ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​យន្ត មីន ​អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​តំបន់​កោះរុង

ព្រះសីហនុ​៖ លោក យន្ត មីន អភិបាល​នៃគណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​សន្និសីទសារ​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧ ​នេះ ​បាន​ទ​ទួល​ស្គាល់​ថា ​ការកាប់បំផ្លាញព្រៃឈើ​ធម្មជាតិ​ពិតជា​មាន​មែន ប៉ុន្តែរ​មិនមាន​សភាព​ធ្ងន់ធ្ងរនោះទេ​ គឺ​កាប់​មាន​ចំនួនតិច​តូចប៉ុណ្ណោះ​។​ លោក​បាន​បញ្ជាក់ថា ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែងរវាង​លោក និងលោក សៅ សុខា មេបញ្ជាការ​ប៉េ​អឹម​ផ្ទៃ​ប្រទេស រួម​នឹង​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ធកាលពី​រសៀល​ថ្ងៃទី​១៥ កន្លងទៅ​ថ្មីៗ​នេះ ​ឃើញថា តំបន់​ដែល​បាន​កាប់​ព្រៃឈើ​នោះ គឺជា​តំបន់​ដែល​រដ្ឋាភិបាល ឬ​ថ្នាក់ជាតិ​ចុះ​វាស់ដី​ផ្តល់ជូន​ពលរដ្ឋ ដើម្បី​ពង្រីក​ការដាំដុះ និង​ធ្វើ​អាជីវកម្ម​តាម​គ្រួសារ​នីមួយៗ​រួច​ហើយ និងមិន​ការពា​ក់ព​ន្ធ័​នឹង តំបន់ហាមឃាត់​ការពារ​ដោយ​អនុ​ក្រឹត្យ​នោះទេ​។

​ប៉ុន្តែប្រសិន​ជាមាន​សកម្មភាព​កាប់​រាន​ដីព្រៃ​ធម្មជាតិ​ក្នុង ឧទ្យាន​ជាតិ​កោះរុង​វិញ​នោះ អាជ្ញាធរខេត្ត​នឹង​អនុវត្ត​ន៍​វិធានការ​ច្បាប់ មិន​ឲ្យ​ជន​ដែល​ពាក់​ព័​ន្ធរួច​ខ្លូន​នោះឡើយ​។​ ប៉ុន្តែ​បើទោះជា​យ៉ាងណាក៏ដោយ លោក​អភិបាលខេត្តព្រះសីហនុ​ បានធ្វើការ​អំពាវនាវ​ផងដែរ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បញ្ឈប់​នូវ​សកម្មភាពការកាប់ព្រៃ​បន្តទៀត បើទោះជា​តំបន់​នោះ​ត្រូវបាន​កាត់​ខ្វៀ​លហើយ​ក៏ដោយ ពីព្រោះ​ព្រៃឈើ​ធម្មជាតិ គឺ​ផ្នែក​មួយ​មាន​សារៈ​សំខាន់បំផុត លើ​វិស័យ​ទេសចរ​ណ៍​។

លោកវរ​សេនី​យ៍​ឯក បាន តុលា បាន​ឲ្យដឹងថា បន្ទាប់ពីដំណើរត្រួតពិនិត្យ​ពី​លោក សៅ​សុខា មក នា​ព្រឹក​ថ្ងៃទី​១៧​ នេះលោកបានទទួល​បទបញ្ជា​ប​ន្ទា​ន់​មួយ​ដោយ តម្រូវឲ្យ​រូប​លោកដឹកនាំ​កម្លាំង​ចុះទៅ​កាន់​កោះរុង​ជាបន្ទាន់ ក្នុង​គោលបំណង​ធ្វើការ​ស៊ើបអង្កេត ​និង​ទប់ស្កាត់​ជាបន្ទាន់នូវ​ការកាប់​ទន្ទ្រាន​ព្រៃឈើ​នៅលើ​កោះរុង​គ្រប់​រូបភាព បើទោះបីជា​ដី​នោះ​ត្រូវបាន​អាជ្ញាធរ វាស់វែង​រួច ហើយ យ៉ាងណាក៏ដោយ​។

គួរបញ្ជាក់​ផងដែរ​ថា តំបន់​កោះរុងនេះក្រោយពីរ​រាជរដ្ឋាភិបាល​សម្រេចកាត់​ខ្វៀ​ល​ដីទំ​ហំ ២០០០​ហិកតា​សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​រួចមក ​សកម្មភាពនៃ​កាប់បំផ្លាញ​ព្រៃ​ធម្មជាតិ​បានកើតឡើងយ៉ាង​ពេញបន្ទុក ដោយ​ការកាប់​នេះ​បាន​កើតឡើង​ខណៈពេលមន្ត្រី​ជំនាញពាក់​ព​ន្ធ័​ និងមន្ត្រី​រដ្ឋបាលខេត្ត​ធ្វើការ​បញ្ជាក់ថា ដី​ដែលមាន​ព្រៃឈើមិនអាច​ធ្វើការ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យបានទេ ពីព្រោះ​ដី​ដែលមាន​ព្រៃឈើ​ គឺជា​ដី​របស់​រដ្ឋ។​ផ្តើមចេញពី​រប​ញ្ហា​បែបនេះ បានធ្វើ​ឲ្យ​កើតមាន​ចលនា​កាប់​ព្រៃ ស្ទើរ​គ្រប់​ច្រកល្ហក យ៉ាងសកម្មដោយ​បងប្អូន​ប្រជាពលរដ្ឋទាំងនោះ​យល់ថា បើ​មិន​កាប់​ព្រៃឈើ​ឲ្យ​អស់​ទេនោះ​ច្បាប់​ជា​មន្ត្រី​ជំនាញ​មិន​វាស់ដី​ឲ្យ​ទេ​៕​