Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំ  

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាបានចាក់ឫសយ៉ាងរឹងមាំទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។ សម្ដេចក្រឡាហោមថ្លែងបែបនេះ ក្នុងឱកាសជួបប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គប្រជុំថា យោងតាមរដ្ឋធម្មនុញ្ញ កម្ពុជាបានប្រកាន់យក របបនយោបាយដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ហើយមេដឹកនាំប្រទេសត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍មានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា តាមរយៈដំណើរការប្រជាធិបតេយ្យសេរីពហុបក្សដ៏រឹងមាំ ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ ដែលក្នុងនាមជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ប្រជាពលរដ្ឋកម្ពុជាបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិទាំងនៅថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់បន្ថែមថា ទន្ទឹមនេះ កម្ពុជាបានចាត់តាំងរៀបចំឱ្យមានការបោះឆ្នោតជាទៀងទាត់ទៅតាមការកំណត់ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ តាមរយៈការបោះឆ្នោតជាសាកល និងបោះឆ្នោតជាអសាកល រួមមាន៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

សម្ដេចក្រឡាហោម បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌតាមការកំណត់ នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយជាអ្នកដឹកនាំប្រទេសជាតិផងដែរ។ ប៉ុន្តែសម្ដេច បញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងដ៏ពិសិដ្ឋនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការជ្រើសរើសបានអ្នកដឹកនាំល្អសម្រាប់ជាតិ ប្រជាពលរដ្ឋដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត មិនត្រឹមតែត្រូវបំពេញឱ្យបានគ្រប់លក្ខខណ្ឌកំណត់ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានប៉ុណ្ណោះទេ តែចាំបាច់ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ។  

ក្នុងន័យនេះ​ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតរបស់ខ្លួន តាមរយៈការចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ចចម្បងរបស់ពលរដ្ឋល្អនៅក្នុងសង្គមប្រជាធិបតេយ្យ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម