ព័ត៍មានទាន់​ហេតុការណ៏
Search

បឺត សង្ឃឹម និង​ជ័យ ​ប៊ុន​សង់ អ្នកឈ្នះ​ចុងក្រោយ​ក្នុង​វគ្គ​១៦​នាក់​

ទីបំផុត​អ្នកឈ្នះ​២​នាក់ ក្នុង​ការប្រកួត​លើកចុងក្រោយ​បញ្ចប់​ដំណាក់កាល​ទី​២​ដែលជា​ការប្រកួត​វគ្គ​ជម្រុះ​១៦​នាក់​ចុងក្រោយ ដើម្បី​រក​កៅអី​សម្រាប់​ឈានឆ្ពោះ ទៅ​ប្រកួត​បន្ត​ដំណាក់​ទី​៣ វគ្គ​៨​នាក់​ចុងក្រោយ​សម្រាប់​ដណ្ដើមពាន​រង្វាន់​ជើងឯក TV5 Knock Out Series ទម្ងន់​៦០​គ​.​ក្រ​នោះ គឺ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ ពួកគេ​ទាំងពីរ​នាក់​នេះ បានឈ្នះ​នៅក្នុង​ការប្រកួត​នៅលើ​សង្វៀន​TIFFY Arena នា​យប់​ថ្ងៃ​សៅ​រិ៍ ទី​០៤​ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ។

បឺត សង្ឃឹម គេ​បាន​ប្រកួត​ឈ្នះ ជើងចាស់​វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៣​ទឹក​នោះ ។ ដូច្នេះ វៀត ប៊ុន​ឌឿ​ន គេ​ត្រូវ​ខ្ទាត​ចេញពី​ព្រឹត្តិការណ៍​ពានរង្វាន់​ជើងឯក​Knock Out Series ទម្ងន់​៦០​គ​.​ក្រ នេះ ត្រឹម​ដំណាក់កាល​ទី​២​នេះ ឯ បឺត សង្ឃឹម គេ​នឹងត្រូវ​បន្ត​ការប្រកួត​ជម្រុះ​ក្នុងដំណាក់កាល​ទី​៣ វគ្គ ៨ នាក់ ចុងក្រោយ​បន្តទៀត ។​

ចំពោះ ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ គេ​បាន​វាយ​ឈ្នះ តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៣​ទឹក​នោះ ។ ដូច្នេះតាំង សីហា​ត្រូវ​ហាលអាវ ហើយ​ជ័យ ប៊ុន​សង់ ត្រូវ​នៅ​បន្ត​ការប្រកួត​ដំណាក់កាល​ទី​៣​បន្តទៀត ។​

គួរ​បញ្ជាក់ថា ការប្រកួត​ជម្រុះ​ជុំ​ទី​២​នេះ រើស​បាន​អ្នក​ប្រដាល់​ចំនួន​៨​នាក់​ហើយ ដែល​ត្រូវ​នៅ​ប្រកួត​បន្ត​ក្នុងដំណាក់កាល​ទី​៣ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ពានរង្វាន់​ជើងឯក Knock Out Series ទម្ងន់​៦០​គីឡូក្រាម​។​

អ្នក​ប្រដាល់​ទាំង​៨​រូបនោះ គឺ​ឌុ​ម កែវ​ដប ក្លិប​សុភា​នូ​មានជ័យ , ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា , លាស់ យីន ក្លិប​សម្រែក​រាជសីហ៍ , ស៊ឹម សុវណ្ណ​ដេ​ត ក្លិប​និរោធ​មានជ័យ , វែ​ន សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ , ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , បឺត សង្ឃឹម ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក និង ជ័យ ប៊ុន​សង់ ក្លិប​គី​សែ​មាន​រិ​ទ្ធ​៕​

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684