ព័ត៍មានទាន់​ហេតុការណ៏
Search

អយ្យការ​បដិសេធ​មិនឲ្យ​លោក ​គឹម សុខ ពន្យា​ពេល​ចូលខ្លួន ខណៈ​បណ្ដឹង​ថ្មី​មួយទៀត​ដាក់ចូល​តុលាការ​

ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​តាម​វិទ្យុលោក គឹម សុខ កាលពី​វេលា​ម៉ោង​៩ និង​៣០ ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​ បាន​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ពន្យា​រពេល​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​ព្រះរាជអាជ្ញា​អម​តុលាការ ដោយសា​មូលហេតុ​រក​មិនទាន់បាន​មេធាវី​ដើម្បី​ការ​រឿងក្ដី​នៅឡើយ ។​

ក្រោយពេល​ចុះចេញ​ពី​តុលាការលោក គឹម សុខ បាន​អះអាងថា លោក​មិន​ដូរ​ជំហរ​គេចខ្លួន​ទៅ​ក្រៅប្រទេស​ឡើយ លោក​នឹង​នៅ​តតាំង​នឹង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាមផ្លូវ​តុលាការ ហើយក៏​មិន​ដូរ​ដាច់ខាត​នូវ​ជំហរ​ការធ្វើ​អត្ថាធិប្បាយ​រឿង​សង្គម​ និង​នយោបាយ​តាម​វិទ្យុ​បើទោះជា​មាន​បណ្ដឹង​១០០​ទៀត ត្រូវដាក់​ទម្លាក់​សង្កត់​លើ​លោក​ក៏ដោយ។​ ភ្លាមៗ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញលោក​ លី សុ​ផា​ណា បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា ​អយ្យការ​អម​សាលាដំបូង​បាន​បដិសេធ​ការសុំ​ពន្យា​ពេល​ចូលខ្លួន​ឆ្លើយបំភ្លឺ​របស់​ជនជាប់សង្ស័យលោក គឹម សុខ ពោល គឺ​មិន​អនុ​ញ្ញាតឲ្យ​ពន្យា​រពេល​ក្នុងការ​ចូលខ្លួន​ទេ។

ជាមួយគ្នានេះ នៅវេលា​ម៉ោង​១១ ​និង​៣០​នាទី លោក ​គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្ដេចនាយក​រ​ដ្ផ​មន្ត្រី បានមក​កាន់​តុលាការ​ដើម្បី​ដាក់ពាក្យ​មួយ​ថ្មី​ទៀត ប្ដឹង​លោក​គឹម សុខ ពាក់ព័ន្ធ​នឹង​ការវិភាគ​នយោបាយ សួរ​ឆ្លើយ​មួយ​ថ្មី​ទៀត​ជាមួយ​វិទ្យុ​អា​ស៊ី​ស៊េរី​កាលពី​យប់​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក​ គឹម សុខ បាន​ចោទប្រកាន់​រាជរ​ដ្ផា​ភិ​បាល​ថា​បាន​បង្កើត​ប្រព័ន្ធ​មួយ​ ដើម្បី​សម្លាប់​មនុស្ស ហើយ​រកមុខ​ឃាតករ​មិនឃើញដូចជា​បណ្ឌិត កែម ឡី និង​អ្នកតស៊ូ​មតិ​មុនៗ ដូចជា​លោក ជា វ​ជ្ជា ,លោក សម ប៊ុន​ធើ​ន និង​លោក ឈុត វុទ្ធី​ជាដើម។

ក្នុង​ពាក្យបណ្ដឹង​របស់លោកមេធាវី ​គី តិច ដែល​បាន​ដាក់ចូល​តុលាការ​នា​ថ្ងៃនេះ​បាន​បញ្ជាក់ថា ខ្លឹមសារ​នៃ​ការវិភាគ​ក្នុង​កម្ម​វិធី​សួរ​ឆ្លើយ​របស់លោក​ គឹម សុខ នោះ​មាន​ចេតនា​ញុះញង់ និយាយ​ខុស​ការពិត​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន ​និង​ប្រជា​ពលរ​ដ្ផ​មកលើ​រាជរ​ដ្ផា​ភិ​បាល ដើម្បី​បង្កឲ្យមាន​ចលាចល​ក្នុងសង្គម។

​វេទិការ​សួរ​ឆ្លើយ​ដែល​រៀបចំ​ដោយ​វិទ្យុ​អា​ស៊ីស៊េរី​ខាងលើនេះ បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ថែមទាំង​ត្រូវបាន​សាធារណជន​បើក​មើល ស៊ែរ និង​បញ្ចេញមតិ​ជេរប្រមាថ​ច្រើន​លើសលប់​ក្នុង​បណ្ដាញ​ទំនាក់​ទ​នង​សង្គម ជាក់ស្ដែង​ការបញ្ចេញមតិ​ភាគច្រើន​សុទ្ធតែ​ប្រើពាក្យ​អ​សីល​ធ​ម៌ ជេរប្រមាថ និង​បានធ្វើការ​ថ្កោលទោស​ទៅលើ​រាជរ​ដ្ផា​ភិ​បាល​កម្ពុជា។

ក្នុង​បណ្ដឹង​ផងដែរ​ លោក​មេធាវី​បានស្នើ​សុំឲ្យតុលាការ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​១០​លាន​រៀល។ ​ក្រោយ​ដាក់ពាក្យ​បណ្ដឹង​នេះហើយ លោក​មេធាវី​ គី​ តិច​ បាន​ប្រាប់​អ្នកកាសែត​ថា លោក​គឹម សុខ នៅតែ​ប្រព្រឹត្ត​បទល្មើស​ម្ដង​ហើយ​ម្ដងទៀត​មិន​រាងចាល​ក្នុងន័យ​បញ្ឆេះ​កំហឹង​មហាជន ដែល​ទង្វើ​នេះ​មិនអាច​អត់ឱន​ឲ្យបាន​ឡើយ៕