Connect with us

KPT+

៧កន្លែង មានទេសភាពស្អាតបំផុតនៅរដូវវស្សា ដើរលេងដោយមិនបាច់ខ្វល់អាកាសធាតុ

បានផុស

នៅ

រដូវវស្សា ជាពេលវេលាដែលធម្មជាតិបង្អួតសម្រស់ ហើយសម្រាប់អ្នកដែលចូលចិត្តការធ្វើដំណើរកម្សាន្ត គយគន់ ទេសភាពស្រស់បំព្រងនៃធម្មជាតិ​ សិក្តិសមបំផុតអំឡុងប៉ុន្មានខែនេះ។ បើនិយាយពីកន្លែងកម្សាន្ត យើងនឹងដល់តំបន់ ធម្មជាតិ ដែលសម្បូរខ្លាំងណាស់នៅលើទឹកដីនៃប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើដំណើរកម្សាន្តនៅរដូវនេះ អាចមានហានិភ័យបន្តិចនៅតំបន់ខ្លះ តែយ៉ាងណា កម្ពុជាក៏មិនខ្វះកន្លែងដើរលេងដែរ ដូចជានៅតំបន់ភ្នំ និងរមណីយដ្ឋាន មានសុវត្ថិភាពខ្ពស់សម្រាប់ការធ្វើដំណើរកម្សាន្ត បើទោះបីជាអាកាសធាតុ មិនអំណោយ​ផលក៏ដោយ។ ដូចនេះ កម្ពុជាថ្មី សូមចែករំលែក ៧កន្លែង ដែលអាចឱ្យយើងកម្សាន្តបាន​ដោយមិនបាច់ភ័យ។

១. ភ្នំខ្នងផ្សារ
ខ្នងផ្សារ ជាកន្លែងដែលទេសចរមិនមើលរំលងឡើយ ក៏ព្រោះតែ​ទីនេះ មានទេសភាពស្អាតខ្លាំង ពិសេសនៅរដូវវស្សា។
នៅពេលដែលយើងឡើងដល់កំពូលភ្នំ យើងនឹងអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា កម្សាន្តបែបដំណើរផ្សងព្រេង បោះតង់ មើលថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ ទិដ្ឋភាពថ្ងៃអស្តង្គតនាពេលល្ងាច សោយសុខនឹងធម្មជាតិ។ រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

២. មណ្ឌលគីរី
មណ្ឌលគីរី ត្រូវបានគេស្គាល់ថា ជាទឹកដីនៃភ្នំដែលក្រាលគ្របដោយរុក្ខជាតិ វាលស្មៅ និងព្រៃឈើចម្រុះជាប្លុកៗ​ ហើយទឹកដីនៃ​ខេត្ត​មួយនេះ តែងផ្តល់​ទស្សនីយភាព​គួរឱ្យចង់​គយគន់​គ្រប់​រដូវ។ នៅខែប្រាំងដែលធម្មជាតិ​ក្រៀម​ស្វិត យើងនឹងអាចមើលឃើញវាលស្មៅពណ៌មាស ដែលក្រាលគ្របប្រជុំភ្នំតូចៗ ជាចំណីអារម្មណ៍ម៉្យាង។ ប៉ុន្តែកាន់តែពិសេសទៀតនោះ គឺសម្រស់មណ្ឌលគិរីនារដូវវស្សានេះ ក៏ព្រោះតែអំឡុងពេលវេលាដែលមានភ្លៀងធ្លាក់ញឹកញាប់នេះ រុក្ខជាតិនឹង​លូត​លាស់​ឡើង​ បង្កើតបានជាទិដ្ឋភាពពណ៌បៃតងខៀវខ្ចី ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងជំនួយដល់សុខភាពភ្នែកថែមទៀត។ ការធ្វើដំណើរកម្សាន្តមកកាន់ខេត្តទេសចរណ៍មួយនេះនារដូវភ្លៀងធ្លាក់ មិនសូវមានជាបញ្ហាចោទប៉ុន្មានទេ ក៏ព្រោះ​តែ​ទីនេះ មានកន្លែងកម្សាន្តលក្ខណៈធម្មជាតិច្រើន បើទោះជាមានបញ្ហាអាកាសធាតុក៏ដោយ។

៣. ភ្នំ ១៥០០
ភ្នំ ១៥០០ ស្ថិតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ទឹកដីនៃអតីតមូលដ្ឋានទ័ពរបស់កងកម្លាំងខ្មែរក្រហមកាន់កាប់ ហើយបច្ចុប្បន្ន​ជាប់​ឈ្មោះ​ជាស្រុក​ទេសចរណ៍​ដ៏​ល្បី និងមាន​ភាព​ទាក់​ទាញ​ខ្លាំង ដោយសារ​សម្រស់ដ៏​ស្រស់​ត្រកាលនៃព្រៃ​ភ្នំធម្មជាតិ ពិសេស​ផ្លូវ​អន្ទង់​អាំង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទេសភាព ដែល​អាច​សម្រាក​កម្សាន្ត ស្នាក់នៅ និងបោះតង់បាន។ ជាទូទៅ ទេសចរដែលមកកម្សាន្ត តំបន់​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ តែង​រក​ការ​ស្នាក់​នៅ​តាម​រីហ្សត ឬផ្ទះស្នាក់ នៅលើភ្នំ​តែ​ម្តង ហើយក្រៅនេះ សម្រាប់​អ្នក​និយម​ការ​ដើរ​លេង​បែប​ដំណើរ​ផ្សងព្រេង គេ​ច្រើន​ធ្វើ​​ដំណើរ​លក្ខណៈ​បោះតង់ នៅលើភ្នំទំព័រ (គួរស្វែងរកអ្នកស្រុកនាំផ្លូវ ព្រោះស្ថានភាពភ្នំនេះពិបាកឡើង និងងាយវង្វេង)។

៤. គីរីរម្យ
មិនថារដូវប្រាំង ឬវស្សា រមណីយដ្ឋានឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈគិរីរម្យ ជាទីឋានដែលទេសចរជាតិមិនដែលរំលង ឡើយ ក៏ព្រោះតែទីនេះ ជាតំបន់ភ្នំធម្មជាតិមានដើមឈើធំៗ ទឹកធ្លាក់ និងកន្លែងកម្សាន្តច្រើន ហើយមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ពិសេសចម្ងាយតែប្រមាណជាង ១០០គីឡម៉ែត្រ ពីភ្នំពេញប៉ុណ្ណោះ។ នៅទីនេះ​ គេនិយមការកម្សាន្ត​បែបបោះតង់ និងពិចនិកខ្លាំងបំផុត។​

៥. ភ្នំបូកគោ
ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើង​ប៉ះ​ផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។

៦. ភ្នំកំពង់ត្រាច
រមណីយដ្ឌានភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ ភ្នំកំពង់ត្រាច ដែលស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​កន្លែង​ដ៏​ពេញនិយម​សម្រាប់​ទេសចរជាតិ និងអន្តរជាតិ។ មកដល់ទីនេះ ទេសចរ​អាច​ងូតទឹកកម្សាន្តទឹកដែលនៅក្នុងរ៉ូងភ្នំ និងទស្សនាសិលាចរិកជាច្រើនក្នុងនោះ។ នៅពេលដែលយើងដើរចូលដល់ក្នុងល្អាងភ្នំ យើងនឹងសំឡេងសត្វយំ ទឹកធ្លាក់ និងរ៉ូងដើរទៅកាន់់ល្អាងតូចធំជាច្រើន។ នៅទីនោះ មានល្អាងមួយ មានវិជ្ជមាត្រប្រមាណ ៣០​ម៉ែត្រ ហើយដីនៅទីនោះ មានពណ៌៧ផ្សេងៗគ្នា។ ល្អាងខ្លះ មានកាំជណ្តើរឡើងកំពស់ប្រមាណ ៤ម៉ែត្រ ព្រមទាំងមានថ្មរចនានៃធម្មជាតិ មើលទៅរាងដូចជារូបសត្វ ឫវត្ថុ។ ចេញពីល្អាងនេះមានរូងមួយទៀត ដែលអាចធ្វើដំណើរបាន ឆ្ពោះទៅល្អាងវាលស្រែ ១០០ និងល្អាងថ្មដុះ។

៧. ទំនប់ប្រទក្សក្រឡា
ទំនប់ប្រទក្សក្រឡា ដែលមានចម្ងាយជាង១០គីឡូម៉ែត្រពីក្រុងកំពត ជារមណីយដ្ឋានធម្មជាតិ ដែលហ៊ុមព័ទ្ធ​​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ភ្នំព័ទ្ធ​ជុំវិញ និងផ្ទៃទឹកប្រមាណ ៣០០០ហិកតា មានខួបប្រាំងខួបវស្សា មិនចេះរីងស្ងួតឡើយ។ នៅដូវភ្លៀងធ្លាក់នេះ នឹងធ្វើឱ្យទីឋានមួយនេះ​ កាន់តែស្រស់ស្អាត ក៏ព្រោះតែមានផ្ទៃទឹកធំល្វឹងល្វើយ អមដោយភ្នំមានរុក្ខជាតិដុះចម្រុះ ខៀវស្រងាត់ រំលេចលើ​សណ្ឋាន​ដី​គ្រួសក្រហម​ស្អាត​ពេក​ក្រៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម