ព័ត៍មានទាន់​ហេតុការណ៏
Search

ឃីម ឌី​ម៉ា​លេខ​១ កែវ​ដា​លេខ​២ ខណៈ​ថៃ​Loom Leng​លេខ​១ Yakphum​លេខ​២

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​ស្រា​បៀរ​កម្ពុជា​ទម្ងន់​៦៣,៥០០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​០៥ ​ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​ជា​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ​នោះ អ្នក​ប្រដាល់​ឃីម ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Aram Boy​ ហើយ​សេក គឹម​រួន ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​វាយ​ឈ្នះ Fa Phayak។

ឃីម ឌី​ម៉ា គេ​បាន​ផ្តួល​Aram Boy ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ បន្ទាប់​វាយ​ជង្គង់​ចូល​កណ្តៀតក្អម​មួយ​ជង្គង់​ឲ្យ​អាជ្ញាកណ្តាល​រាប់​៨​ម្តង​ទៅហើយ ហើយ​នៅពេល​បន្ត​ការប្រកួត​ទៀត Aram Boy ក៏ត្រូវ​ឌី​ម៉ា​ដាល់​ចូល​ចុងដង្ហើម​មួយ​ដៃ​ទៀត ធ្វើឲ្យ​គេ​ដួលសន្លប់​លែង​ក្រោក​តែម្តង​។

ជាមួយនឹង​ជ័យជម្នះ​ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​ឃីម ឌី​ម៉ា ជាប់​លេខ​១​ក្នុង​ពូ​ល​A​ដែលជា​ពូ​ល​របស់​អ្នក​ប្រដាល់​ខ្មែរ ដោយ​ក្នុង​ការប្រកួត​ជម្រុះ​៤​លើក ឃីម ឌី​ម៉ា​ឈ្នះ​ទាំង​៤​លើក ហើយ​សុទ្ធតែ​ឈ្នះ​ដោយ​សន្លប់​ទៀត បាន​១២​ពិន្ទុ​។ ចំណែក Aram Boy វិញ គេ​មិនបាន​ជាប់​ឡើង​ទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទេ ព្រោះ​ក្នុង​៤​ប្រកួត​ដូចគ្នា​គេ​ឈ្នះ​តែ​២​ប្រកួត​និង​ចាញ់​២​ប្រកួត​បាន​៨​ពិន្ទុ​ប៉ុណ្ណោះ ពោលគឺ​ថិត​នៅ​លំដាប់​លេខ​៣​ក្នុង​ពូ​ល​អ្នក​ប្រដាល់​ថៃ​នោះ។

ចំពោះ​សេក គឹម​រួន ដែល​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Fa Phayak​វិញ​នោះ គឹម​រួន ក៏​នៅតែ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះដែរ ដោយ​ក្នុង​៤​ប្រកួត គេ​ឈ្នះ​បានតែ​១​ប្រកួត​ហ្នឹងឯង គឺ​ចាញ់​៣​ប្រកួត។ ឯ Fa Phayak គេ​ក៏​ជ្រុះ​ធ្លាក់​ត្រឹមហ្នឹង​ដែរ ដោយ​៤​ប្រកួត​គេ​វាយ​ឈ្នះ​តែ​១​ប្រកួត​ចាញ់​៣​ប្រកួត​ដូច​សេក​គឹម​រួន​ដែរ។

សេក គឹម​រួន គេ​បាន​វាយ Fa Phayak ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២ ដោយសារ​ត្រូវ​គឹម​រួន ដាល់​ត្រូវ​មុខជា​ច្រើន​ដៃ ហើយ​អាជ្ញាកណ្តាល​រាប់​៨​ម្តង បន្ទាប់មក​គេ​ក៏ត្រូវ​គឹម​រួន​ទាត់​ឲ្យ​ខូច និង​ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែងឲ្យ​ប្រកួត​តែម្តង។

ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ថា សារុន អ្នក​ប្រដាល់​ក្លិប​ពន្លឺ​ណេ​អុង ដែល​ឡើង​សងសឹក​ម៉ន​ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​នោះ គឺ​មិនបាន​សម្រេច​នោះឡើយ គឺ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​តែប៉ុណ្ណោះ។


រីឯ ប៊ុន សុធា អ្នក​ប្រដាល់ សមាគម​កីឡា​ក្រសួងការពារជាតិ បាន​វាយ​ឈ្នះ​គឿ​ម​សុវណ្ណ​ឌឿ​ត អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៣៕

*រឿង​សោ​ភ័​ណ្ឌ​ឈ្នះ​ឡាវ ឯ ពុទ្ធ​ឆាយ​រិទ្ធី​ចាញ់​ថៃ

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ និង​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ត្រូវ​ឡើង​ប្រកួត​ក្នុង​ជម្រុះ​លើកចុងក្រោយ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao រដូវ​កាល​ទី​ពីរ ទម្ងន់​៦៧​គីឡូក្រាម នៅ​ល្ងាច​ថ្ងៃ​សៅរិ៍ទី​០៤ ​ខែកុម្ភៈ ២០១៧ នៅ​សង្វៀន​SEA-TV​នោះ រឿង សោ​ភ័​ណ្ឌ​ឈ្នះ​ឡាវ ហើយ​ពុទ្ធ​ឆាយ​រិទ្ធី​ចាញ់​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា។

រឿង សោ​ភ័​ណ្ឌ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ឡាវ Thav Uolan ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ដែល​តាម​ការប្រកាស​លទ្ធផល​នោះ គឺ​រឿង សោ​ភ័​ណ្ឌ ឈ្នះ​៣​ទល់​២ បានន័យថា ក្នុងចំណោម​ចៅក្រម​៥​រូប មាន​បី​រូប​ឲ្យ​រឿង​សោ​ភ័​ណ្ឌ​ឈ្នះ ឯ​អាជ្ញាកណ្តាល​ពីររូប​ទៀត ឲ្យ Thav Uolan​ឈ្នះ។ និយាយ​រួម ក្នុងការ​ប្រកួត​ជុំ​ចុងក្រោយ​នេះ រឿង សោ​ភ័​ណ្ឌ យកឈ្នះ Thav Uolan ដោយ​តឹងតែង​បំផុត ។

អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ នឹងត្រូវ​ប៉ះគ្នា​ទៀត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយសារ​ពួកគេ​ទាំងពីរ​បាន​ជាប់​លេខ​ឡើងទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងឋានៈ​ ដែល​សោ​ភ័​ណ្ឌ​ជាប់​លេខ​១​ក្នុង​ពូ​ល​ខ្មែរ គឺ​៤​ប្រកួត​ឈ្នះ​៣ ចាញ់​១​ប្រកួត ឯ Thav Uolan គេ​ជាប់​លេខ​២​ក្នុង​ពូ​ល​ ថៃ ឈ្នះ​២​ចាញ់​២​ប្រកួត ខណៈ​ដែល​លេខ​១​ក្នុង​ពូ​ល​ថៃ​នេះ គឺ​Keng Kat ទោះបីជា​គេ​នៅសល់​មួយ​ប្រកួត​ទៀត​ក្តី​ក៏ដោយ ក៏​គេ​បាន​ជាប់​លេខ​១​ដែរ ដោយ​៣​ប្រកួត​កន្លងមក​គេ​ឈ្នះ​ទាំង​៣​ប្រកួត​ទៅហើយ។

ចំពោះ ពុទ្ធ ឆាយ​រិទ្ធី គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Sang Yout ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ។ ទោះបី​ចាញ់​មិន​ឯកច្ឆន្ទ​ក្តី ក៏​ពុទ្ធ ឆាយ​រិទ្ធី​ចាញ់​១​ទល់នឹង​៤​ដែរ គឺ​ក្នុងចំណោម​ចៅក្រម​៥​រូបនោះ ៤​រូប​បាន​ឲ្យគេ​ចាញ់ ហើយ​១​រូប​ឲ្យ​ឈ្នះ Sang Yout​។​យ៉ាងណា អ្នក​ប្រដាល់​ពីរ​នាក់​នេះ (​ពុទ្ធ ឆាយ​រិទ្ធី​និង Sang Yout) គឺ​ត្រូវ​ជ្រុះ​ធ្លាក់​ដូចគ្នា។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​ខ្មែរ​និង​ខ្មែរ​វិញ សុខ ទូ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត់ ត្រូវ​វាយ​ឈ្នះ​ផាន ផាត់​យុទ្ធ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ ហើយ​ជ័យ សុផល ក្លិប​បាគង​មាន​រិ​ទ្ធ​ខេត្តសៀមរាប ប្រកួត​ចាញ់​រៀវ ចំណាប់ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ក្នុង​ទឹក​ទី​២ ៕

*​តក់ សោ​ភ័​ណ្ឌ ស្មើ Den Phechhit ឯ​ឆៃ សា​រ៉ា ស្មើ Chhart Chhay
អ្នក​ប្រដាល់​តក់ សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បាន​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Den Phechhit ក្នុងការ​ជួបគ្នា​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅលើ​សង្វៀន​SEA-TV ។

អ្នក​ប្រដាល់ Den Phechhit នេះ ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្តង​(១៥​មករា​២០១៧)​កន្លងមក ដោយ​វាយ​ស្មើ​ជាមួយ​មាស ច័ន្ទ​មាន អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​។​ ឥឡូវ​គេ​វាយ​ស្មើ​ជាមួយ​តក់ សោ​ភ័​ណ្ឌ​ទៀត ។​

តក់ សោ​ភ័​ណ្ឌ ជា​លើក​ទី​១​សម្រាប់​គេ​ហើយ ដែល​ត្រូវបាន​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

Den Phechhit នេះ មាន​ប្រវត្តិ​ប្រកួត​៧៩​លើក វាយ​ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក ខ​ណះ​ដែល​តក់ សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​លើក ក្នុងនោះ​ឈ្នះ​៨១​លើក ចាញ់​១២​លើក និង ស្មើ​០២​លើក ព្រមទាំង​ធ្លាប់​ផ្តួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​ជាច្រើនលើក ។

ចំពោះ ឆៃ សា​រ៉ា ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ក៏​ប្រកួត​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ Chhart Chhay ដែរ​។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ.

Chhart Chhay គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ថ្វី​កែង​ល្អ និង​កណ្តាប់ដៃ​ខ្លាំង រហ័ស​ហើយ​លឿន ដូច្នេះហើយ​ទើប​គេ​អាច​ស៊ីសង​ជាមួយ ឆៃ​សា​រ៉ា​បាន​នោះ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ហាក់ ប៉ាន់​ធី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដែល​ឡើង​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​តូច ទូ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នោះ បាន​ត្រូវ​តូច ទូ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ។ ប៉ាន់​ធី ត្រូវ​តូច ទូ ដាល់​ត្រូវ​មុខ​មួយ​ដៃស្តាំ បណ្តាលឲ្យ​ដួល​លែង​ក្រោក ។

ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ចាញ់​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ។​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕

*សោម វិឆ័យ​ចាញ់​ផៃ គឹម​ហឿ​ត ខ​ណៈ​ហេង​វិឆ័យ​ចាញ់​វ៉ែន សុវណ្ណ​

សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា គេ​បាន​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​ផៃ គឹម​ហឿ​ត​អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ។ បន្ទាប់ពី​ប្រកួត​ប្រាំ​ទឹក​នោះ ពួកគេ​ទាំង​ពីរបាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ។

​ពួកគេ​ទាំងពីរ​នាក់​នេះ មាន​និន្នាការ​ខុសគ្នា ដោយ​ផៃ​គឹម​ហឿ​ត​ជា​អ្នក​ប្រដាល់​ចាស់វស្សា ឯ​សោម វិឆ័យ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ។​អ្នក​ប្រដាល់​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​
​ ​សោម វិឆ័យ បាន​បាត់​មុខ​ពីស​ង្វៀន​ប្រមាណ​ជាង​៤​ខែ​ហើយ បន្ទាប់ពី​គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Tom Pe ដោយ​ពិន្ទុ​កាលពី​ថ្ងៃទី​១០​កញ្ញា​២០១៦​កន្លងមក​នោះ ។

ហេង វិឆ័យ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ បាន​វាយ​ចាញ់ អ្នក​ប្រដាល់​ជើងចាស់​វ៉ែន សុវណ្ណ ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ដោយ​ពិន្ទុ​ក្រោយពី​វាយ​គ្នា​៥​ទឹក​នោះ​។​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩ គីឡូក្រាម។

លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ប្រកួត​ចាញ់​យ៉ុ​ន ដា​រ័ត្ន​អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ចំណែក​លីន វីរៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ​ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​ផាន រះ ធ្លាប់​ចាញ់​លីន វីរៈ​ក្នុង​ទឹក​ទី​២​ម្តង​ហើយ កាលពី​ចុងខែ​ធ្នូ​កន្លងមកនេះ ពេលនេះ​គេ​ចាញ់​លីន វិ​រៈ​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114