ព័ត៍មានទាន់​ហេតុការណ៏
Search

ទោះបី​រុះរើ​ផ្ទះ​ចោល​ជាង​៧០​បន្ទប់​ នៅ​ភូមិ​ត្រពាំង​ឈូកនៅ​តែ​មាន​លក់​ថ្នាំញៀន​ដដែល សមត្ថកិច្ច​ឃាត់ខ្លួន​៤​នាក់

ភ្នំពេញ ៖ យុទ្ធនាការ​បង្ក្រាប​ថ្នាំញៀន ឲ្យ​អស់​ទាំងស្រុង នៅ​ភូមិ​ត្រពាំង​ឈូក​ឥឡូវ​ប្តូរ​មក​ឈ្មោះ ភូមិ​បុរី​កម្មករ មាន​ទីតាំងនៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ទោះបី​សមត្ថ​កិច្ច​ខិតខំ រុះរើ​ផ្ទះ​ជួល​ពាក់​ព័​ន្ធ ចោល​ជាង​៧០​ខ្នង កាលពីដើម​សប្តាហ៍​នេះ​ក្តី ឥឡូវ​នៅ​តែ​មាន​ជន​សង្គម​ងងឹត​នាំ​យក​ថ្នាំញៀន​មក​លក់​នៅ​ទីនោះ​ដដែល​ទៀត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ និង ​ថ្នាំញៀន​រាប់​សិប​គ្រាប់​ និង​ កញ្ចប់​បន្ថែម​ទៀត កាលពី​វេលា​ម៉ោង​១៩​កន្លះ​យប់​ថ្ងៃ​ទី​១៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៧។

លោក ម៉ក់ ហុង​អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​និយាយថា នៅ​ក្នុង​ចំណោម ក្រុម​ជនសង្ស័យ​ទាំង​៤​នាក់ នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជួញដូរ​ម្នាក់ ឈ្មោះ​ប៉ូ ហ្គិ​ច​ម៉េង ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រកឃើញ​និង​រឹបអូស​បាន​ថ្នាំញៀន​ពី​ជន​នេះ​នូវ​ថ្នាំញៀន​ប្រភេទ​ស​ថ្លា​ ចំនួន​១៤​កញ្ចប់​តូច និង​ថ្នាំ​ប្រភេទ​ពណ៌​ផ្កាឈូក​WY ចំនួន​២០​គ្រាប់​ទៀត​។

ចំណែក​ជន​៣​នាក់​ទៀត​ ជា​អ្នកប្រើប្រាស់​ថ្នាំញៀន​ដោយ​ខុសច្បាប់ ដែល​ពួកគេ​ខាងលើ​នោះ​មានឈ្មោះ​១/​ឈ្មោះ ប៉ូ ហ្គ្រិ​ច​ម៉េង ភេទ​ស្រី អាយុ ៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ ផ្ទះ​ជួល សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ (​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។ ២/​ឈ្មោះ សន វ៉ាន់​នឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​បឹងគ្រើល សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។ ៣/​ឈ្មោះ ស្រ៊ុន មករា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល ភូមិ​បូរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។ ៤/ ឈ្មោះ វណ្ណ រតនៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​មាន​លំនៅឋាន ភូមិ​បឹង​គ្រើល សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ពួកគេ​ទាំងនោះ​ធ្វើឡើង​ដោយ​កម្លាំង​របស់​អធិការដ្ឋាន​នគរ​បា​ល​ខ​ណ្ឌ​សែន​សុខ ដឹកនាំ​ដោយ លោក ម៉ក់ ហុង ជា​អធិការ និង​ដោយ​បញ្ជា​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ បន្ទាប់មក​កម្លាំង​ប្រតិបត្តិការ​បាន​ចុះ​បង្ក្រាប​ជាក់​ស្តែង ​នៅ​ក្នុង​ភូមិ​បូរី​កម្មករ​(​សង្កាត់​ទឹកថ្លា​) ឃាត់​ជនសង្ស័យ​បាន ចំនួន ០៤​នាក់​(​ស្រី ០១​នាក់​) ដែល​កំពុង​ដើរ​ប៉ុនប៉ង​រក​ទិញ​ថ្នាំញៀន​ជក់ ក្នុង​នោះ​ជនសង្ស័យ​ឈ្មោះ ប៉ូ ហ្គ្រិ​ច​ម៉េង សមត្ថកិច្ច​យើង​បាន​ឆែកឆេរ​នៅ​លើ​ដងខ្លួន ឃើញ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៤​កញ្ចប់​ថង់​តូច និង​ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ចំនួន ២០​គ្រាប់ ដែល​ជនសង្ស័យ​ឈ្មោះ ប៉ូ ហ្គ្រិ​ច​ម៉េង កាន់​ក្តាប់​នៅ​នឹង​ដៃ​ខាងឆ្វេង សមត្ថកិច្ច​ក៏​ធ្វើការ​ដកហូត​ដាក់​ក្នុង​ស្រោមសំបុត្រ ដោយ​ឲ្យ​ជនសង្ស័យ​ផ្តិតមេដៃ​ទទួលស្គាល់ បន្ទាប់មក​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង ០៤​នាក់​(​ស្រី​ម្នាក់​) យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ធ្វើតេស្ដ​ទឹកនោម​ស្វែងរក សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង ០៤​នាក់ (​ស្រី ០១​នាក់​) ជា​លទ្ធផល ជនសង្ស័យ​ទាំង ០៤​នាក់​(​ស្រីម្នាក់​) មាន​សារធាតុ​ញៀន នៅ​ក្នុង​ទឹកនោម​ទាំងអស់​គ្នា ទើប​ឃាត់ខ្លួន​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​តែម្តង។

កាលពី​ថ្ងៃទី​១១ ខែ​កុ​ម្ភៈ​នេះ លោក បឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ចំរុះ​របស់​លោក រួមមាន​ប៉ូលិស​ប៉េអិម និង​កម្លាំង​សន្តិសុខ សណ្តាប់​ធ្នាប់​របស់​ខណ្ឌ​សរុប​ជាង​៣០០​នាក់ បាន​មក​រុះរើ​ផ្ទះ​ជួល​ចំនួន​៧៣​បន្ទប់​ចោល បន្ទាប់ពី​រកឃើញ​ថា មាន​ពាក់​ព័​ន្ធ​ជួល​ឲ្យ​ក្រុម​ជន​សង្គម​ងងឹត​ជួញដូរ ​និង ​ប្រើប្រាស់​ថ្នាំញៀន ដុះស្លែ​នៅ​ទីនោះ​រួចមក តែ​មុន​ពេល​រុះរើ​លោក​ក៏បាន​ជូនដំណឹង​លាយលក្ខណ៍​ជា​អក្សរ​ផង​ដែរ ឲ្យ​ម្ចាស់​មក​រុះរើ​ដោយ​ខ្លួនឯង តែ​ម្ចាស់​ចចេស​រឹងរូស អាង​ខ្សែ អាង​អំណាច អ្នកខ្លះ​ជា​ប៉ូលិស​យាម​គុក​ព្រៃ​ស អ្នកខ្លះ​មន្ត្រី​តុលាការ អ្នកខ្លះ​ជា​អ្នកកាសែត និង​ទាហាន ប៉េអិម​ ប៉ុន្តែ​ដោយសារ​នេះ​ជាគោលការណ៍ របស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី​ផង​នោះ ទើប​មិន​មាន​អ្នកណា​ហ៊ាន​ខ្លាំង​ដូច​មុន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684