ព័ត៍មានទាន់​ហេតុការណ៏
Search

លោកTrump ប្រា​ប់លោក Xi ថា នឹង​គោរព​គោលនយោបាយ “​ចិន​តែមួយ​” ក្នុង​ការនិយាយ​ទូរស័ព្ទ​លើកដំបូង​

សេត​វិមាន​បាន ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​យល់ព្រម ​គោរព​គោលនយោបាយ “​ចិន​តែមួយ​” របស់​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​ការហៅ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping ខណៈដែល​គាត់​បាន​ចាត់វិធានការ​ដើម្បី​កែលម្អ​ទំនាក់ទំនង​បន្ទាប់ពី​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បារ​ ដោយ​ការនិយាយ​ទៅកាន់​មេដឹកនាំ​របស់​កោះ​តៃវ៉ាន់​។​

សេចក្តីប្រកាស​មួយ​របស់​សេត​វិមាន​បាន​ឲ្យ​ដឹងថា មេដឹកនាំ​ទាំងពីរ​បាន​សន្ទនា​គ្នា​យ៉ាងយូរ​តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ វា​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង ​មុនពេល​ដែល​លោក Trump នឹងត្រូវ​ទទួល​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​សេត​វិមាន​។​
​សេត​វិមាន​បាន​ឲ្យ​ដឹងថា លោក Trump និង​លោក Xi បាន​ពិភាក្សាគ្នា​អំពី​ប្រធានបទ​ជាច្រើន​។​
​សេចក្តីថ្លែងការណ៍​នេះ​បាន​លើកឡើងថា “​លោក​ប្រធានាធិបតី Trump បាន​យល់ព្រម​តាម​សំណើ​របស់លោក​ប្រធានាធិបតី Xi ដើម្បី​គោរព​គោលនយោបាយ ‘​ចិន​តែមួយ​’​។ តំណាង​របស់​សហរដ្ឋ​អាមេរិក​ និង​ចិន​នឹងចូលរួម​នៅក្នុង​ការពិភាក្សា​និង​ការចរចា​លើ​បញ្ហា​នានា​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​”​។​

ការនិយាយ​ទូរស័ព្ទ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភាព​ស្និទ​ស្នាល​ដែល​មេដឹកនាំ​ទាំងពីរ​បាន​សម្តែង​ការ​ជូនពរ​ចំពោះ​ប្រជាជន​របស់​ពួកគេ​។​
​សេចក្តីថ្លែងការណ៍​នេះ​បន្តថា “​អ្នក​ទាំងពីរ​ក៏បាន​ពង្រីក​ការអញ្ជើញ​ឲ្យ​ជួបប្រជុំ​នៅក្នុង​ប្រទេស​របស់ខ្លួន​ផងដែរ​។ លោក​ប្រធានាធិបតី Trump និង​ប្រធានាធិបតី Xi បាន​សម្លឹង​ទៅមុខ​ដើម្បី​ពិភាក្សា​បន្ថែមទៀត​ជាមួយនឹង​លទ្ធផល​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​នៅ​ថ្ងៃ​សុក្រ​បាន​ស្វាគមន៍​ជា​សាធារណៈ​ចំពោះ​លិខិត​របស់លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ដែល​ផ្ញើរ​ឲ្យ​ប្រធានាធិបតី​ចិន Xi Jinping អំពី​ការ​ជូនពរ​ឆ្នាំ​ថ្មី​ដោយ​និយាយថា វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​និង​ថា “​អាហារ​ល្អ​គឺ​តម្លៃ​កំពុង​រង់ចាំ​”​។​
​គួរបញ្ជាក់​ជាថ្មី​ថា លោក Trump បានធ្វើ​ឲ្យ​ប្រទេស​ចិន​តូចចិត្ត​ក្នុង​ខែធ្នូ​ដោយសារ​ការទទួល​ទូរស័ព្ទ​ពី​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ។ ចិន​បានចាត់ទុក​កោះ​តៃវ៉ាន់​ថា​ជា​ខេត្ត​រឹង​ចចេស​មួយ​ដែល​គ្មាន​សិទ្ធិ​ក្នុង​ទំនាក់ទំនង​ការទូត​ ផ្លូវការ​ជាមួយ​ប្រទេស​ណាមួយ​ផ្សេងទៀត​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684