ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​រដ្ឋមន្ត្រី ​ចង់​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ​ជូន​កម្មករ​នៅ​ខែ​ទី​១៣ ​ឬ ប្រចាំខែ​តែម្តង

ភ្នំពេញ ​៖ ​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ដល់​កម្មករ​និយោជិក​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ មានបំណង​ចង់​ឲ្យ​ថៅកែ​រោងចក្រ​ បើកប្រាក់​ខែ​ពីរ​ដង​ក្នុង​១​ខែ​ និង​បើកប្រាក់​ផលប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​នៅ​ខែ​ទី​១៣​ឬ​បើក​ប្រចាំខែ​តែម្តង។

លោក ​អ៊ិត ​សំហេង​ បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ទីស្ដីការក្រសួង​ការងារ​ឲ្យ​ដឹង​ទៀត​ថា ​កន្លងមក​មាន​ការ​ចោទ​គ្នា​ទៅវិញទៅមក​រវាង​សហជីព​ និង ​និយោជក​រឿង​កិច្ចសន្យាការងារ​នេះ ​នៅ​ពេល​មាន​បញ្ហា​បញ្ចប់​កិច្ចសន្យាការងារ​អី​មួយ​ជាមួយ​សហជីព ​សហជីព​បាន​បង្កើត​ទៅជា​បញ្ហា​កូដកម្ម​បាតុកម្ម​។ ដូចនេះ​យើង​នឹង​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ​ដោយមាន​ការចូលរួម​ពិភាក្សា​ជា​លក្ខណៈ​ត្រីភាគី​ដែល​មាន​ភាគី​សហជីព ភាគី​សមាគម​រោងចក្រ​កាត់ដេរ​និង​ក្រសួង​ការងារ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ចំពោះ​ប្រាក់​ឈ្នួល​យើង​បាន​កំណត់​មួយ​ខែ​បើក​ម្តង​ហើយ​មានតែ​នៅ​កម្ពុជា​ ដែល​ធ្វើ​ដូចនេះ​តែ​នៅ​ស្រុក​គេ​ខ្លះ​បើក​២​ដង​ក្នុង​១​ខែ​។ ធ្វើ​យ៉ាង​នេះ​កុំ​ឲ្យ​មាន​ហានិភ័យ​បើ​ថៅកែ​រត់​ក៏​កម្មករ​ទទួល​បាន​ប្រាក់​ខ្លះ​ហើយ​ដែរ​។ បញ្ហា​នេះ​យើង​នឹង​ពិភាក្សា​គ្នា​ត្រីភាគី​ដែរ​ដោយ​ទុក​ពេល​វេលា​សមស្រប​ដើម្បី​សហគ្រាស​គ្រឹះស្ថាន​រៀបចំ​ប្រព័ន្ធ​គណនេយ្យ​របស់​គេ​ការផ្ទេរ​ថវិកា​សម្រាប់​អនុវត្ត​បើកប្រាក់​ខែ​ ដល់ក​ម្មករ​។

លោក​បាន​បន្ត​ទៀត​ថា ​«​តាមពិត​គោលការណ៍​យើង​បាន​រៀប​ចំ​យូរហើយ​តែ​ធ្វើ​មិន​ទាន់​បាន។ ឥឡូវនេះ​យើង​មិន​អាច​ទុក​បាន​ទៀត​ទេ​ត្រូវតែ​ខិតខំ​រៀបចំ​»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ​លោក កាំ​ង ម៉ូ​នី​កា អ្នកនាំពាក្យ និង ជា​អគ្គលេខាធិការ​រង របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លើកឡើង​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិយាកាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ដែល​អាចជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ថមថយ​ការ​វិនិយោគ​ក៏​អាច​បាន​។ ហើយ​បញ្ហា​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ និង​ស្បែកជើង​នោះ​ទេ តែ​វិស័យ​ផ្សេងទៀត​ក៏មាន​បញ្ហា​ដែរ។

លោក​បន្ត​ថា ការ​បើកប្រាក់​ឈ្នួល ២​ដង​ក្នុង​ខែ​នេះ​ វា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​រោងចក្រ​ដែល​មាន​បុគ្គលិក​រាប់​ម៉ឺន​នាក់ ខណៈ​ដែល​រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា មិន​មាន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ធ្វើ​ការ​បើក​ប្រាក់ខែ​នោះ​ទេ។ ហើយ​នេះ​វា​ជា​បន្ទុក​ធ្ងន់ធ្ងរ​មួយទៀត ចំពោះ​ការងារ​រដ្ឋបាល។

ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ និយាយ​ថា ជា​ការ​ពិត​ថា អ្វី​ដែល​ក្រសួង​ការងារ​បាន​លើក​ឡើង​ខាងលើ វា​ជា​ផ្នែក​មួយ​ដែរ​ នៃ​ការ​ជួយ​ការពារ​ទៅដល់​កម្មករ​។ ប៉ុន្តែ​ក៏​មាន​កម្មករ​ភាគច្រើន មិន​ពេញចិត្ត​ចំពោះ​ការ​បើកប្រាក់ ២​ដង​ក្នុង​មួយខែ​នេះ​ដែរ​។

លោក​ប៉ាវ ស៊ីណា បញ្ជាក់​ថា លោក​មិន​ជំទាស់​នូវ​អ្វី​ដែល​ជា​គោលការណ៍​រប​ស់​រដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​យល់ថា ​ក្រសួង​ការងារ​គួរ​កោះហៅ​សហជីព​ទាំងអស់ ដើម្បី​មក​ប្រជុំ​ផ្សព្វផ្សាយ ប្រាប់​ពី​គោលបំណង​ដែល​ក្រសួង​ចង់​ធ្វើ​វិសោធនកម្ម​ទៅលើ​មាត្រា​ណាមួយ ដើម្បី​ឲ្យ​សហជីព​យក​ព័ត៌មាន​ទៅ​ប្រាប់​ដល់​សមាជិក និង ថ្នាក់ដឹកនាំ​សហជីព​នៅ​តាម​មូលដ្ឋាន​របស់​គាត់ ថា​តើ​គាំទ្រ ឬ​មិន​គាំទ្រ។ ហើយ​នេះ​ចំណុច​សំខាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​នៅពេលដែល​ច្បាប់​អនុវត្ត​ហើយ។

​លោក​អ៊ិត ​សំហេង ​បាន​បញ្ជាក់​ទៀត​ថា ​រីឯ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ​និយោជិត​បើ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​កាន់តែ​យូរ​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​កាន់តែច្រើន​ដែរ​។ បើ​រោងចក្រ​មួយ​មាន​កម្មករ​ធ្វើការ​រាប់​ពាន់នាក់ ​បើ​បូក​ទាំង​ប្រាក់​ឈ្នួល​ និង ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​គឺ​ច្រើន​ណាស់​ពោល​គឺ​ស្មើនឹង​ម៉ាស៊ីន​រោងចក្រ​ទាំងមូល​។ អីចឹង​ហើយ​បានជា​មាន​ថៅកែ​ខ្លះ​រត់ចោល​កម្មករ​បង្កើត​ជា​បញ្ហា។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា ​«​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ យើង​ត្រូវ​យក​មក​គិត​ហើយ​ធ្វើ​យ៉ាង​រក​ដំណោះស្រាយ​ដើម្បី​កុំ​ឲ្យ​ថៅកែ​រោងចក្រ​ជំពាក់​កម្មករ​ច្រើនពេក ​ដូចជា​ត្រូវ​ដាក់​នៅ​ក្នុង​ខែ​ទី​១៣​ ឬមួយ​ផ្តល់​ឲ្យ​ប្រចាំខែ​តែម្តង ​ដើម្បី​ធានា​ថា ​ពេល​បិទ​រោងចក្រ​ទៅ​មិន​មាន​បញ្ហា​អ្វី​ដល់​កម្មករ​ទេ​ហើយ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០១៧​នេះ​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684