ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ស្រុក​ស្វាយ​លើ​ បង្ក្រាប​ទីតាំង​ជល់​មាន់​ចល័ត​មួយ​កន្លែង​ ចំណែក​អ្នកលេង​រត់​គេច​ខ្លួន​បាត់​អស់

សៀមរាប ​៖ ​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ​ និង ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​លើ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ ទីតាំង​ជល់​មាន់​ចល័ត​ដោយ​លួចលាក់​មួយ​កន្លែង ​និង ​ដកហូត​យក​វត្ថុ​តាង​មួយ​ចំនួន ឯ​អ្នកលេង​បាននាំគ្នា​រត់​បាត់​ស្រមោល​អស់។

ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ទី​១៧​ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ខ្នារ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។

លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ សមត្ថកិច្ច​នគរបាល​របស់​លោក​បាន​ចាប់បាន​វត្ថុតាង​ដូចជា ជញ្ជីង​ដឹក​មាន់​ចំនួន​០១​គ្រឿង មាន់​ជល់​០២​ក្បាល ម៉ូតូ​ចំនួន​០៨​គ្រឿង​ចំពោះ​អ្នក​ដែល​ញៀន​ល្បែង​បញ្ជល់​មាន់​នេះ​បាននាំគ្នា​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ចំពោះ​វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​ ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា​អប់រំ​ជំហាន​ដំបូង​ បើ​ករណី​នៅ​មិន​រាងចាល​ទេ​សមត្ថកិច្ច​នគរបាល​ នឹង​អនុវត្ត​តាម​វិធានការ​ច្បាប់​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា​ មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់​មាន់​នេះ​ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាច្រើនលើក​មក​ហើយ​ ទើប​ឈាន​ដល់​ការ​បង្ក្រាប​ដោយសារតែ​ក្រុម​អ្នក​ញៀន​ល្បែង​នេះ​ តែងតែ​នាំគ្នា​ចល័ត​ទីតាំង​ជល់​មាន់​ជា​រៀង​រហូត​ជាពិសេស​ពេល​ម៉ោង​១១​តែ​ម្តង ដែល​ជា​ពេលវេលា​របស់​បងប្អូន​ក៏ដូចជា​សមត្ថកិច្ច​រប​ស់​សម្រាក​ពេលបាយ​ថ្ងៃត្រង់​តែ​ម្តង​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684