ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ឃុំ​ជ្រោយ​ស្វាយ ចោទ​មេភូមិ និង​មេឃុំ​ថា ឃុបឃិត​គ្នា​ស៊ី​ញ៉េ​លក់​ដី​ត្រពាំង​របស់​រដ្ឋ​

​កោះកុង​ ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ នៃ​ស្រុក​ស្រែអំបិល បាន​ចោទប្រកាន់​មេភូមិ​ជ្រោយ​ស្វាយ​ខាងកើត និង​មេឃុំ​ជ្រោយ​ស្វាយ ថា ឃុបឃិត​គ្នា​ស៊ី​ញ៉េ​លក់​ដី​ត្រពាំង​របស់​រដ្ឋ ក្នុងតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​អ្នកមាន​លុយ​ម្នា​ក់នៅ​ស្រុកស្រែ​អំបិល​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដី​ត្រពាំង​របស់​រដ្ឋ​ដែល​លោក​មេភូមិ និង​មេឃុំ ឃុបឃិត​គ្នា​លក់ មានឈ្មោះ​ត្រពាំង​ធ្វេ​ក មាន​ទំហំ​រាប់សិប​ហិកតា នៅ​ចម្ងាយ​ពី​ភូមិ​ប្រមាណ​២​គីឡូម៉ែត្រ ត្រូវបាន​លោក​ទាំង​២​ឃុបឃិត​គ្នា​លក់​យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

​បើតាម​ប្រជាពលរដ្ឋ​ថា ឈ្មួញកណ្តាល​ដែល​ជួយ​ក្នុង​ការលក់​ដី​នេះ​មានឈ្មោះ ឆុន ដោយ​គេ​គួ​ក​ជេ​លក់​ដី​ត្រពាំង​ខាងលើ​ទៅ​ឲ្យ​អ្នកមាន​លុយ​ជា​អ្នកស្រុក​ស្រែអំបិល ហើយ​នៅពេល​ថ្មីៗ​នេះ​អ្នកមាន​លុយ​រូប​នោះបាន​យក​គ្រឿងចក្រ អា​អ៊ិ​ច មក​ជីក​ហ៊ុមព័ទ្ធ​ដី​ត្រពាំង​តែម្តង​។​

​ពលរដ្ឋ​បន្តទៀតថា កន្លងមក​ខាង​អាជ្ញាធរ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ ដោយ​មិនដែល​គិតពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ម្តងណា​ទេ ជាក់ស្តែង​ដូចជា​ត្រពាំង​ធ្វេ​ក​នេះ ប្រជាពលរដ្ឋ​តែង​មក​ដាក់មង​នេសាទ​យក​ត្រី​បន្តិចបន្តួច​ផ្គត់ផ្គង់​គ្រួសារ ស្រាប់តែ​ពេលនេះ បែរជា​ត្រូវ​អាជ្ញាធរ​នាំគ្នា​ឃុបឃិត​លក់​ទៅ​ឲ្យ​ឈ្មួញ​ទៅវិញ​។​

​ជុំវិញ​ការចោទប្រកាន់​នេះ លោក ប៉េ​ប ជឿន មេភូមិ​ជ្រោយ​ស្វាយ​ខាងកើត បាន​ថ្លែងថា លោក​បាន​ស៊ី​ញ៉េ​លក់​ដី​ប្រាកដ​មែន តែ​មិនបាន​ស៊ី​ញ៉េ​លក់​ដី​ត្រពាំង​ទេ ដោយ​ថា ចាំ​លោក​ចុះទៅ​ពិនិត្យមើល​។ ចំណែក​លោក ធន នន មេឃុំ​ជ្រោយ​ស្វាយ ក៏បាន​ថ្លែង​ទទួលស្គាល់​ដែរ​ថា លោក​ក៏បាន​ស៊ី​ញ៉េ​ដូចគ្នា តែ​មិន​មានការ​ស៊ី​ញ៉េ​លក់​ដី​ត្រពាំង​ដូច​ការចោទប្រកាន់​រប​ស់​ពលរដ្ឋ​នោះទេ​។ លោក​ថា លោក​នឹង​ឲ្យ​មេភូមិ​ចុះទៅ​ពិនិត្យមើល​។​

​ចំពោះ​ករណីនេះ យើង​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី លោក ជា នាង ប្រធាន​ភូមិបាល​ស្រុកស្រែ​អំបិល​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​មិនអាច​ទំនាក់ទំនង​បាន​។ តែ​យ៉ាងណាក៏ដោយ លោក ទួន សិលា អភិបាលស្រុក​ស្រែអំបិល បាន​មានប្រសាសន៍ថា រឿង​លក់​ទិញ​ដី​នៅក្នុង​ឃុំ​ជ្រោយ​ស្វាយ ខាង​លោក​មិនទាន់​បានទទួល​លិខិត​ជា​ផ្លូវការ​ណាមួយ​ពី​លោក​មេឃុំ​ជ្រោយ​ស្វាយ​នោះទេ ហើយ​ចំពោះ​រឿង​ថា​មាន​ក្រុមហ៊ុន​ចុះទៅ​ទិញ ឬ​យ៉ាងណា ក៏​លោក​ពុំបាន​ទទួល​ឯកសារ​ជាក់លាក់​ណាមួយ​នៅឡើយ​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684