ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​សម្រេច​ឲ្យ​រៀបចំ​តំបន់​អា​រ៉ែ​ង​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដោយ​មិន​អនុញ្ញាត​សង់វា​រី​អគ្គិសនី​ឡើយ

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​កែច្នៃ​តំបន់​អា​រ៉ែ​ង​ទៅជា​តំបន់​ទេសចរណ៍​ធម្មជាតិ ដោយ​មិន​អនុញ្ញាត​ឲ្យធ្វើ​វា​រី​អគ្គិសនី​នៅ​តំបន់​នេះ​ឡើយ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​រប​ស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ។

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា «​តំបន់​អា​រ៉ៃ​មិន​ត្រូវធ្វើ​វា​រី​អគ្គិសនី​ទេ តែ​ត្រូវ​ធ្វើជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ ​«​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​១៧ កុម្ភៈ ២០១៧»។

តាម​ការសិក្សា​របស់​វិទ្យាស្ថាន​វារី​អគ្គិសនី​របស់​ប្រទេស​ចិន​បង្ហាញ​ថា ពិតមែន​តែ​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ជាយ​អា​រ៉ែ​ង មាន​អនុភាព​ដំឡើង​ត្រឹម ១០៨ មេ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​នឹង​ដំណើរការ​ពេញ​មួយឆ្នាំ​ដែល​ធ្វើ​ឲ្យ​បរិមាណ​ថាមពល​ផលិត​បាន​ប្រចាំឆ្នាំ​រហូតដល់ ៥៩៥ លាន​គីឡូវ៉ាត់ម៉ោង​គឺ​ច្រើនជាង​វា​រី​អគ្គិសនី​កំចាយ ដែល​ផលិត​បានតែ ៤៩៨ លាន​គីឡូវ៉ាត់ម៉ោង​បើ​ទោះជា​វា​រី​អគ្គិសនី​កំចាយ​មាន​អនុភាព​ដល់​ទៅ​១៩៥ មេ​ហ្កា​វ៉ា​ត់​ក៏ដោយ។

ផលប្រយោជន៍​ផ្សេងៗ​ដែល​ទទួល​បាន​ពី​ទំ​បន់​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង​នេះ​ មាន​ដូច​ជា​ការ​ការពារ​ទឹកជំនន់​តំបន់​ព្រែក​ត្រពាំងរូង​ ដែល​បច្ចុប្បន្ន​តែងតែ​កើតមាន​ជា​រៀងរាល់​រដូវវស្សា​ទទួល​បាន​ប្រាក់ចំណូល​ពន្ធ​ពី​ការ​វិនិយោគ​គម្រោង​បង្កើត​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​នៃ​ការសាងសង់ និង ដំណើរការ​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​អុស​និង​ធ្យូង កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បង្កើត​ការ​ចិញ្ចឹម​ត្រី និង ប្រព័ន្ធ​វប្បកម្ម​នៅ​ក្នុង​អាងទឹក​គម្រោង។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ២០១៥ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ផ្ញើ​លិខិត​ឆ្លើយតប​មួយ​ទៅ​រដ្ឋសភា​ជាតិ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ក្នុង​លិខិត​នោះ​ថា “​តំបន់​ស្នើសុំ​សាងសង់​វា​រី​អគ្គិសនី​អា​រ៉ែ​ង គឺ ជា​តំបន់​ព្រៃស្រោង និង ព្រៃ​ពាក់កណ្តាល​ស្រោង ដែល​សម្បូរ​ធនធាន​ព្រៃឈើ និង ជីវម្រុះ​ជាពិសេស​ប្រភេទ​ឈើ និង​សត្វ មាន​ដោយ​កម្រ​និង​ជិត​ផុត​ពូជ​រួម​ទាំង​ត្រី​នាគ​ផង​ដែរ។ រហូតមកដល់​ពេលនេះ​រាជរដ្ឋាភិបាល​ពុំ​ធ្លាប់​អនុញ្ញាត​ឲ្យ​កាប់​ព្រៃឈើ​ឡើយ​នៅ​តំបន់​អា​រ៉ែ​ង ហើយ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​និង​កំពុង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​អភិវឌ្ឍ​និង​ការពារ​ធនធានធម្មជាតិ​នោះ​ដោយ​យកចិត្តទុកដាក់​បំផុត​។

ក្នុងន័យ​នេះ រាជរដ្ឋាភិបាល​យល់ថា​គោលការណ៍​ដែល​រាជរដ្ឋាភិបាល​កំពុងប្រកាន់​យក​គឺមាន​ជំហរ​ស្របគ្នា​នឹង​ក្តីកង្វល់ ដែល​បានលើកឡើង។

នៅ​ក្នុង​លិខិត​ដដែល​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា « បើ​ទោះ​បី​ជា​មាន ​ឬ ​គ្មាន​គម្រោង​វា​រី​អគ្គិសនី​នេះ​ក៏ដោយ ការ​ប្រែក្លាយ​តំបន់​អា​រ៉ែ​ង​ជា​តំបន់​អេកូ​ទេសចរណ៍​គឺជា​របៀបវារៈ​ដែល​រាជរដ្ឋាភិបាល​កំពុង​គិតគូរ និង ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​»​។

ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​ទៀត​ថា «​រាជរដ្ឋាភិបាល​តែងតែ​ប្រកាន់យក​គោលការណ៍​នៃ​ការ​រក្សា​តុល្យភាព​រវាង​ការអភិវឌ្ឍ និង ការអភិរក្ស​លើ​គ្រប់​វិស័យ​រួម​ទាំង​ការគ្រប់គ្រង​ធនធានធម្មជាតិ ដោយ​ធានា​នូវ​គម្រប​បៃតង​ការ​អភិរក្ស​ព្រៃឈើ និង សត្វព្រៃ ការធានា​ចីរភាព​នៃ​ធនធាន​ជលផល​ការរក្សា​ចីរភាព​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​ធានា​គុណភាព​ដី និង ចីរភាព​នៃ​ប្រភពទឹក ដោយ​ផ្តោតលើ​ការ​ការពារ​ជីវៈ​ចម្រុះ តំបន់​ដី​សើម​និង​តំបន់​ឆ្នេរ។

រាជរដ្ឋាភិបាល​មិន​មាន​ទស្សនៈ​ដាច់ខាត​ចំពោះ​បញ្ហា​អភិរក្ស​ហើយក៏​មិន​ប្រកាន់​នូវ​ទស្សនៈ​នៃ​ការ​អភិវឌ្ឍ​ផ្កាប់មុខ​នោះដែរ​»។

តំបន់​អា​រ៉ែ​ង​ដែល​ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​នោះ ត្រូវបាន​ក្រសួង​រ៉ែ និង ថាមពល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន ៣ ចាប់​តាំង​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១០ និង​ពី ២០១០ ដល់ ២០១៣ ហើយ​ចុងក្រោយ​គឺ​ក្រុមហ៊ុន​ស៊ី​ណូ​ហាយ​ដ្រូ បាន​ទទួល​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើការ​សិក្សា​នៅ​ឆ្នាំ២០១៤​ដោយ ចាប់ពី​ខែកុម្ភៈ​រហូតដល់​ខែកញ្ញា​ដើម្បី​ធ្វើ​វា​រី​អគ្គិសនី​ដែល​អាច​រំពឹង​ថា នឹង​ផលិត​ថាមពល​ចំនួន ៥០ មេ​ហ្កា​វ៉ា​ត់​នៅ​រដូវប្រាំង និង​១០៨​មេ​ហ្កា​វ៉ា​ត់​នៅ​រដូវវស្សា។

តាម​របាយការណ៍ នៅ​តំបន់​អា​រ៉ែ​ង​មាន​ទីតាំង​ទេសចរណ៍​ជាង ២៥ កន្លែង។ តំបន់​អា​រ៉ែ​ង​ជា​តំបន់​ដែល​នៅ​សេសសល់​ធនធានធម្មជាតិ និង សត្វ​កម្រ​ជាង ៣០ ប្រភេទ ហើយក៏​ជា​តំបន់​ព្រៃឈើ​ចុងក្រោយ​របស់​កម្ពុជា​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684