ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថានទូត​កម្ពុជា ​នៅ​ម៉ាឡេស៊ី​ជួយ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី​ខ្មែរ​២​នាក់​មក​មាតុប្រទេស​វិញ

ភ្នំពេញ​ ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​ជួយ​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពល​ការិនី​ខ្មែរ​ចំនួន​២​នាក់ មក​មាតុប្រទេស​វិញ។

តាម​លោក ជុំ សុន្ទរី ពល​ការិនី​ខ្មែរ​ចំនួន​២​នាក់​នោះ គឺ​ទី​១, ពល​ការិនី ផ​.​ច​.​ថ អាយុ​៥០​ឆ្នាំ មកពី​ខេត្តកំពង់ឆ្នាំង បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​កាត់​តាម​ព្រំដែន​ថៃ​ទៅ​ម៉ាឡេស៊ី ធ្វើការ​ជា​អ្នក​បោសសម្អាត នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ តាមរយៈ​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា​។ ដោយ​ធ្វើ​ការ​លំបាក គាត់​បាន​ស្នើសុំ​ស្ថានទូត​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧ ជួយ​ទាមទារ​ប្រាក់ខែ​ដែល​នៅសល់​ពី​និយោជក និង​ជួយ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​។

ក្រោម​កិច្ច​អន្តរាគមន៍​របស់​ស្ថានទូត និយោជក​បាន​យល់ព្រម​ប្រគល់​ប្រាក់ខែ​ដែល​នៅសល់ និង​លិខិតឆ្លងដែន​ជូន​ពល​ការិនី នៅ​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៧។

ទី​២, ពល​ការិនី ថ​.​ស​.​ធ អាយុ​៣៦​ឆ្នាំ មកពី​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ធ្វើ​ដំណើរ​ដោយ​ខុសច្បាប់​តាម​រថយន្ត​កាត់​តាម​ព្រំដែន​ថៃ​ទៅ​ម៉ាឡេស៊ី ដើម្បី​ធ្វើ​ការងារ​តាម​ផ្ទះ តាំងពី​ខែកញ្ញា ឆ្នាំ២០១៦​។ ដោយ​ចង់​ត្រឡប់​មក​កម្ពុជា​វិញ នាង​បាន​ស្នើ​ស្ថានទូត​ជួយ​សម្រួល​នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ២០១៧​។ ស្ថានទូត​បាន​សម្របសម្រួល​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ពល​ការិនី​អាច​ធ្វើ ដំណើរ​មក​កម្ពុជា។

ពល​ការិនី ផ​.​ច​.​ថ និង ថ​.​ស​.​ធ នឹង​មកដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧ និង​៥០​នាទី​ព្រឹក តាម​ជើងយន្តហោះ​AK536​។ ក្នុងអំឡុងពេល​រង់ចាំ​ត្រឡប់​មក​កម្ពុជា ស្ថានទូត​បាន​ផ្តល់​ការ​ស្នាក់នៅ​ និង​អាហារ​បរិភោគ​ជូន​ដល់​ពល​ការិនី​ទាំង​២​នាក់​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684