ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រីជាន់ខ្ពស់ ​ក្រសួងទេសចរណ៍​ បាន​លើកឡើងថា ទេសចរណ៍​កីឡា​ ត្រូវបាន​ចាត់ទុកជា​ផលិតផល​ទេសចរណ៍ ដែលមាន​កំណើន​ខ្ពស់ និង​មាន​ភាព​ធន​ខ្ពស់ ​បើ​ធៀប​នឹង​ផលិតផល​ផ្សេង​

​សៀមរាប​ ៖ លោក​តុ​ប សុភ័ក អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​ ពិគ្រោះ​យោបល់​ស្តីពី ​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ ទេសចរណ៍​កីឡា​ឆ្នាំ​២០១៧-២០២៣​នៅ​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែ​កុ​ម្ភៈ​នេះ​ថា នៅ​ទសវត្ស​រ៍ ​ចុង​ក្រោយនេះ​ទេសចរណ៍​កីឡា​ត្រូវ​ចាត់ទុកជា​ផលិតផល​ទេសចរណ៍ ដែលមាន​កំណើន​ខ្ពស់​ និង​មាន​ភាព​ធុន​ខ្ពស់​បើ​ធៀប​នឹង​ផលិតផល​ទេសចរណ៍​ផ្សេងៗ​ទៀត​។

​លោក​បាន​បន្តថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​កីឡា​ឆ្នាំ​២០១៧-២០២៣​នេះ គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​តាមរ​យៈ​សកម្មភាព​ទេសចរណ៍​នានា ហើយ​ទេសចរណ៍​កីឡា​នេះ​នឹង​រួមចំណែក​ជំរុញការអនុវត្ត​គោលនយោបាយ​ជាតិ​ក្នុង​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គម​។ ​លើសពីនេះទៅទៀត​ទេសចរណ៍​កីឡា​នេះ នឹង​ប្រែក្លាយ​តំបន់​ដែល​ធ្លាប់​រៀបចំ​ព្រឹ​ត្ត​ការណ៍​កីឡា​ពី​អតីតកាល​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​កីឡា​ប្រកបដោយ​ភាពកក់ក្តៅ​។​

លោក​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​កីឡា​នេះ ច​ប្ចុ​ប្បន្ន​កម្ពុជា​បានរៀបចំ​ឲ្យ​មាន​ព្រឹ​ត្ត​ការណ៍​សំខាន់ៗ​ចំនួន​៥​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រៅ​ពីស​ក្តា​នុព​ល​ដែលមាន​ស្រាប់​ក្នុងនោះ​មាន ព្រឹ​ត្ត​ការណ៍​បុណ្យ​សមុទ្រ បុណ្យ​ទន្លេ ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក ព្រឹ​ត្ត​ការណ៍​អង្គរសង្ក្រាន្ត និង​ព្រឹ​ត្ត​ការណ៍​រត់​ម៉ារ​តុង​។ ​នៅពេល​ខាងមុខនេះ​កម្ពុជា​ ក៏បាន​ត្រៀមលក្ខណៈ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រ​កួត​កីឡា SEA GAME ហើយ​ក្រសួងទេសចរណ៍​ ក៏បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​”​ខ្ញុំ​ស្រឡាញ់​កីឡា កីឡា​យើង ជាតិ​យើង​”​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​យុវជន និង​ផ្នែក​ឯកជន​ចូលរួម​ឲ្យ​បាន​ច្រើន​ក្នុង​វិស័យ​កីឡា និង​យុទ្ធនាការ “​ខេត្ត​មួយ​កីឡា​ទេសចរណ៍​មួយ​”​៕​​