ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ម៉ុង កា​ណែ​ត ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ក្រិន​ថ្លើម​ប្រភេទ​C ​បន្ត​អំពាវនាវ​សុំ​ការជួយ​សង្គ្រោះ​ជីវិត

ភ្នំពេញ ​៖ ​អតីត​អ្នក​ថត​ភាពយន្ត​(Camaraman)​ល្បីឈ្មោះ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៩០ ​ដែល​តារាភាពយន្ត​ជាច្រើន​ល្បី​នៅ​ជំនាន់​នោះ​ធ្លាប់​បាន​ស្គាល់ ​គឺ ​លោក ម៉ុង កា​ណែ​ត​ បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​របស់​លោក​កាន់តែ​វិវឌ្ឍន៍​ធ្ងន់ធ្ងរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ខណៈ​ក្រុម​គ្រួសារ​កំពុង​ខ្វះ​លទ្ធភាព​ដើម្បី​បញ្ជូនទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរ​ពេទ្យ​ផង​នោះ។

ថ្លែងប្រាប់​កម្ពុជា​ថ្មី​ តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ អតីត​អ្នក​ថត​ភាពយន្ត​លោក ម៉ុង កា​ណែ​ត បាន​និយាយ​ទាំង​ទឹកភ្នែក​និង​សំឡេង​ខ្សាវៗ​ថា ប្អូន អើយ !​ ពេលនេះ​ជំងឺ​បង​គឺ​គ្មាន​ធូរ​ស្រាល​ទេ គឺ​កាន់តែ​ធ្ងន់​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ហូប​អ្វី​ក៏​មិនបាន​គេង​ក៏​មិន​លក់​ដែរ​ចេះតែ​ចាក់​ដោត​ធ្វើទុក្ខ​ពេញ​ឆ្អឹងខ្នង​តែម្តង។

​លោក ម៉ុង កា​ណែ​ត បាន​និយាយ​ទៀត​ថា ខ្ញុំ​បាន​ព្យាយាម​ទៅ​ពេទ្យ​ជា​បន្តបន្ទាប់​តែ​លទ្ធផល​បានត្រឹម​តែ​គេ​ឲ្យ​ថ្នាំ​បំបាត់​ការឈឺចាប់​មក​លេប​តែប៉ុណ្ណោះ​។ ម្យ៉ាងទៀត​ពេលនេះ​គ្រួសារ​ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​បន្ត​ដើម្បី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ទៀត​ដែរ ​គឺ​បាន​ត្រឹមតែ​ផឹក​ថ្នាំខ្មែរ​ហ្នឹង ​ហេតុនេះ​ខ្ញុំ​សូម​អំពាវនាវ​ស្នើ​សុំ​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ឧបត្ថម្ភ​ជួយ​សម្រាល​ការ​ព្យាបាល​នេះ​ផង។

អតីត​អ្នក​ថត​ភាពយន្ត​(Camaraman)​លោក ម៉ុង កា​ណែ​ត បាន​បញ្ជាក់​ថា គិត​រហូត​មក​ទល់​ពេល​នេះ​លោក​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ជាង​១​ខែ​ ហើយ​ដោយ​ក្នុង​នោះ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​។

ខណៈ​មាន​ហេតុផល​ចំនួន​ពីរ​យ៉ាង​ គឺ​មួយ​ក្រុម​គ្រូពេទ្យ​និយាយ​ថា ​គ្មាន​ថ្នាំ​ណា​ល្អ​សម្រាប់​ព្យាបាល​ទេ​ ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ និង ​ទី​ពីរ​គឺ​គ្មាន​លទ្ធភាព​បន្ត​ការ​ព្យាបាល​ទើប​ជម្រើស​យក​ការ​ព្យាបាល​តាមរយៈ​ឱសថ​បុរាណ​ខ្មែរ​វិញ​ម្តង។

ជា​មួយ​គ្នា​នេះ​ លោក ម៉ុង កា​ណែ​ត ក៏បាន​អំពាវនាវ​ផង​ដែរ សូម​ក្តី​មេត្តា​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​សប្បុរសជន​នានា​ទាំង​រស់នៅ​ក្នុងស្រុក​ និង ​ក្រៅ​ស្រុក​ ឲ្យ​ជួយឧបត្ថម្ភ​ប្រាក់​ព្យាបាល​ជំងឺ​គាត់​ផង ​ដើម្បី​បាន​បន្ត​ជីវិត​រស់នៅ​ចិញ្ចឹម ​និង ​មើលថែ​កូនប្រុស​-​ស្រី​ ចំនួន​ពីរ​នាក់ ​ដែល​កំពុង​តែបន្ត​ការសិក្សា​។ ដូច្នេះ​បើ​សប្បុរសជន​មាន​ក្តី​អាណិត​ចង់​ឧបត្ថម្ភ​ជួយ​ដល់​លោក ម៉ុង កា​ណែ​ត អាច​ទាក់​ទង​តាមរយៈ​លេខ​ទូរស័ព្ទ​របស់​គាត់​ផ្ទាល់​គឺ ០៩៨ ៣៨៨ ០០០៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684