ព័ត៍មានទាន់​ហេតុការណ៏
Search

ឃុំខ្លួន​លោក គឹម សុខ ចោទ​ពីបទញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​ដ្ឋជាអាទ៍​ និង​បទ​បរិហា​កេ​រ្ត៍​ជា​សាធារណៈ​ ​

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ចៅក្រម រស់ ពិ​សិ​ដ្ផ កាលពី​វេ​លា​ម៉ោង ១៥​និង​១៨​នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចេញ​ដីកា​ សម្រេច​ឃុំខ្លួន​លោក គឹម សុខ ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់ ចំនួន​ពីរ​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ។​

លោក​គឹម សុខ បាន​ចូល​មកដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១១ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេល​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​តុលាការ​បាន​បដិសេធ​មិនឲ្យលោក​គឹម សុខ​ពន្យា​ពេល​ក្នុងការ​ចូលខ្លួន។​

ព្រះរាជអាជ្ញា​បាន​សាកសួរ​លោក​គឹម សុខ អស់​រយៈពេល​ជាង​២​ម៉ោង ទើប​មានការ​ចោទប្រកាន់​លោក គឹម សុខ ពីបទញុះញង់​ឲ្យ មាន​ការរើសអើង និង​បទ​បរិហា​កេ​រ្ត៍​ជា​សាធារណៈ តាម​មាត្រា ៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ រួច​បញ្ជូន​ជន​ត្រូវ​ចោទ​ឲ្យ​ចៅក្រម​ចា​ត់​ការបន្ត​តាម​នីតិវិធី ។​

ក្នុងពេល​តុលាការ​កំពុង​សាកសួរ​លោក​គឹម សុខ នៅ​ខាងក្រៅ​តុលាការ ​មាន​ក្រុមអ្នកតវ៉ា​ច្រើន​រយ​នាក់​បានមក​ទាមទារឲ្យ ​តុលាការ​ដោះលែង​លោក​គឹម សុខ ឲ្យមាន​សេរីភាព​វិញ។​

កង​នគរបាល​ស្លៀកពាក់​ស៊ី​វិល និង​ឯក​ស​ណ្ឋា​ន​ច្រើន​នាក់​ ត្រូវបាន​គេ​បញ្ជូនមក​ការពារ​បរិវេណ​ជុំវិញ​តុលាការ និង​សន្តិសុខ​មន្ត្រី​តុលាការ ។ អ្នកកាសែត​ជាតិ ​និង​អន្តរជាតិ​ ក៏មាន​ចំណាប់​អារ​ម្មរណ៍​ពី​ករណី​លោក គឹម សុខ​ដែរ​ ហើយ​ពួកគេ​បានមក​តាមមើល​ការអនុវត្ត​នីតិវិធីរ​បស់​តុលាការ​ ដើម្បី​យក​ព័ត៌​មាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684