ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup 2017៖ អាជ្ញាកណ្ដាល​ជប៉ុន កាត់សេចក្ដី​ប្រកួត​របស់​ភ្នំពេញ​ក្រោ​ន ហើយ​អាជ្ញាកណ្ដាល​ស៊ី​រី កាត់សេចក្ដី​ប្រកួត​បឹងកេត​អង្គរ

អាជ្ញាកណ្ដាល​កម្រិត​អន្តរជាតិ (FIFA) ប្រចាំ​ទ្វីប​អាស៊ី ចំនួន​២​រូប​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ចាត់ចែង​ឱ្យ​ដឹង​នាំ​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ាន ជើង​ទី​២ នៃ​ពានរង្វាន់ AFC Cup 2017 ដោយ​ក្នុងនោះ​មាន​ប្រកួត​រវាង​ភ្នំពេញ​ក្រោ​ន ជាមួយ​ម្ចាស់ Home United របស់​សិង្ហ​បុរី និង​ក្រុម​បឹងកេត​អង្គរ ជាមួយ​ម្ចាស់ផ្ទះ Lao Toyota FC របស់​ឡាវ នៅ​ដើម​សប្ដាហ៍​ក្រោយ​។​

ចំពោះ​លោក​Hiroyuki Kimura អាជ្ញាកណ្ដាល​ជនជាតិ​ជប៉ុន នឹង​ដឹកនាំ​ការប្រកួត​រវាង Home United ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ធ្វើឡើង​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​កីឡដ្ឋាន Jalan Besar Stadium វេលា​ម៉ោង​៧និង៣០​នាទី​យប់ (​ម៉ោង​៦និង៣០​នាទី​ល្ងាច​នៅ​កម្ពុជា​)​។ កាលពី​ជើង​ទី​១ ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ក្រុម Home United ដោយ​លទ្ធផល ៣​ទល់​៤ ក្រោម​ការ​កាត់​សេចក្ដី​របស់​លោក​អាជ្ញាកណ្ដាល​Pranjal Banerjee ជា​ជនជាតិ​ឥណ្ឌា​។ ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​ក្នុង​ពូ​ល H​ជាមួយ​ក្រុម Yadanaborn FC ឬ Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​។

ចំណែក​អាជ្ញាកណ្ដាល​មួយ​រូប​ទៀត​គឺ​លោក Masoud Tufayelieh មកពី​ប្រទេស​ស៊ី​រី នឹង​ដឹកនាំ​ការប្រកួត​រវាង Lao Toyota FC ជាមួយ​បឹង​កេត​អង្គរ ធ្វើឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​អង្គារ ទី​៧ កុម្ភៈ លើ​ទីលាន​កីឡដ្ឋាន New Laos National Stadium ក្នុង​ប្រទេស​ឡាវ​។ ការ​ពី​ជើង​ទី​១ ក្រុម​ទាំង​២​បាន​ប្រកួត​ស្មើគ្នា ដោយ​លទ្ធផល ១​ទល់​១ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ការ​កាត់​សេចក្តី​របស់លោក Timur Faizullin អាជ្ញាកណ្ដាល​ជនជាតិ​កៀ​ហ្ស៊ី​ស្ថាន ខណៈ​ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​ត្រូវ ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ចែក​ពូ​ល F ជាមួយ​ក្រុម Johor Darul Ta’zim របស់​ម៉ាឡេស៊ី ក្លិប Magwe របស់​មី​យ៉ាន់​ម៉ា និង​ក្លិប Global របស់​ហ្វីលីពីន ដែល​កំពុង​រង់ចាំ​។

ក្រុម​ភ្នំពេញ​ក្រោ​ន និង​បឹង​កេត​អង្គរ ជា​ក្រុម​២​ក្នុង​ចំ​ណោម​៣​ក្រុម​របស់​កម្ពុជា ដែល​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ក្នុង​ពានរង្វាន់ AFC Cup 2017 វគ្គ​ជម្រុះ​នេះ បន្ទាប់ពី​ក្រុម​ណាហ្គា​វើ​ល ដែលជា​ក្រុម​ជើងឯក​រង​លី​ក​កំពូល​កម្ពុជា រដូវ​កាល​២០១៥ កន្លងទៅ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​បឋម​ដែល​ប្រកួត​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​។ ចំពោះ​បឹងកេត​អង្គរ ទទួលបាន​កៅអី​នេះ​ក្រោយ​ឈ្នះ​ជើងឯក​លី​ក​កំពូល​កម្ពុជា រដូវ​កាល​២០១៦ កន្លង​ទៅហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ដែលជា​ជើងឯក​លី​ក​កំពូល​កម្ពុជា ឆ្នាំ​២០១៥ ទទួលបាន​កៅអី​វគ្គ​នេះ​ក្រោយ​ឈ្នះ​បណ្តឹង​នៅ​តុលាការ​អាជ្ញាកណ្តាល​ផ្នែក​កីឡា (Court Arbitration of Sport)​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស្វី​ស ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ចោទប្រកាន់​ក្លិប​ខ្លួន​ថា​ពាក់ព័ន្ធ​ការគិត​លទ្ធផល​ទុកជាមុន​ក្នុងការ​ប្រកួត នាពេល​កន្លងមក ដោយ​កាលនោះ​សម្រេច​ឱ្យ​ក្លិប​ណាហ្គា​វើ​ល ជា​ជើងឯក​រង​ទៅ​ជំនួស​វិញ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114