ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ចន្ទ្រា​ស្មើ ​Fashootsai ,ឯ​ចាន់ ប៊ុន​លាភ​ឈ្នះ​ Samransak

អ្នក​ប្រដាល់​ជើង​ខ្លាំង​២​រូប​របស់​កម្ពុជា ម្នាក់​ប្រកួត​ស្មើ និង​ម្នាក់​ទៀត​ប្រកួត​ឈ្នះ​ថៃ​ ក្នុងការ​ជួបគ្នា​ក្នុង​កម្មវិធី​ប្រដាល់​ខ្មែរ​-​ថៃ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​០៥​​ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ។

ឡៅ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ គេ​បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​ថៃ Fashootsai ហើយ​​ ចាន់ ប៊ុន​លាភ​អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​វាយ​ឈ្នះ Samransak ដោយ​ពិន្ទុ ។​

រវាង​ឡៅ ចន្ទ្រា និង Fashootshai ប្រកួត​គ្នា​យ៉ាង​តឹងតែង​បំផុត ក្នុង​៥​ទឹក​ពេញ​នោះ​។​នៅក្នុង​ទឹក​ទី​៣ ពួកគេ​បាន​វាយ​ប្តូរ​កែង​គ្នា​ទៅវិញទៅមក ដែល​ធ្វើអោយ​ ឡៅ ចន្ទ្រា​បែក​ក្រោម​ភ្នែក​ឆ្វេង ។ លុះ​មកដល់​ទឹក​ទី​៤ ពួកគេ​ទាំង​ពីរបាន​វាយ​ប្តូរ​កែង​ទៀត ដែល​ម្តងនេះ​បានធ្វើឲ្យ Fashootshai បែក​ថ្ងាស​ហូរឈាម ។​ចុងបញ្ចប់ ពួកគេ​ទាំងពីរ​បានទទួល​លទ្ធផល​ស្មើគ្នា ។សម្រាប់​ការជួបគ្នា​រវាង​ឡៅ ចន្ទ្រា ​និង Fashootshai ត្រូវបាន​គេ​ចាត់ទុកថា​ជា​គូប្រកួត​ដ៏​អស្ចារ្យ និង​តឹងតែង​បំផុត ដែល​អ្នក​ប្រដាល់​ទាំងពីរ ឡៅ ចន្ទ្រា និង Fashootsai មិនអាច​ធ្វេសប្រហែស​បាន​នោះឡើយ ។ ពួកគេ​ទាំង​២​រូប ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។

​ចំណែក​ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Samransak ដោយ​ពិន្ទុ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​Samransak អ្នក​ប្រដាល់​ថៃ​ដែលមាន​កំនត់ត្រា​ប្រកួត​៦៣​លើក​​ ឈ្នះ​៥៤​លើក ចាញ់​២០​លើក​ និង​ស្មើ​០២​លើក​នោះ គេ​វាយ​ស៊ូ​ជាមួយ​ ប៊ុន​លាភ ទោះបី​ត្រូវ​ ប៊ុន​លាភ​ វាយ​សម្រុក​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​ទប់ទល់​បាន​ទាំងអស់ ។

​ចាន់ ប៊ុន​លាភ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម ជា​លើក​ទី​៧​ហើយ ដែល​គេ​បាន​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ ។ ក្នុង​ស្ថិតិ​ប្រកួត​៧៤៥​លើក​ទាំង​លើក​នេះ ប៊ុន​លាភ​ វាយ​ឈ្នះ​៦៣​លើក ចាញ់​០៩​លើក ស្មើ​០៣​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​១៧​លើក ។

​ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​ និង​ខ្មែរ​គ្នាឯង​នោះ ឆាំ រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក វាយ​ឈ្នះ ​ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ដោយ​ពិន្ទុ​។ អ្នក​ប្រដាល់​ចាស់វស្សា​ទាំងពីរ ប្រកួត​គ្នា​៥​ទឹក​ពេញ​តែម្តង ។​តែ​ ភុ​ន សោ​ភ័​ណ្ឌ ត្រូវ​ឆាំ រ៉ែ​ម វាយ​អោយ​អាជ្ញាកណ្តាល​រាប់​៨​ម្តង​ក្នុង​ទឹក​ទី​៣ ទើ​បណ្តាលអោយ​ចាញ់​ពិន្ទុ​ឆាំ រ៉ែ​ម​នោះ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114