ៉ូ​ម៉ា របស់​ក្រសួងការពារជាតិ​។ ភ្លាមៗ​ក្រុមការងារ​គ្រូបង្វឹក​បាន​បញ្ជូន​រូប​គេ​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​សង្គ្រោះ​បឋម​រួម​រាល់​។ ក្រោយ​វះកាត់​រួចរាល់​កីឡាករ​វ័យក្មេង​រូបនេះ​បាន​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​អរគុណ​អ្នក​ទាំងអស់គ្នា​បាន​បារម្ភ និង​ជូនពរ​ដល់​រូបខ្ញុំ​។ ពេលនេះ​ខ្ញុំ​បាន​វះកាត់​រួចហើយ​។ ស​ង្ឈឹ​ម​ថា​ការ​របួស​នេះ​មួយ​ជា​បទពិសោធ​ន៍​នឹង​ជាការ​ចងចាំ​ដ៏​ល្អ​មួយ​ទៅ​ចុះ ហើយ​ថា​ខ្លួនឯង​ឆាប់​ជា​ពីរ​បួស​មួយ​នេះ​»​

ទោះបី​មាន​កីឡាករ​របស់ខ្លួន​ម្នាក់​រងរបួស​ធ្ងន់ ប៉ុន្តែ​ក្រុម​របស់លោក សំ វ៉ាន់​ដេ​ត បាន​ប្រកួត​ឈ្នះ​គូប្រជែង​ក្រសួងការពារជាតិ ដោយ​លទ្ធផល ១​ទល់​០ ដោយ​ថ្វី​ជើង​ខ្សែប្រយុទ្ធ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Chigozie Nwaokorie​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ​ឡើងឈរ​កំពូល​តារាង ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​៤ ក្រោយ​មាន​៩​ពិន្ទុ​ច្រើនជាងគេ​។

កន្លងមក​លោក សំ វ៉ាន​ដេ​ត ទទួលស្គាល់ថា​ការបង្កើត​ពានរង្វាន់​ប្រកួត​កម្ដៅ​សាច់ដុំ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្ដើម​នេះ​គឺជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​ក្រុម​ដែល​ចូលរួម ប៉ុន្តែ​លោក​បារម្ភ​បញ្ហា​មួយ​គឺ​ខ្លាច​មាន​កីឡាករ​រងរបួស​ជាយថាហេតុ​។ គ្រោះអាក្រក់​បានកើត​ឡើង​ដូច​ការបារម្ភ​របស់លោក​មែន ប៉ុន្តែ​រំពឹងថា​សម្រាប់​ប្រកួត​ចុងក្រោយ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រសួងការពារជាតិ វេលា​ម៉ោង​៧​យប់​ថ្ងៃអាទិត្យ ទី​៥ ខែកុម្ភៈ នេះ​ម្ដងទៀត​នឹង​បន្តធ្វើ​បានល្អ​និង​មិនមាន​អ្វី​កើតឡើង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684