Connect with us

កីឡា

គ្រូ​ប្រដាល់​ម្នាក់​ប្រាប់​​​ថា កុំ​ឲ្យ​​​តម្លៃ​កីឡាករ​​ថៃ​សាមីពេក បន្ទាប់ពីឈ្នះ ឈឿង ល្វៃ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ និង​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​​សុខ​ស្រួល​​ឡើយ​ចំពោះ​កីឡាករ​ សាមី បានចាមេក បន្ទាប់​ពី​កីឡាករ​ថៃ​រូប​នេះ​បាន​ផ្តួល​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈឿង ល្វៃ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣។

ក្នុង​នោះ កីឡាករ​ប្រេស៊ីលសញ្ជាតិ​ខ្មែរ សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira) បាន​ប្រកាស​ជួប សាមី ដើម្បី​សង​សឹក​ឲ្យ​ ឈឿង ល្វៃ។ ជាមួយ​គ្នា​នេះ​ក៏​ការ​លើក​ឡើង​ជា​ច្រើន​អំពី​កីឡាករ​គុន​ខ្មែរ​ដែល​អាច​​ជួប​​សាមី​​បន្ទាប់​ ក្នុង​នោះ​មាន​ផេក​ខ្លះ​បាន​លើក​ឡើង​កីឡាករ​ល្បី​ៗ​ដូច​​ជា រឿង សោភ័ណ្ឌ, ព្រំ សំណាង, ឡៅ ចន្ទ្រា, ធឿន ធារ៉ា និង Thiago ជា​ដើម​ដែល​សុទ្ធ​តែ​កីឡាករ​លំដាប់​ A នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​លើក​ឡើង​បែប​នេះ​​ត្រូវ​បាន​ លោក ជា រិទ្ធ គ្រូ​បង្ហាត់​ប្រដាល់​ម្នាក់​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា ៖«គ្រាន់​តែ​កីឡាករ​ធម្មតា​ម្នាក់​របស់​គេ​ ហេតុ​អី​យើង​ចាំ​បាច់​ប្រមូល​កីឡាករ​កម្រិត A យើង​ទាំង​អស់​មក​ធ្វើ​អី? ចុះ​បើ​ចាញ់​ទាំង​អស់​ទៀត តើ​យើង​គិត​ម៉ិច? បើ​តាម​គំនិត​ខ្ញុំ​កុំ​ឲ្យ​តម្លៃ​គេ​ពេក​ ចង់​ឈ្នះ​គេ​ពេក តែ​យើង​កំពុង​​ឲ្យ​តម្លៃ​មុយ​ថៃ​ហើយ។ ខ្ញុំ​គិត​ថា​គេ​កំពុង​សើច​យើង​ហើយ​មើល​ទៅ​»។

«នេះ​គ្រាន់​តែ​សាមី​ម្នាក់​ មក​អុក​ឡុក​គុន​ខ្មែរ​ពេញ​ប្រទេស ចុះ​ទម្រាំ​តែ​លំដាប់ A គេ​ទៀត​នោះ​ តើ​យើង​នៅ​ណា​ក្នុង​កែវ​ភ្នែក​ពិភព​លោក។ ហើយយើងកម្រិត A យើង​ឈ្នះ​កម្រិត​ខេត្ត​គេ​ ក៏​មិន​សូវ​មាន​ន័យ​ដែរ។ ដូច​ រឿង សោភ័ណ្ឌ​ គួរ​តែ​វាយជា​មួយ​សែន​ឆៃ​ បាន​ស័ក្តិសម។ នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​​មួយ​​ជ្រុង​ប៉ុណ្ណោះ។ សូម​អរគុណ ខុស​ឬ​ត្រូវ​សូមអភ័យ​ទោស»។ លោក​បាន​បន្ថែម។

នៅ​ពេល​នេះ​សូម​រក្សា​ភាព​ស្ងប់​ស្ងាត និង​សម្ងំ​​បង្កើន​សមត្ថភាព​ឲ្យ​ឈាន​ដល់​កម្រិត​ខ្ពស់​​ទើប​រក​ពេល​វេលា​សមរម្យ​ដើម្បី​ប្រកួត ស្រប​ពេល​ សាមី អាច​នឹង​បន្ធូរ​បន្ថយ​ក្នុង​ការ​ហ្វឹក​ហាត់។ នៅ​ពេល សាមី កំពុង​តែ​សម្រុក​ហ្វឹក​ហាត់ ហើយ​សមត្ថភាព​កំពុង​ខ្លាំង​ ដូច្នេះ​សូម​កុំ​​ប្រញាប់​​ប្រកួត​ពេក។

ពិត​ណាស់ កីឡាករ សាមី កំពុង​អុកឡុក​ពិភព​ប្រដាល់​គុន​ខ្មែរ​​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​កម្ពុជា​ចង់​ឃើញ​​អ្នក​លេង​គុន​ខ្មែរ​បំបាក់​កីឡាករ​ថៃ​ម្នាក់​នេះ។ ចាប់​តាំង​ពី​មក​ប្រកួត​នៅ​កម្ពុជា​កាល​ពីដាច់​ឆ្នាំ​២០២២​មក រូប​គេ​ប្រកួត​ចាញ់​២​ដង​​ប៉ុណ្ណោះ​គឺ​ចាញ់ ព្រំ សំណាង ដោយ​សន្លប់​ និង​ចាញ់​ពិន្ទុ​ ធឿន ធារ៉ា ប៉ុន្តែ​រូប​គេ​​បាន​ផ្តួល ឡៅ ចន្ទ្រា, ធន់ រិទ្ធី, ឈឿង ល្វៃ ពីរ​ដង និង​ស្មើ​ពិន្ទុ ធឿន ធារ៉ា​១​ដង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម