ព័ត៍មានទាន់​ហេតុការណ៏
Search

ជំរុញ​អភិវឌ្ឍន៍​ វិស័យ​អគ្គិសនី​ ទៅដល់​ខេត្ត​ចំនួន​១២ ​ដែលមិនទាន់មាន​បណ្ដាញអគ្គិសនី​គ្រប់គ្រាន់​

​ភ្នំពេញ ៖ ​ជាការ​ពិត​ខេត្ត​ចំនួន​១២ ​ដែល​នៅ​សេសសល់ ​ពុំទាន់​មាន​បណ្តាញ​ អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ រាជរដ្ឋាភិបាល​នឹង​ជំរុញ ការអភិវឌ្ឍ​​ប្រព័ន្ធ បណ្តាញ​ជាតិ​រួមមាន អនុ​ស្ថានីយ បណ្តាញ​បញ្ជូន​អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ចែកចាយ​អគ្គិសនី​បន្ថែមទៀត នៅក្នុង​ការរៀប ចំ​ផែនការមេ​ដើម្បី​ពិនិត្យឡើងវិញ អំពី​តុល្យភាព​ប្រភព​អគ្គិសនី ។​

នេះ​ជាការ​លើកឡើង​របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ក្នុងការ​ចូលរួម​ពិ​ព័រណ៍​ស្តីពី​ការអភិវឌ្ឍ​ និង​សមិទ្ធផល របស់​ក្រុមហ៊ុន​ចិន លើ​វិស័យ​ថាមពល​កម្ពុជា នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

លោក​បាន​ថ្លែងបន្តថា បញ្ហា​ផ្គត់ផ្គង់​អគ្គិសនី​មកដល់​ឆ្នាំ​២០១៦​នេះ បើ​សរុប​នៅ​ទូទាំងប្រទេស អគ្គិសនី​កម្ពុជា​បាន​គ្របដណ្តប់​លើ​ភូមិ ចំនួន​១០,៥៨៩​ភូមិ ត្រូវ​ជាង​៧៤% នៃ​ភូមិ​ទាំងអស់​របស់​កម្ពុជា​រួចហើយ ក្នុងនោះ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​អគ្គិសនី ភាវូបនីយកម្ម​របស់​រាជរដ្ឋាភិបាល​ធ្វើយ៉ាងណា​នៅ​ឆ្នាំ​២០២០ គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង មានការ​ផ្គត់ផ្គង់​អគ្គិសនី​គ្រប់កន្លែង​តែម្ដង​។​

ពាក់ព័ន្ធ​ការអភិវឌ្ឍន៍​លើ​វិស័យ​អគ្គិសនី​នេះ រាជរដ្ឋាភិបាល​មិន​ត្រឹមតែ​គិតគូរ​ធ្វើ​បច្ចុប្បន្ន ភាព​ផែនការមេ ដើម្បី​ពិនិត្យឡើងវិញ​អំពី​តុល្យភាព​នៃ​ប្រភព​អគ្គិសនី និង​សេចក្តីត្រូវការ​អគ្គិសនី​ប៉ុណ្ណោះ​ទេ រាជរដ្ឋាភិបាល បានរៀបចំ​ផែនការអភិវឌ្ឍន៍​ប្រភព​អគ្គិសនី​ថ្មីៗ​ទៀត ដើម្បី​រក្សាបាន​ស្ថិរភាព និង​សន្តិសុខ​ថាមពល​របស់​កម្ពុជា។ ​លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​បាន​កំពុង​ជំរុញការអភិវឌ្ឍ​ ​បណ្តាញ​ជាតិ ដែលមាន​អនុ​ស្ថានីយ បណ្តាញ​បញ្ជូន​អគ្គិសនី និង​ប្រព័ន្ធ បណ្តាញ​ចែកចាយ​បន្ថែមទៀត ដើម្បី​ឲ្យ​បណ្តាញ​ទាំងនោះ​គ្រប់​ដណ្តប់​តំបន់​នានា​ដែល​នៅ​សេសសល់​ដូចជា ខេត្តព្រៃវែង ស្វាយរៀង កោះកុង ប៉ៃលិន ក្រចេះ ស្ទឹងត្រែង កំពង់ធំ ត្បូងឃ្មុំ ព្រះវិហារ រតនគីរី មណ្ឌល​គី​រី និង​ខេត្ត​ឧ​ត្ត​មានជ័យ​។​

លោក​ស៊ុយ សែម បាន​ឲ្យ​ដឹង​ទៀតថា បន្ថែម​លើសពីនេះទៅទៀត សម្រាប់​គោលដៅ “​ឈានទៅ​សម្រេច ឲ្យ​បានការ​ផ្គត់ផ្គង់​ថាមពល​មួយ​គ្រប់គ្រាន់ ប្រកបដោយ​ចីរភាព ស្ថិរភាព គុណភាព និង​ថ្លៃ​កាន់តែ​ទាប ទូទាំង​ព្រះ រាជាណាចក្រ​កម្ពុជា​ដែលជា​ចក្ខុវិស័យ នៃ​វិស័យ​ថាមពល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការផ្តោត​យក​ចិត្ត ទុកដាក់​លើ​ការផ្គត់ផ្គង់​អគ្គិសនី និង​ខិតខំ​ធ្វើយ៉ាងណា​លើកកម្ពស់​សមធម៌ ក្នុងការ​ទទួល​សេវា​ផ្គត់ផ្គង់​អគ្គិសនី របស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ ។ ដើម្បី​ជំរុញ​តំបន់​ទាំងនោះ​ឲ្យ​មាន​អគ្គិសនី​ប្រើប្រាស់ និង​មានតម្លៃ​ប្រហាក់ ប្រហែល​ទីក្រុង គឺ​ការជួយ​ដល់​ការប្រើប្រាស់​អគ្គិសនី​របស់​គ្រួសារ​ក្រីក្រ​នៅ​តំបន់​ជនបទ និង​ជួយ​ដល់​ការប្រើប្រាស់​សម្រាប់ ការប្រកប​រប​កសិក​ម្ម​នៅ​ជនបទ​៕