Connect with us

កីឡា

គួច សុកុម្ភៈ ប្រាប់មូលហេតុ​ខ្លះ​ដែល​ខ្លួនបានជាប់​ជម្រើសជាតិឡើងវិញ

បានផុស

នៅ

ឈាន​ដល់​វគ្គ​៣៦​ឆ្នាំ កីឡាករ គួច សុកុម្ភៈ ត្រូវ​បាន​​​គ្រូ​បង្វឹកកោះ​ហៅ​​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មិថុនា​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួច សុកុម្ភៈ ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ចំណាស់ និង​រៀម​ច្បង​មួយ​ចំនួន​ដែល​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ បន្ទាប់​ពី​ខក​​ខាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដូច​ជា ធារី ចន្ថាប៊ីន, អ៊ុំ វិចិត្រ និង​ ចាន់ វឌ្ឍនាកា ជា​ដើម។ ថ្វី​បើ​កន្លង​មក​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ ប៉ុន្តែ​កីឡាករ​ដើម​កំណើត​នៅ​ខេត្ត​កំពង់ធំ​ជា​សមាជិក​ដ៏​សំខាន់​របស់​ក្លិប​ណាហ្គាវើលដ៍​​សម្រាប់​ការ​ប្រកួត​លីគ និង​ជា​ពិសេស​ជួយ​ឲ្យ​ក្លិប​មួយ​នេះ​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ខេមបូឌានលីគ​ខាប់ ដែល​ទើប​តែ​ចប់​ទៅ​កន្លង​ថ្មី​ៗ​នេះ។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​មិថុនា គួច សុកុម្ភៈ ត្រូវ​បាន​គ្រូ​បង្វឹក​បាន​​ផ្តល់​​ឲ្យ​​ចូល​រួម​​ក្នុង​សន្និសីទ​សារព័ត៌មានស្តីពី​ការ​ប្រកួត​ជា​មួយ​បង់ក្លាដែស។ ជា​ទូទៅ​កីឡាករ​ដែល​ចូល​រួម​ក្នុង​សន្និសីទ​គឺ​ជា​ប្រធាន​ក្រុម។ កីឡាករ​រូប​នេះ​បាន​និយាយ​ថា ថ្វី​បើ​ការ​ជ្រើស​រើស​​ក្រុម​ជម្រើស​ជាតិ​លើក​នេះ​មាន​កីឡាករ​រៀម​ច្បង​លាយ​ចម្រុះ​ជា​មួយ​កីឡាករ​វ័យ​ក្មេង​ច្រើន​ ប៉ុន្តែ​​​​​ការ​ហ្វឹក​ហាត់​ប្រហែល​ជា​២​សប្តាហ៍​កន្លង​ទៅ​នេះ​មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។ ​ក្រុម​ទាំង​មូល​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​ការ​ប្រកួត​យប់​ថ្ងៃ​ស្អែក។

តើ​មានកត្តា​អ្វី​​ខ្លះ​ដែល​​​ធ្វើ​ឲ្យ​រូប​គេ​នៅ​តែ​ទទួល​បាន​ឱកាស​ចូល​ជម្រើស​ជាតិសាថ្មី​ ទោះ​បី​ជា​អាយុ​ច្រើន និង​មិន​បាន​ជាប់​ជម្រើស​ជាតិ​ច្រើន​ឆ្នាំ? គួច សុកុម្ភៈ បាន​និយាយ​ថា ៖«​រឿង​ជាប់​ ឬ​មិន​ជាប់ គឺ​ខ្ញុំ​អត់​គិត​​ទេ។ រឿង​សំខាន់​បំផុត​គឺ​យើង​ផ្តោតលើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង។ ការ​សម្រាក​ យើង​ត្រូវ​តែ​គិត ព្រោះ​បាល់ទាត់​ជា​អាជីព​ ជា​ការងាររបស់​យើង។ អីចឹង យើង​ធ្វើ​អ្វី​ក៏​ដោយ យើង​គិត​ពី​វា ហើយ​ពាក់​ព័ន្ធ​នឹង​ជម្រើស​ជាតិ បើ​យើង​អត់​ជាប់​អី​ជា​ដើម ក៏​ខ្ញុំ​អត់​ខ្វល់​ទេ»។

«សំខាន់​បំផុត​របស់​ខ្ញុំ​គឺខ្ញុំ​ខំ​ប្រឹង ហើយ​ខំ​ប្រឹង​ទៀត។ មូល​ហេតុ​​នេះ​ហើយ​បាន​ជា​ខ្ញុំ​អត់​ទាន់​លា​ឈប់​ពី​ជម្រើស​ជាតិ ព្រោះ​ខ្ញុំ​នៅ​តែ​បន្ត​ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ ហើយចុង​ក្រោយ​ខ្ញុំ​នៅ​​តែ​មាន​ឱកាស»។ គួច សុកុម្ភៈសង្កត់​ធ្ងន់។

គួច សុកុម្ភៈ ​បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជាលើក​ដំបូង​តាំង​ពី​ឆ្នាំ​២០០៦ និង​ជាប់ជម្រើស​ជាតិ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​កន្លង​ទៅ​នេះ។ យ៉ាង​ណា ​ប្រហែល​ជា៣​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​គេ​មិន​បាន​ជាប់​ជម្រើស​ជាតិ​ទេ ទើប​​តែ​ឆ្នាំ​២០២៣​នេះ​ទើប​ត្រូវ​បាន​កោះហៅ​ជា​ថ្មី បន្ទាប់​ពី​កីឡា​ស៊ីហ្គេម​ចប់ ​ដែល​គ្រូ​បង្វឹក​ថ្មី​ត្រូវ​ការ​រៀបចំសមាជិក​ក្រុម​ថ្មី៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម