ព័ត៍មានទាន់​ហេតុការណ៏
Search

តើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឬ ក្រសួងការពារជាតិ នឹង​ដណ្តើម​បាន​ទឹកប្រាក់​១២០០០​ដុល្លារ​?

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ជា​ក្រុម​លេខ​១ ក្រោយ​ចប់​វគ្គ​ជម្រុះ​វិលជុំ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​២ គឺ​ក្រសួងការពារជាតិ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Asia Club Pre-Season Championship 2017 នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៥​ខែកុម្ភៈ នេះ​ដែលមាន​ប្រាក់រង្វាន់​ចំនួន​១២០០០​ដុល្លារ​អាមេរិក​។

ជំនួប​នៅ​វេលា​ម៉ោង​៧​យប់ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ របស់​ក្រុម​កម្ពុជា ទាំង​២​នេះ​មាន​លក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​តម្លៃ៨​ពាន់​រៀល និង​៤​ពាន់​រៀល ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) ផងដែរ​។ សម្រាប់​សិស្សានុសិស្ស​អាច​ចូល​ទស្សនាការ​ប្រកួត​នេះ​បាន​ដោយ​សេរី គ្រាន់តែ​បង្ហាញ​កាត់​សិស្ស​នៅ​ច្រកទ្វា​ចូល​កៅអីអង្គុយ​។

មុន​ឡើង​ដល់​វគ្គ​នេះ​ ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ឈ្នះ​ទាំង​៣​លើក​នៅ​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ ដោយ​លើកដំបូង​ឈ្នះ​លើ​ក្រុម​Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ដោយ​លទ្ធផល ៣​ទល់​១ ហើយ​បន្ត​យកឈ្នះ​លើ​ក្រុម Worriors FC របស់​សិង្ហ​បុរី ដោយ​លទ្ធផល ៤​ទល់​១ និង​ចុងក្រោយ​ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ១​ទល់​០​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ វិញ​បាន​យកឈ្នះ​លើ​ក្រុម Worriors FC របស់​សិង្ហ​បុរី ដោយ​លទ្ធផល ២​ទល់​១ និង​បន្ត​ឈ្នះ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ដោយ​លទ្ធផល ២​ទល់​១ និង​ចុងក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១​ទល់​០​។

ពានរង្វាន់​នេះ​រៀបចំ​ចាប់ពី​ថ្ងៃ​ពុធ ទី​១ នេះ​ដល់​ថ្ងៃទី៥ ​ខែកុម្ភៈ ឆ្នាំ​២០១៧ ដោយ​ប្រកួត​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​ចូលរួម​ទាំង​៤​មាន ក្លិប​របស់​កម្ពុជា ចំនួន​២​ក្លិប​គឺ ក្រសួងការពារជាតិ និង​ព្រះខ័ន​រាជ​ស្វាយរៀង ហើយ​២​ក្លិប​ទៀត​ជា​ក្រុម​បរទេស​មាន​ដូច​ជា Warriors FC របស់​សិង្ហ​បុរី និង​ក្រុម​ពាក់កណ្ដាល​អាជីព Petaling Jaya Rangers FC ទើប​ប្តូរ​ឈ្មោះ​មកពី​ក្រុម Air Asia All Stars ក្នុង​លី​គ​លំដាប់​ទី​៣ របស់​ម៉ាឡេស៊ី​។

ក្លិប​ជា​សមាជិក​នៃ​ពានរង្វាន់​នេះ​បាន​យក​ការប្រកួតប្រជែង​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​រដូវ​កាល​ថ្មី​រៀងៗ​ខ្លួន ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ គឺ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​រដូវ​កាល​២០១៧ ដែល​នឹង​ចាប់ផ្ដើម​ខាងមុខ​។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពានរង្វាន់​នេះ ក៏មាន​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ជាមួយ​ក្រុម Warriors FC របស់​សិង្ហ​បុរី ចាប់ពី​វេលា​ម៉ោង​៤​រសៀល​តទៅ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114