ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រកម្ពុជា ស្តេចយាង​ចូលក្នុង​ព្រះរាជ​ពិធី​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ​ថ្មី​វត្ត​ស្វាយដង្គុំ ខេត្តសៀមរាប​

​សៀមរាប ៖ ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃ​សុក្រ​ទី​១៧​ ខែ​កុ​ម្ភៈ ​ត្រូវ​នឹង​ថ្ងៃ ៦​រោច​ ខែមាឃ ​ឆ្នាំវក​អដ្ឋស័ក​២៥៦០ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​ជា​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់​ខ្ពស់បំផុត​ក្នុង​ព្រះរាជ​ពិធី​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ​ថ្មី​វត្ត​ស្វាយដង្គុំ ​ស្ថិតនៅក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ខេត្តសៀមរាប។​


នៅក្នុង​ព្រះរាជ​ពិធី​កាត់​ឫស​សីមា​ឆ្លង​ព្រះវិហារ​ថ្មី​វត្ត​ស្វាយដង្គុំ​ព្រះករុណា​ជា​អម្ចាស់ ជីវិត​តម្កល់​លើ​ត្បូង​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មាន​ព្រះរាជសារ​ថា សមិទ្ធផល​នេះ​ជា​មហា​សាមគ្គី​របស់​ប្រជាជាតិ​កម្ពុជា​យើង​រួមគ្នា​គោរព​ព្រះពុទ្ធសាសនា ដែលមាន​ព្រះធម៌​ជា​មា​គ៌ាដឹកនាំ​សត្វលោក​ទៅកាន់​ទៅកាន់​សេចក្តីសុខ សន្តិភាព ស្រឡាញ់​សេចក្តី​ស្ងប់ និង​ចេះ​ជួយ​គ្នា​យកអាស្សា​គ្នា​។​

​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​ព្រះរាជ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហមុនី ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្តេចយាង​ចូលរួម​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​កាត់​ឫ​សសី​មា​នាទី​អារាម​វត្ត​ស្វាយដង្គំ នាពេលនេះ​។

លោកអភិបាល ​បាន​បញ្ជាក់ថា​ សមិទ្ធផល​ការងារ​សំខាន់ៗ​ជាច្រើន​ដែល​សម្រេចបាន​របស់​ខេត្តសៀមរាប​នាពេល​កន្លងមក​ស្ថិតក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់ត្រជុំ​របស់​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ក្នុងនោះ​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​បច្ចុប្បន្ននេះ​នៅ​ទូទាំង​ខេត្តសៀមរាប​មាន​វត្ត​ចំនួន ២៣៨ វត្ត និង​អាស្រម​ចំនួន ២៥ កន្លែង​។ ព្រះសង្ឃ​ចំនួន ៤៩២០ អង្គ អាចារ្យ​មាន ៦៦៤ នាក់ គណៈកម្មការ​វត្តមាន​ចំនួន​១៧២៧ នាក់​។ មណ្ឌល​វិបស្សនាធុរៈ​មាន ២១ កន្លែង មាន​ព្រះសង្ឃ​សីលវន្ត សីលវន្តី ចំនួន ៥៤៧ នាក់​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684