ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump រិះគន់​តុលាការ ​ខណៈ​ចៅក្រម​កំពុង​ពិចារណា​លើ​បម្រាម​ធ្វើដំណើរ​

​លោក​ប្រធានាធិបតី Donald Trump បាន​វាយ​ប្រ​ហារ​ជាថ្មី​ លើ​តុលាការ​ កាលពី​ថ្ងៃ​ពុធ​ ដោយបាន​ហៅថា “​រឿង​នយោបាយ​” ខណៈ​ចៅក្រម​មួយក្រុម ​បាន​ពិចារណា​លើ​បញ្ជា​ប្រតិបត្តិ​របស់លោក​ដែល​ហាមឃាត់​ជនភៀសខ្លួន​ និង​ភ្ញៀវទេសចរ​ណ៍មកពី​ប្រទេស​មូស្លីម​ភាគច្រើន​ចំនួន​ប្រាំពីរ​។​

ការហាមឃាត់​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​ផ្អាក​ដោយ​តុលាការ​ហើយ​បាន​បង្កជម្លោះ​រវាង​លោក Trump ជាមួយ​ស្ថាប័ន​យុត្តិធម៌​របស់​ប្រទេស​ខណៈដែល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មិនទាន់បាន​បី​សប្តាហ៍​ស្រួលបួល​ផង​។​

ថ្លែង​ទៅកាន់​មេ​ប៉ូលិស​ និង​តម្រួត លោក Trump បាន​សម្តែង “​ការងឿងឆ្ងល់​” ចំពោះ​សវនាការ​មួយ​កាលពី​ថ្ងៃ​អង្គារ​ របស់​ចៅក្រម​ឧទ្ធរណ៍​សហព័ន្ធ​ចំនួន​បីនាក់​ដែល​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ដាក់បញ្ចូល​ការហាមឃាត់​នេះ​វិញ​ដែរ​ឬក៏​អត់​។​

លោក Trump បាន​និយាយថា កិច្ចដំណើរការ​នីតិវិធី​នេះ​គឺជា “​រឿង​អាម៉ាស់​ណាស់​”​។​
​លោក​បាន​បន្តថា “​ខ្ញុំ​មិនដែល​ចង់​ហៅ​តុលាការ​ថា​លំអៀង​ទេ​ដូច្នេះ​ខ្ញុំ​នឹងមិន​ហៅ​វា​ថា​មាន​ភាពលំអៀង​ឡើយ​ ហើយ​យើង​មិនទាន់មាន​ការសម្រេចចិត្ត​មួយ​នៅឡើយ​ទេ​។ ប៉ុន្តែ​តុលាការ​ហាក់ដូចជា​យក​បញ្ហា​នេះ​ធ្វើជា​រឿង​នយោបាយ​”​។​

បម្រាម​របស់លោក Trump ត្រូវបាន​ផ្អាក​ទូទាំងប្រទេស​កាលពី​ថ្ងៃ​សុក្រ​មុន​ បន្ទាប់ពី​រដ្ឋ​ចំនួន​ពីរ​របស់​អាមេរិក​ បាន​អះអាងថា​ វា​ជា​មូលដ្ឋាន​នៃ​ការរើសអើង​សាសនា​ ហើយ​ថា​វា​បាន​បង្ក​ឲ្យ​មាន ការបែកបាក់​ដែល​មិនអាច​ផ្សះផ្សារ​បាន​។​

ស្របពេល​ជាមួយគ្នា​នោះ ក្រុម​អ្នក​រិះគន់​ការហាមឃាត់​នេះ​បាន​អះអាង វា​ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ការរើសអើង​ ប្រឆាំងនឹង​មនុស្ស​ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សាសនា​របស់​ពួកគេ​។​
​ចៅក្រម​ទាំងបី​ដែលមាន​ពីរ​នាក់​ត្រូវបានតែងតាំង​ ដោយ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​ម្នាក់ទៀត​ដោយ​គណបក្ស​សាធារណរដ្ឋ​បានបង្ហាញ​ពី​ការសង្ស័យ​នៃ​ករណី​របស់​រដ្ឋាភិបាល​។ ​លោក​ចៅក្រម Michelle Friedland ដែល​ត្រូវបានតែងតាំង​ដោយ​អតីត​ប្រធានាធិបតី Barack Obama បាន​សួរថា “​តើ​រដ្ឋាភិបាល​បានបង្ហាញ​ភស្តុតាង​ដែល​ត​ភ្ជាប់​ប្រទេស​ទាំងនេះ​ជាមួយនឹង​អំពើ​ភេរវកម្ម​ដែរ​ឬក៏​អត់​? ”​។​

តុលាការ​ ត្រូវតែ​សម្រេច ​ថា​ ​តើ​ត្រូវ​រក្សា ​ការផ្អាក​របស់​តុលាការ​ជាន់​ទាប កែប្រែ​វា​ឬដ​កវា​ចេញ​។ សេចក្តីសម្រេច​របស់​តុលាការ​ ត្រូវបាន​​ គេ​រំពឹងថា​នឹងធ្វើ​ឡើង​មុន​ចុង​សប្តាហ៍​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684