ព័ត៍មានទាន់​ហេតុការណ៏
Search

ដា​ញ់ ម៉ូ​នី​កា លើក​សរសើរ​ចំពោះ​ភក្តីភាព​ស្នេហ៍​របស់​ស្វាមី

ភ្នំពេញ ​៖ ក្រោយពី​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ ហើយ ​បាន​ចេញទៅ​រស់នៅ​សាង​សុភមង្គល​ស្នេហា​ ជាមួយ​ស្វាមី​លើ​ដែនដី​អូស្ត្រាលី​អស់​រយៈពេល​៧​ឆ្នាំ​មកនោះ​ ថ្មីៗ​នេះ​ស្រាប់តែ​តារា​សម្តែង​ស្រី​តួឯក​ក្នុង​រឿង​ទុំ​ទាវ​អ្នកនាង ដា​ញ់ ម៉ូ​នី​កា​ ​ចេញមុខ​ប្រកាស​ថា​ នាង​នឹង​វិល​ត្រឡប់​មក​សម្តែង​ជាថ្មី​នៅ​ទឹកដី​ប្រទេស​កំណើត​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ​។

ប៉ុន្តែ​ទន្ទឹមគ្នា​នឹង​ការប្រកាស​នេះ​ដែរ ​ក៏​មាន​ទស្សនិកជន​ជាច្រើន​បាន​ទន្ទឹង​រង់ចាំ​វត្តមាន​ជាថ្មី​របស់​នាង​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ត​ខ្មែរ​ផងដែរ។

ដោយឡែក​ងាក​មក​រំលឹក​ពី​ចំណង​ស្នេហ៍​ របស់​តារា​សម្តែង​សម្បុរ​ស្រអែម​នាង ដា​ញ់ ម៉ូ​នី​កា ឯណេះ​វិញ​ គឺ​នាង​បាន​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ពោះម៉ាយ​អាណិកជន​ខ្មែរ​អូស្ត្រាលី ​គឺ​លោក ប៊ុន ថែ​ល ដែល​មាន​វ័យ​ជិត​៤០​ឆ្នាំ​ កាលពី​អំឡុង​បំណាច់​ខែកុម្ភៈ​ឆ្នាំ​២០១០។

បន្ទាប់ពី​រៀបការ​តាម​ប្រពៃណី​ខ្មែរ​ភ្លាម ​ពួកគេ​ក៏បាន​ដឹក​ដៃ​គ្នា​ចាក​ចេញពី​ស្រុក​ខ្មែរ​ឆ្ពោះ​ទៅ​រស់នៅ​លើទឹក​ដី​អូស្ត្រាលី​តែម្តង ​រហូតដល់​ពេលបច្ចុប្បន្ន។

យ៉ាងណាមិញ​ បើ​តាម​ការ​កត់សម្គាល់ ​បើ​ទោះបីជា​អតីត​តារា​ស្រី​នាង ដា​ញ់ ម៉ូ​នី​កា បាន​រួម​រស់​សាង​ស្នេហា​ជាមួយ​ស្វាមី​ពោះម៉ាយ​បាន​រយៈពេល​៧​ឆ្នាំ​រហូត​មានកូន​ជាមួយគ្នា​ហើយក៏​ពិតមែន ប៉ុន្តែ​ពុំ​ធ្លាប់​ត្រូវ​បាន​ប្រភព​ណាមួយ​ទម្លាយ​ពី​បញ្ហា​ជម្លោះ​ក្នុង​គ្រួសារ ​ឬក៏​ជីវិត​គូស្នេហ៍​ជា​ប្តី​ប្រពន្ធ​របស់​ពួកគេ​មាន​ភាព​ល្អក់កករ​ជាមួយគ្នា​ម្តង​ណា​ឡើង ​ពោល​គឺ​មានតែ​ការ​លើក​សរសើរ​ចំពោះ​ការ​រក្សា​ចំណង​ស្នេហា​មួយ​នេះ​ ឲ្យ​មាន​ភាព​ឋិតថេរ​ឆ្ពោះទៅ​រក​សុភមង្គម​ជីវិត។

ស្រប​ពេល​ជាមួយគ្នា​ នៃ​ចំណង​ស្នេហ៍​របស់​នាង​ ធ្លាប់​ទទួល​បាន​ការ​លើក​សរសើរ​នេះ​ដែរ​ មុន​នេះ​សាមីខ្លួន​អ្នកនាង ដា​ញ់ ម៉ូ​នី​កា បាន​ទម្លាយ​ប្រាប់​ពី​ជីវិត​ស្នេហា​របស់​នាង​ជាមួយ​ស្វាមី​ដែរ​ថា​ថ្វីត្បិតតែ​ស្វាមី​របស់​នាង​ជា​មនុស្ស​មិនសូវ​យកចិត្ត​ ឬ​ ប្រើប្រាស់​ពាក្យ​លួងលោម​ច្រើន​ក៏​ពិតមែន ​តែ​សម្រាប់​នៅ​ក្នុង​ចិត្ត​គាត់​(​ស្វាមី​)​មិន​ធ្លាប់​មានចិត្ត​ក្បត់​នាង​និង​កូន​ម្តងណា​ឡើយ។

អតីត​តារា​សម្តែង​អ្នកនាង ដា​ញ់ ម៉ូ​នី​កា បាន​និយាយ​បែបនេះ​ថា អូន​ដឹង​ថា ​បង​មិនសូវ​ចេះ​និយាយ​ផ្អែម ​ឬក៏​យកចិត្ត​អូន​ទេ​មាន​ពេល​ខ្លះ​អូន​ខឹង​បង​ក៏​បង​មិនសូវ​ចេះ​លួង​អូន​ដែរ ​តែ​ក្នុង​ចិត្ត​បង​វិញ​គឺ​ស្រឡាញ់​អូន​និង​កូនៗ​ណាស់​ បង​ជា​ប្ដី​ល្អ​ និង ​ប៉ា​ល្អ ​សម្រាប់​អូន​និង​កូន មាន ឬក៏​ក្រ​វា​មិន​សំខាន់​សម្រាប់​អូន​ទេ​ នេះ​ជា​ពាក្យពិត​ចេញពី​បេះដូង​អូន​ អ្វី​ដែល​សំខាន់​គឺ​ការរស់នៅ​ជាមួយគ្នា​ត្រូវ​ចេះ​យល់ចិត្ត​គ្នា​ និង ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​អូន​និង​កូន​មានរឿង​អីចេះ​អត់​អោន​ឲ្យ​គ្នា​ទៅ​បាន​ហើយ។

បន្ថែម​លើ​នេះ​ អ្នកនាង ដា​ញ់ ម៉ូ​នី​កា បាន​លើក​ឡើង​ទៀត​ថា អូន​អាណិត​និង​ស្រឡាញ់​បង​ណាស់​ប្ដី​សំឡាញ់​ចិត្ត​អូន​។ នៅ​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ ​ខាងមុខនេះ​អូន​ នឹង​ធ្វើ​វីដេអូ​Live​ និយាយ​ពាក្យ​ក្នុង​ចិត្ត​អូន​ទៅ​ប្រាប់​បង​ ព្រោះ​វា​ជា​ថ្ងៃ​ពិសេស​ខួប​អាពាហ៍ពិពាហ៍​គម្រប់​៧​ឆ្នាំ​ ដែល​យើង​បាន​រួមសុខ​រួម​ទុក្ខ​រស់នៅ​ជាមួយគ្នា​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684