ព័ត៍មានទាន់​ហេតុការណ៏
Search

ឃីម ឌី​ម៉ា ត្រូវ​អ្នកគាំទ្រ​ព្យាករណ៍​ថា នឹង​ឈ្នះ​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម​

ភ្នំពេញ ៖ កីឡាករ​នាគ​ខ្មៅ ឃីម ឌី​ម៉ា សិស្ស​គុណ​នៃ​ក្លិប​រស្មី​ភូមិ​គៀប​ ខេត្តបន្ទាយមានជ័យ ប​ច្ចុ​ប្បន្ន​ត្រូវបាន​អ្នកគាំទ្រ​ព្យាករណ៍​ថា នឹង​គ្រង​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​៦៣.៥ គីឡូក្រាម នៅលើ​សង្វៀន​អាស៊ីអាគ្នេយ៍​មិន​ខាន ព្រោះ​ប្រកួត​វគ្គ​ជម្រុះ​៤​ប្រកួត​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ទាំង​៤​ប្រកួត ហើយ​បាន​ក្លាយជា​កីឡាករ​ម្នាក់​ស្ថិតក្នុង​ជម្រើស​របស់​អ្នកគាំទ្រ​ភាគច្រើន ដែលមាន​ស្នៀត​ប្រ​យុទ្ធលើស​ង្វៀន​ល្អ ពិបាក​រក​ដៃគូ​ណា​មាន​ប្រវត្តិ​ប្រកួត​ប្រហាក់ប្រហែលគ្នា​មក​ផ្តួល​គេ​បាន​ណាស់​។​

អ្នក​និយម​ទស្សនាការ​ប្រកួត​ប្រដាល់​ដោយផ្ទាល់ នៅតាម​ស្ថានីយទូរទស្សន៍​ពិតជា​ឮ​រឿយៗ​មិន​លស់​ពេល​ឡើយ​ពី​ការសរសើរ ចំពោះ​កីឡាករ​ឃីម ឌី​ម៉ា ដែល​មនុស្ស​ភាគច្រើន​លើក​ឡើង​ថា ជា​ជើង​ខ្លាំង​ហើយ​មាន​ផ្លែ កណ្តាប់ដៃ​និង​កែង​វាយ​ចេញ​ល្អ មិន​ចាញ់​កីឡាករ​ជើងចាស់​នោះ​។

ក្រុមមនុស្ស​ទាំងនេះ​ហាក់​ដឹង​ច្បាស់​ពី​ស្នាដៃ​ដែល​ឃីម ឌី​ម៉ា សម្រេចបាន​នាពេល​កន្លងមក ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀ​រកម្ពុជា​ទម្ងន់​៦៣.៥​គីឡូក្រាម​ និង​ក្នុងពេល​ប​ច្ចុប្បន្ន​នេះ ដែល​ប្រកួត​៤​លើក​ឈ្នះ​ទាំង​៤​លើក មិនមាន​កីឡាករ​ដែល​ចូលរួម​ប្រកួត ធ្វើបាន​ដូច​គេ​ឡើយ​ទាំង​កីឡាករ​មិត្ត​រួម​ជាតិ​និង​កីឡាករ​បរទេស​។ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នាពេលខាងមុខ​នោះ ត្រូវបាន​អ្នកតាមដាន​លើកឡើងថា ឃីម ឌី​ម៉ា មានសង្ឃឹម ឈ្នះ​ច្រើន​លើ​គូរ​ប្រកួត តាមរយៈ​ការប្រើ​ក្បាច់​ចម្រុះ​របស់គេ មាន​ស្នៀត​ជង្គង់ កែង កណ្តាប់ដៃ និង​ស្នៀត​ជើង​ទាត់​ជាដើម​។

ក្នុងការ​ប្រកួត ដែល​កំពុង​ធ្វើ​ឲ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ជាខ្លាំង​នាពេល​ប​ច្ច​ប្បន្ន​នេះ​ផងដែរ​លោកគ្រូ ហេង ប៊ុន​ឃីម ជា​ឪពុក​ និង​ជា​គ្រូបង្វឹក​របស់​កីឡាករ​នាគ​ខ្មៅ ឃីម ឌី​ម៉ា បាន​ឲ្យ​ដឹងថា លោក​ទទួលស្គាល់​មែន​ដែល​មួយរយៈ​នេះ​កូនប្រុស​របស់លោក​ពិត​ជា​កើនឡើង​សមត្ថភាព​ខ្លាំង និង​វ៉ៃ​កាច​ជាង​មុន​ ដោយសារ ឃីម ឌី​ម៉ា មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​ដើម្បី​ត្រៀម​ប្រកួត​នានា​។ ខុសពី​ពេលមុនៗ​ដែល​កូន​របស់លោក​នៅ​រៀន​មិនទាន់​ចប់ និង​ការងារ​ជា​កងរាជអាវុធហត្ថ ក៏​រវល់​ត្រូវ​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដូច្នេះ​កូនប្រុស​លោក​មិនសូវមាន​ពេល​ហាត់​នោះទេ​។ បច្ចុប្បន្ន ឌី​ម៉ា ត្រូវ​នៅ​ប្រចាំ​ក្នុង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ហើយ ដូចនេះ​គេ​មាន​ពេល​ពេញលេញ​ដើម្បី​ហ្វឹកហាត់​។ ចំពោះ​ការរៀនសូត្រ​ក៏​បញ្ចប់​រួចរាល់​ទៀត​។ ចំណុច​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​កូនលោក​រីកចម្រើន​ខ្លាំង​នោះ​។​

ប​ច្ច​ប្បន្ន​នេះ​កីឡាករ​ឃីម ឌី​ម៉ា កំពុង​ត្រូវបាន​មហាជន​ឃ្លាំមើល និង​តាមដាន បន្ទាប់ពី​គេ​មានឈ្មោះ​ឡើង​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀ​កម្ពុជា ដោយ​ការប្រកួត​កន្លងមកនេះ​រូបគេ​បាន​យកឈ្នះ​លើ​ដៃគូ​រហូត ហើយ​ត្រូវ​អ្នកវិភាគ​កីឡាប្រដាល់​ក្នុងស្រុក​អះអាងថា ភាគរយ នៃ​ការ​ឈ្នះ​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀ​កម្ពុជា ទម្ងន់​៦៣.៥ គីឡូក្រាម​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ គឺ​ឌី​ម៉ា​មាន​ភាគរយ​ឈ្នះ ច្រើនជាងគេ​ក្នុងចំណោម​កីឡាករ​ទាំងអស់​ដែល​ឡើងមក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​ត្រូវ​ប្រកួត​នា​ចុងខែ​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684